ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ក្រៅពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលសព្វថ្ងៃមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិន- ទៀង ជាប្រធាននោះ គួរក្លាយជាស្ថាប័នធម្មនុញ្ញ ដែរ ទើបយុទ្ឋនាការប្រឆាំងអំពើពុករលួយ មាន ប្រសិទ្ឋភាពពិតប្រាកដ ព្រោះបច្ចុប្បន្ន លោក មើលឃើញថា ស្ថាប័ននេះ ធ្វើសកម្មភាពរត់ តាមខ្សែញាក់របស់រាជរដ្ឋាភិបាល និងបុគ្គល មានអំណាច ហើយចាប់បានតែត្រីនៅក្នុងកន្ត្រក។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោករស់ សារ៉ុម ជុំវិញទស្សនៈ យល់ឃើញរបស់លោកខាងលើ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ៖
នគរធំ ៖ ជម្រាបសួរលោករស់ សារ៉ុម ! តើលោកអាចពន្យល់បានទេ ហេតុអ្វីលោកលើក ឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើ សកម្មភាពរត់តាមខ្សែញាក់របស់រាជរដ្ឋាភិបាល និងចាប់បានតែត្រី ក្នុងកន្ត្រក?
លោករស់ សារ៉ុម ៖ ខ្ញុំសូមជម្រាបថា ពាក់ព័ន្ធជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តការងារកន្លងមកនេះ យើងឃើញថា វាគ្រាន់តែជាសេនាមួយរបស់រាជរដ្ឋាភិបាលទេ។ មានន័យថា វាគ្រាន់តែជាជំនួយរបស់រាជរដ្ឋាភិបាល ទេ ប្រឆាំងអំពើពុករលួយនោះ។ អ៊ីចឹងចាប់អី? ចាប់បានតែត្រីក្នុងកន្ត្រក ត្រីដែលគេគិតថា វា ស្អុយហើយ អ៊ីចឹងយកបានតែអាតូចតាចហ្នឹងទេ តែអាធំ ធ្វើមិនបានទេ។ ហេតុអីធ្វើមិនបាន? ដោយសារអង្គភាពប្រឆាំងអំពើពុករលួយ មាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែល រើសចេញពីសមាជិកក្រុមប្រឹក្សាជាតិហ្នឹង។ ក៏ ប៉ុន្តែសួរថា សមាជិកក្រុមប្រឹក្សាជាតិ យកមកពី ណា? សុទ្ធតែមន្ត្រីរដ្ឋាភិបាលទាំងអស់។ អ៊ីចឹង ទៅប្រឆាំងពុករលួយរបៀបម៉េច? ប្រឆាំងអត់ កើត។ អ៊ីចឹងយើងចង់ឃើញអង្គភាពប្រឆាំង អំពើពុករលួយ ទៅជាស្ថាប័នមួយធម្មនុញ្ញ ដូច គ.ជ.ប អ៊ីចឹង។ មានន័យថា ឯករាជ្យ មាន កញ្ចប់ថវិកាស្វយ័តហើយ អត់ចំណុះស្ថាប័នណា ទេ គឺជាស្ថាប័នមួយដែលបម្រើផលប្រយោជន៍ រួមរបស់ប្រទេសជាតិ មិនថាតែអ្នកណា សូម្បីតែ នាយករដ្ឋមន្ត្រី ធ្វើខុស ពាក់ព័ន្ធនឹងបញ្ហាអំពើ ពុករលួយ ក៏ត្រូវតែស៊ើបអង្កេតដូចគ្នា ស្មើភាព ចំពោះមុខច្បាប់ គឺយើងចង់បានអ៊ីចឹង។ បើមិន អ៊ីចឹងទេ អង្គភាពប្រឆាំងអំពើពុករលួយហ្នឹង ប្រៀបដូចស្ថាប័នតុលាការបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ រួមទាំងខ្ញុំដែរ គឺនៅឱ្យតម្លៃក្នុងកម្រិត មួយដែលទាប។ មានន័យថា ប្រព័ន្ធយុត្តិធម៌ សង្គមហ្នឹង វាអត់មានកើតទេ ដោយសារការ អនុវត្តហ្នឹង មិនមានប្រសិទ្ធភាពអាចទទួលយក បាន សម្រាប់កែទម្រង់សង្គមមួយដែលមាននីតិរដ្ឋពិតប្រាកដ មិនអាចទៅរួចទេ។
នគរធំ ៖ អ៊ីចឹងបានន័យថា សម្រាប់ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ គួរមានការ បោះឆ្នោតជ្រើសបេក្ខភាពប្រធានមែនទេ?
លោករស់ សារ៉ុម ៖ បាទ! សម្រាប់បេក្ខភាព ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មិនមែន ជាសមាជិករបស់គណបក្សនយោបាយណាមួយ ទេ គឺជាបុគ្គលស្អាតស្អំ ដែលតាមច្បាប់កំណត់ យើងបង្កើតច្បាប់ថ្មី ឬវិសោធនកម្មច្បាប់ទាក់ទង នឹងការប្រឆាំងអំពើពុករលួយហ្នឹង គឺយើងធ្វើ យ៉ាងម៉េចរើសបុគ្គលដែលស្អាតស្អំ មិនមែន សមាជិកគណបក្សនយោបាយណាទេ។ បើជា សមាជិក ត្រូវលាលែងទាំងអស់ ដូចគ.ជ.ប អ៊ីចឹង គឺចូលទៅកាន់តំណែង គឺអព្យាក្រឹត។
នគរធំ ៖ ក្នុងន័យនេះ តើមានការចាប់ អារម្មណ៍កត់សម្គាល់ចំពោះការអនុវត្តការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ នាពេល កន្លងមក រហូតមកដល់ពេលនេះយ៉ាងណាដែរ?
លោរស់ សារ៉ុម ៖ ខ្ញុំមានការចាប់អារម្មណ៍ ដែរ ក៏ប៉ុន្តែមានការចាប់អាំរម្មណ៍តិចតួចបំផុត ពាក់ព័ន្ធនឹងការអនុវត្តរបស់អង្គភាពប្រឆាំង អំពើពុករលួយ ព្រោះថា អង្គភាពប្រឆាំងអំពើ ពុករលួយ អនុវត្តនីតិវិធី ចាប់បានតែមន្ត្រីតូចតាច មែនទែន ចង់និយាយថា ដូចយើងចាប់គ្រឿងញៀន អ៊ីចឹង បើយើងចាប់តែអ្នកជួញដូរតូច យើងអត់ ចាប់កន្លែងផលិតផង យើងចាប់ម៉េចបាន ធ្វើម៉េច អាចបង្ក្រាបគ្រឿងញៀនបាន គឺមិនអាចទេ។ អ៊ីចឹងអំពើពុករលួយ ដូចគ្នា នៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ អំពើពុករលួយ បានទៅជាប្រព័ន្ធបាត់ ហើយ។ មានន័យថា តំបន់ណា ហ្សូនណា ចែក គ្នាកាន់កាប់នៅកន្លែងណា គឺអំពើពុករលួយ វាកើតមាននៅកន្លែងហ្នឹង។ អ៊ីចឹងដល់ពេលការ អនុវត្ត គ្រាន់តែច្បិចពីនេះមួយ ឯណោះមួយ វា អត់មានប្រសិទ្ធភាព ហើយមួយទៀត ខ្ញុំសូម បញ្ជាក់ថា ពេលដែលចូលកាន់តំណែង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ នៅពេលដែល ទៅជាស្ថាប័នធម្មនុញ្ញ ត្រូវប្រកាសទ្រព្យសម្បត្តិ គ្រប់មន្ត្រីដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ទាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយ ត្រូវប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ប្រាប់មហាជនថា ខ្លួនអត់ពុករលួយទេ ដើម្បីទៅ ប្រឆាំងអំពើពូករលួយ អាហ្នឹងទី១។ ទី២ ពាក់- ព័ន្ធនឹងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដែល ជានគរបាលយុត្តិធម៌ដែរ ត្រូវបែងចែកគ្នាឱ្យដាច់ បើមិនអ៊ីចឹង វាចំណុះគ្នាពេញតែវាលអ៊ីចឹង វាអនុវត្តការងារម៉េចមានប្រសិទ្ធភាព? បានតែ អាតូចៗទេ អាធំៗធ្វើអត់កើត ។
“នគរធំ” ៖ តើលោកមានការវាយតម្លៃ យ៉ាងណាទៀត ចំពោះអង្គភាពប្រឆាំងអំពើពុករលួយនេះ?
លោករស់ សារ៉ុម ៖ សម្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាសមាជិក្រុម- ប្រឹក្សាជាតិបច្ចុប្បន្ន យើងមើលឃើញថា ការ អនុវត្តកិច្ចការងារបស់គាត់ គឺមានតម្លាភាព មិនទាន់ដល់កម្រិតមួយដែលយើងអាចទទួល យកបានទេ។ មានន័យថា ប្រជាជននៅមន្ទិល ចំពោះអ្នកដែលប្រឆាំងអំពើពុករលួយ សួរថា ខ្លួនឯងវាស្អាតស្អំហើយនៅ? ទាល់តែខ្លួនឯង បង្ហាញភាពស្អាតស្អំសិន បានទៅប្រឆាំងកើត។ បើសិនជាខ្លួនអត់ស្អាតស្អំផង ហើយបើខ្លូនឯង មានពាក់ព័ន្ធទៀត អាហ្នឹងវាមិនរឹតតែយ៉ាប់! ប្រឆាំងយ៉ាងម៉េច? ប្រឆាំងចុះប្រឆាំងឡើង សុទ្ធតែគ្នាឯង ព្រោះរដ្ឋាភិបាលដឹងស្រាប់ហើយ សុទ្ធតែគ្នាឯងទាំងអស់ហ្នឹង ក្រវិលចុះក្រវិល ឡើង វាអត់បានអីទេ។ ពាក់ព័ន្ធជាមួយប្រឆាំង អំពើពុករលួយធ្វើ យើងឃើញថា កើនតួលេខ ក៏ប៉ុន្តែប្រសិទ្ធភាពការងារវានៅមានកម្រិតទាប នៅឡើយ។ កើនតួលេខ គឺកើនករណីប្រឆាំង បទល្មើសពុករលួយ ប៉ុន្តែបទល្មើសនោះ ដូច យើងប្រមូលត្រីចង្វាបានច្រើនអ៊ីចឹង មួយកន្ត្រក វាមួយពាន់ត្រីអ៊ីចឹង ឧទាហរណ៍ ក៏ប៉ុន្តែវាអត់ ស្មើនឹងត្រីឆ្តោ៤ ទៅ៥ទេ ព្រោះអំពើពុករលួយ ភាគច្រើន វាកើតចេញពីពួកត្រីឆ្តោ ពួកចចក។ ទៅប្រឆាំងតូចៗ មានស្អី! គ្រាន់តែអ្នកទទួល ភ្ញៀវហ្នឹង បែងចែកឱ្យដាច់ ហើយមួយទៀត ខ្ញុំសូមបញ្ជាក់រឿងនៅអង្គភាពប្រឆាំងអំពើពុករលួយរាល់ថ្ងៃ គឺអង្គភាពប្រឆាំងអំពើពុករលួយ ទទួលតែពាក្យបណ្តឹងទេ ប៉ុន្តែសួរថា មានប្រជារាស្ត្រ មានមន្ត្រីរាជការណាដែលទុកចិត្តដាក់ ពាក្យបណ្តឹងជាចំហ ឬជាសម្ងាត់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ? អត់ហ៊ានទេ សូម្បីតែខ្ញុំក៏ពិបាកដែរ។ អ៊ីចឹងហើយ ដែលជាការ លំបាកក្នុងការប្រឆាំងអំពើពុករលួយ។ ទាក់ទិន ជាមួយនឹងបញ្ហាហ្នឹង ខ្ញុំនឹងធ្វើញត្តិមួយដាក់ជូន ទៅរដ្ឋសភា ស្នើឱ្យរដ្ឋសភាពិភាក្សានិងអនុម័ត លើច្បាប់ ឬក៏ធ្វើវិសោធនកម្មច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយហ្នឹង រុញអង្គភាពប្រឆាំង អំពើពុករលួយ ទៅជាស្ថាប័នធម្មនុញ្ញ ដែលបម្រើ ផលប្រយោជន៍របស់បរទេសជាតិ របស់ប្រជាជនទាំងអស់គ្នា មិនមែនសម្រាប់តែរាជរដ្ឋា- ភិបាល ដូចបច្ចុប្បន្នទេ។
នគរធំ ៖ ជាចុងក្រោយ លោកមានយោបល់ អ្វីសរុបបន្ថែមលើបញ្ហានេះ?
លោករស់ សារ៉ុម ៖ ជាចុងក្រោយ ខ្ញុំ សូមបញ្ជាក់ថា ការប្រឆាំងអំពើពុករលួយ យើង មិនមែនបោសពីក្រោមឡើងលើទេ វាអត់មាន ប្រសិទ្ធភាពទេ គឺយើងបោសពីលើចុះក្រោម ហើយបោសពីលើ ចាប់ពីណាមក? ដកពីព្រះ- មហាក្សត្រមួយចេញ ដែលព្រះអង្គមិនអាច រំលោភបំពានបាន គឺអ្នកនៅក្រៅព្រះមហាក្សត្រ ទាំងអស់ ត្រូវតែស្អាតស្អំទាំងអស់គ្នា ហ្នឹង បាន សង្គមរបស់យើងអាចដើរទៅមុខបាន។ បើ មិនអ៊ីចឹងទេ អាធំនៅតែធ្វើដដែល ព្រោះ អំពើពុករលួយ មិនមែនទាល់តែថា អ្ហែងសូក លុយបានពុករលួយ ឬក៏ទទួលសំណូកគេ បាន ពុករលួយ មិនមែនអ៊ីចឹងឯណា វាមានចំណុច ច្រើនជាងហ្នឹងទៀត គឺគេចង់និយាយថា គ្រាន់ តែស៊ីញ៉េលើកិច្ចព្រមព្រៀងអីមួយ ស៊ីញ៉េខ្វោក វាប៉ះពាល់ប្រជាពលរដ្ឋប៉ុន្មាន? ដោយសារតែ គេជូនកាដូតិចតួច អ៊ីចឹងវាមិនងាប់ទាំងអស់គ្នា? អ៊ីចឹងយើងចង់ឱ្យដល់កម្រិតធំហ្នឹង មិនមែន តូចៗហ្នឹងទេ។ ខ្ញុំឃើញចាប់ស្អី អ្នកកាត់ដីលក់ នៅព្រះវិហារ ១៣ម៉ែត្រអី ប្រធានមន្ទីររ៉ែនិង ថាមពល អីអាហ្នឹង វាចាត់ទុកថាអំពើពុករលួយ ដែរ ក៏ប៉ុន្តែចង់និយាយថា វានៅតូចណាស់ វា អត់ធំទេ…។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នមន្ត្រីមន្ទីរ រ៉ែ និងថាមពលខេត្តព្រះវិហារ ២រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនជុំវិញ ករណីប្រព្រឹត្តអំពើពុករលួយ។
ជុំវិញការលើកឡើងរបស់លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ខាង លើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ ឆ្លើយតបពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទេ កាលពីម្សិលមិញ៕
ដោយ ៖ កុលបុត្រ