ភ្នំពេញ៖តារាសម្ដែងភាពយន្ដលោកខាត់ វ៉ៃហាំង នៅរដូវកូវីដនេះកាន់តែបង្ហាញភាពស្អិតល្មូតជាមួយស្រីស្អាតស៊ីន យូប៊ីន ខ្លាំងៗឡើងៗដែលមើលទៅប្រុសសសង្ហារប៉ៈស្រីស្រស់នេះប្រៀបបានចិត្ត១ថ្លើម១ទៅហើយ។ទោះជាយ៉ាងណានៅពេលសាកសួរពីពេលវេលារៀបការលោកវ៉ៃហាំង ហាក់នៅស្ទាក់ស្ទើររារែកចិត្តច្រើនដោយម្ដងលោកថាមិនចង់និយាយរឿងឯកជននិងម្ដងថាខ្លាចថ្ងៃនេះ មិនដូចថ្ងៃស្អែក។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០ខែសីហា លោកខាត់ វ៉ៃហាំង ប្រាប់ទាំងរារែកចិត្តពីទំនាក់ទំនងរវាងលោកនិងស្រីស្អាតយូប៊ីន ដោយអះអាងថាលោកមិនមែនទើបតែស្គាល់នាងឆាប់ៗនេះទេ តែរយៈពេលជិត៧ឆ្នាំទៅហើយ។លោកថាមិនមែនតែអ្នកកាសែតទេដែលសួរនាំរឿងថាតើលោកនិងយូប៊ីន ត្រូវជាម៉េចនិងគ្នាឬគិតម៉េចជាមួយគ្នានោះតែហ្វេនលោកឲ្យតែជួបដឹងតែសួររឿងនេះមុនសំណួរផ្សេង។

ប៉ុន្ដែលោកមានតែសូមអធ្យាស្រ័យព្រោះមិនចង់និយាយរឿងជីវិតឯកជននោះទេដោយសារតែគិតថាគ្មានអ្នកណាដឹងថានៅ ថ្ងៃ ខាងមុខមានរឿងអ្វីកើតឡើងព្រោះថ្ងៃនេះ ថ្ងៃស្អែកមិនដូចគ្នាឡើយ។តែលោកវ៉ៃហាំង ថាលោកអាចនិយាយបានថាយូប៊ីន ជា នារីមានសម្ថភាពម្នាក់ហេតុនេះហើយលោកពេញចិត្តដែលបានស្គាល់និងរួមការងារជាមួយនាង។

លោកថាគិតត្រឹមឆ្នាំ២០២១នេះលោកនិងយូប៊ីន បានចាប់ដៃគូគ្នាថតសម្ដែងភាពយន្ដជាមួយគ្នា៦ទៅ៧រឿងហើយដែល ដៃ គូម្នាក់នេះពិតជាយល់ចិត្តលោកក្នុងការសម្ដែងឬអាចនិយាយថាគ្រាន់តែលោកសម្លឹងមុខយូប៊ីន ក៍នាងដឹងមុនថាលោកចង់និយាយពីអ្វីដែរ។តែលោកថាចំពោះរឿងស្នេហាថាអាចទៅរួចឬអត់នោះមិនទាន់អាចនិយាយបានទេ។

ដោយឡែកស៊ីន យូប៊ីន វិញក៍ធ្លាប់ផ្ដល់ចម្លើយទៅអ្នកកាសែតជុំវិញរឿងគេថានាងជាគូស្នេហ៍របស់លោកខាត់ វ៉ៃហាំង នេះបែប មិនសូវច្បាស់លាស់ដែរស្របពេលដែលមានដំណឹងថាអតីតFreshieលេខ១កាលពីឆ្នាំ២០១៣រូបនេះមានបុរសជាច្រើនតាមស្នេហា។

ចំពោះលោកវ៉ៃហាំង ដែលមិនព្រមសារភាពស្នេហ៍យូប៊ីន នោះថានៅរដូវកូវីដនេះលោកនៅតែចេញថតភាពយន្ដឲ្យប៉ុស្ដិ៍Pnn ដែលទើបតែបញ្ចប់រឿង១និងកំពុងត្រៀមថតរឿងថ្មី១ទៀត ប៉ុន្ដែលោកមានការប្រុងប្រយ័ត្នខ្លាំងណាស់ដើម្បីការពារពីកូវីដ ដែល កំពុងរាតត្បាតនេះ។

លោកសង្កត់ថាមិនអាចកំណត់ពេលវេលាថាប៉ុន្មានឆ្នាំទៀតទើបចង់រៀបការប្រពន្ធបាននោះទេព្រោះលោកត្រូវការ ពង្រឹង សម្ថភាពខ្លួននិងដើរឲ្យដល់គោលដៅដែលលោកចង់បានជាមុនសិន។ លោកបន្ថែមទៀតថា វ៉ៃហាំង មិនចង់យកកូនគេ មកឲ្យពិបាកជាមួយលោកដែលជាមនុស្សប្រុសឡើយ៕



