ថៃ៖ពៅ បញ្ញាពេជ្រ នៅតែបន្ដព្យបាលជំងឺនៅមណ្ឌុលចនាមួយនៅខេត្តអ៊ូប៊ុនប្រទេសថៃដែលពេលនេះមានរយៈពេលជាង៥ឆ្នាំហើយខណៈដែលនាងទៅពេទ្យមួយនេះតាំងពីខែមីនាឆ្នាំ២០១៦។យ៉ាងណាតាមអាការៈសុខភាពរបស់នាងចុងក្រោយនេះបង្ហាញឲ្យឃើញថានាងមានទឹកមុខស្រស់ថ្លាជាងមុនបើទោះជានៅតែអង្គុយនៅលើរទេះរុញក្ដី។

លោករក្សា ដែលជាអតីតពិធីករហើយបានងាកទៅរកស៊ីនៅថៃនោះបានជួបពៅ បញ្ញាពេជ្រ ដោយចៃដ្យកាលពីពេលថ្មីៗនេះហើយលោកប្រាប់អ្នកកាសែតថាស្ថានភាពពៅ បញ្ញាពេជ្រ មិនទាន់អាចដើររួចនោះទេតែនាងមានទឹកមុខស្រស់ជាងមុន។អ្វីដែលលោកមើលឃើញនោះពៅ បញ្ញាពេជ្រ ចង់រកលុយព្យាបាលជើងព្រោះនាងសង្ឃឹមថាថ្ងៃណាមួយទេវតានឹងជួយឲ្យនាងដើរបានវិញ។

ទោះជាស្ថិតក្នុងស្ថានភាពពិការមួយកំណាត់ក្រោមអស់រយៈពេល១៤ឆ្នាំមែន តែពៅ បញ្ញាពេជ្រ យកភាពរឹងមាំនិងការឲ្យកំលាំងចិត្តខ្លួនឯងជាធំ ហើយជាញឹកញាប់នាងចេញមុខLive លក់វត្ថុអនុស្សាវរីយ៍តាមOnline ទៀតផងហើយគេឃើញបងប្អូនដែលអាណិតអាសូរដល់នាងតែងតែជួយទិញផលិតផលរបស់នាងដើម្បីឲ្យតារាកម្សត់ម្នាក់នេះបានលុយគ្រាន់យកទៅព្យាបាលជំងឺ។

ដោយឡែកបងស្រីរបស់ពៅ បញ្ញាពេជ្រ ធ្លាប់ប្រាប់ថាគាត់បានលក់ផ្ទះនិងសម្ភារៈមួយចំនួនយកព្យាបាលប្អូនជាច្រើនឆ្នាំមក នេះហើយក្ដីសង្ឃឹមនៅតែមានថាថ្ងៃណាមួយនាងនឹងអាចដើរបានវិញ។

គូររំលឹកថាពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅកណ្ដាលក្រុងភ្នំពេញកាលពីខែកុម្ភៈឆ្នាំ២០០៧ បណ្ដាលឲ្យធ្លាក់ខ្លួនពិការស្លាប់មួយកំណាត់ក្រោមធ្វើឲ្យស្ថានភាពសុខភាពនាងដូចគ្នាទៅនិងតារាចម្រៀងទូច ស៊ុននិច ដែលកំពុងព្យាបាលនៅអាមេរិកដែរ។

រយៈពេលជាង១៤ឆ្នាំមកហើយដែលពៅ បញ្ញាពេជ្រ មិនទាន់ទទួលបានយុត្តិធ័មទេ ព្រោះអាជ្ញាធរមិនទាន់ចាប់ បានឃាតកដៃ ឆៅមកផ្ដន្ទាទោសនៅឡើយ៕





