ភ្នំពេញ៖លោកខេម ប៊ុនថៃ ត្រូវបានគេចាត់ទុកថាជាតារាដែលមានទឹកមាត់ប្រៃនៅហង្សមាសព្រោះលោកជាអ្នកច្រៀងដែលលេចធ្លោជាងគេក្រោយពីកំពូលព្រាប សុវត្ថិ ដើរចេញបាត់ជិត១ឆ្នាំហើយសិរីមន្ដ បានយកបងប្រុសឈ្មោះខេមរៈ ភារុណ ចូលហង្សមាសធ្វើជាអ្នកនិពន្ធបទចម្រៀងឲ្យលោកច្រៀង ខណៈដែលភរិយាលោកអ្នកនាងគួយ ផល្លី វិញក្លាយទៅជាអ្នកដឹកនាំសម្ដែងMVនិងជាជំនួយការលោកផ្ទាល់តែម្ដង។
លោកប៊ុនថៃ ក៍ធ្លាប់ជួយយឹតយោងស្រីស្អាត២នាក់ដែលត្រូវជាក្មួយលោកឲ្យថតMVបទល្បីៗរបស់ខ្លួនដែរនោះគឺកញ្ញាDenny និងហេង បញ្ញា ដែលពួកគេត្រូវបានបណ្ដុះបណ្ដាលឲ្យចេះសម្ដែងខារ៉ាអូខេក្រោមការជម្រុញពីលោក។ប៉ុន្ដែអ្វីដែល មហាជន រងចាំមើលថាតើលោកប៊ុនថៃ នឹងអាចយកប្អូនជីទួតមួយកញ្ញាអ៊ិត ជូលីណា ដែលធ្លាប់តែច្រៀងបទCoverរបស់ខេមរៈ ស្រីពៅ នោះចូលហង្សមាសនៅពេលខាងមុខនេះបានដែរឬទេព្រោះញឹកញាប់លោកសិរីមន្ដ តែងតែបង្ហាញការគាំទ្រកញ្ញាជូលីណា ចាប់អាជីពចម្រៀងហើយត្រូវបានទស្សនិកជនលើកឡើងថាទឹកដមសម្លេងរបស់នាងស្រដៀងឬអាចនឹងស្នងតំណែងខេមរៈ ស្រីពៅ បានទៀតផង។
លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់តាមទូរស័ព្ទដោយសុំមិនឲ្យដាក់ឈ្មោះថារឿងនេះនៅលើថៅកែហង្សមាសទេ។លោកថាផលិតកម្មហង្សមាសនេះគេធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីឲ្យផលិតកម្មគេចំណេញគេនឹងធ្វើភ្លាមហើយចំពោះប្អូនជីទួតមួយខេមរៈ សិរីមន្ដ នោះនៅលើសិរីមន្ដ និងថៅកែ និយាយគ្នា។លោកថាបើសិនជាប្អូនខេមរៈ សិរីមន្ដ កញ្ញាខេមរៈ ស្រីពៅ មិនស្លាប់ទេម្លេះពេលនេះ១០០%នាងបានក្លាយទៅជាតារាចម្រៀងហង្សមាសទៅហើយព្រោះស្រីពៅ ល្បីស្រាប់ហង្សមាសប្រាកដជាទទួល។
តែកញ្ញាជូលីណា លោកមិនសូវស្គាល់ទេ ហើយតាមលោកដឹងពេលនេះហង្សមាសមានតារាច្រើនណាស់ដែលអត់បទច្រៀង ព្រោះសម្បូរតែអ្នកចម្រៀងតែអ្នកនិពន្ធមិនសូវច្រើន មិនដូចពីមុនអ្នកចម្រៀងម្នាក់មានអ្នកនិពន្ធ៥នាក់ចាំជួយគឺត្រូវតែល្បី តែពេលនេះតារា៥នាក់មានអ្នកនិពន្ធតែម្នាក់ចាំជួយវិញហើយឲ្យល្បីយ៉ាងម៉េច?Composerរូបនោះបន្ថែមថាចំពោះខេមរៈ សិរីមន្ដ ពេលនេះពិតជាតារាលេចធ្លោជាងគេនៅហង្សមាសមែន ព្រោះសិរីមន្ដ មានបងប្រុសនិពន្ធឲ្យច្រៀង ហើយបើតារា ផ្សេងៗទៀតច្រណែនថាម៉េចបានហង្សមាសលើកតែសិរីមន្ដ នោះសួរខ្លួនឯងទៅថាមានបងនិពន្ធឲ្យច្រៀងដូចគេឬអត់ហើយហង្សមាសបើកសិទ្ធិឲ្យគ្រប់គ្នាអាចធ្វើចម្រៀងពីខាងក្រៅបានដូចគ្នាតើ។
ទោះជាខេមរៈ សិរីមន្ដ តែងតែផ្ដល់សញ្ញាជម្រុញប្អូនជីទួតមួយកញ្ញាអ៊ិត ជូលីណា ធ្វើជាតារាចម្រៀងអាជីពក្ដី តែគេមិនទាន់ឃើញលោកប៊ុនថៃ ចេញបទចម្រៀងឆ្លងឆ្លើយណាមួយជាមួយកញ្ញាជូលីណា នៅក្រៅហង្សមាសឬឡើងឆាកជាមួយគ្នាឡើយ។អ្នកជំនាញសិល្បៈលើកឡើងថាការដែលលោកសិរីមន្ដ អាចយកក្មួយស្រីថតMVនោះព្រោះភរិយាលោកជាអ្នកដឹកនាំសម្ដែងMvបទទាំងនោះដោយផ្ទាល់ ហេតុនេះហើយគ្រាន់តែបណ្ដុះបណ្ដាលរយៈពេលខ្លីគឺអាចថតបាន។
ប៉ុន្ដែសម្រាប់អាជីពចម្រៀងមិនដូច្នេះទេគឺត្រូវការពេលវេលា ឡង់សេតារាម្នាក់ ល្បីឬមិនល្បីត្រូវការ រយៈពេល ដល់ទៅ៥ឆ្នាំ ហើយអាជីពមួយនេះមានការប្រជែងគ្នាខ្លាំងខ្លាណាស់ហេតុនេះហើយហង្សមាសពិនិត្យច្បាស់លាស់ណាស់ពីទីផ្សារមុនទទួលតារាណាម្នាក់ឲ្យក្លាយជាតារារបស់ខ្លួន។អ្វីដែលពិបាកសម្រាប់តារាមិនទាន់ល្បីឬល្បីល្មមៗតែចង់ចូលហង្សមាសពេលនេះគឺ រឿងតារាហង្សមាសមានច្រើនពេកហើយបណ្ដារ កម្មវិធីប្រលងចម្រៀង នីមួយៗដែលហង្សមាស រើសបានម្ចាស់ពាន ហើយ នោះពួកគេអាចយកអ្នកធ្លាក់៥នាក់ទៀតក្នុងកម្មវិធីតែ១ក៍មិនខ្វះអ្នកចម្រៀងដែរ។
តែករណីខេមរៈ សិរីមន្ដ ពេលនេះហង្សមាសត្រូវសម្របខ្លួនតាមច្រើនព្រោះបើលោកប៊ុនថៃ ចេញពីហង្សមាសដូចព្រាប សុវត្ថិ នៅថ្ងៃណាមួយនោះផលិតកម្មធំនេះនឹងស្រឡះដៃធេងតែម្ដង។
គេកត់សម្គាល់ថានៅរដូវកូវីដនេះខេមរៈសិរីមន្ដ បានផ្អាកចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមកហើយលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកដឹកនាំប្រគុំតន្រ្ដីនៅហង្សមាសតែងតែចង់ឲ្យលោកឡើងច្រៀងជារៀងរាល់សប្ដាហ៍ ប៉ុន្ដែលោកបានសុំការអធ្យាស្រ័យពន្យាពេលឡើងឆាកមួយរយៈសិន៕