ប៉ៃលិន៖លោកគ្រូប្រដាល់និងជាអាជ្ញារកណ្ដាលលោកមាស សុខគ្រី ដែលមានក្ដីអាណិតជាពន់ពេកចំពោះក្មេងប្រុសម្នាក់ត្រូវបានម្ដាយដេញចេញពីផ្ទះទាំងយប់សុំឡានគេជិះពីប៉ោយប៉ែតមកដល់ភ្នំពេញដើម្បីស្វែងរកបងប្រុសដែលធ្វើការនៅមីហិល តែភ្នំពេញធំមិនដឹងទៅរកឯណានោះលោកសុខគ្រី បានប្រាប់អ្នកយព័តមានថ្មីៗនេះថារហូតមកដល់ពេលនេះលោកនៅតែមិនទាន់បានជួបក្មេងអភ័ព្វនោះទេហើយក៍គ្មានប្រភពដែលអាចទាក់ទងបានឬដឹងពីទីកន្លែងដែលក្មួយប្រុសរូបនោះនៅទីណាឡើយ។

ប៉ុន្ដែលោកថាបើក្មេងប្រុសនោះពិតជាតែលតោលគ្មានទីពឹងមែនទោះជាពេលណាក៍ដោយបើក្មួយចង់មករស់នៅជាមួយលោកគឺលោកនិងក្រុមគ្រួសារស្វាគមន៍ជានិច្ចដោយចាត់ទុកថាជាសមាជិកគ្រួសារតែមួយមិនមែនយកមកឲ្យបម្រើរទេតែផ្ដល់ឲ្យមានការរៀនសូត្រត្រឹមត្រូវ ហើយបើក្មេងនោះចង់ហាត់ប្រដាល់លោកនឹងបង្វឹគគេទៀតផង។

ក្រោយរងចាំចង់ជួបក្មេងកម្សត់ជាង១សប្ដាហ៍តែគ្មានដំណឹងនោះតាមព័តមានថាកុមារនោះត្រូវបានឪពុកម្ដាយមកយកពីភ្នំពេញទៅខេត្តប៉ៃលិនវិញទៅហើយ។ចំពោះលោកសុខគ្រី វិញបន្ថែមថារឿងនេះលោកក៍បានដឹងថាល្ហិចល្ហៀងអីចឹងដែរតែមិនទាន់ច្បាស់ទេហើយបើគ្នាទៅរស់នៅជុំគ្រួសារល្អមិនអីទេ តែបើថ្ងៃក្រោយក្មួយមានបញ្ហាលោកនិងគ្រួសារចាំទទួលក្មួយជានិច្ច។

គូរបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែសីហា ហ្វេសបុកឈ្មោះLue Eang បានបង្ហោះសំណេរភ្ជាប់ជាមួយរូបថតក្មេងប្រុសម្នាក់ថា”គ្នាដើររកបងដែលធ្វើការនៅភ្នំពេញ, ប្អូនថាបងគេធ្វើការនៅមីហិលឈ្មោះបងប្រុសរាត្រី ចឹងបើបានឃើញសូមមកជួយរកគ្នាផង,ម្ដាយមានប្ដីចុងដេញគំរាមចេញពីផ្ទះ បើមិនចេញនឹងសម្លាប់ចោល ទើបគ្នារត់មកទីនេះសុំឲ្យគេជួយ រត់ពីប៉ោយប៉ែតសុំឡានគេមកភ្នំពេញ ទីតាំងដែលប្អូនមកដល់ស្ពានអាកាស៧មករា”។

ក្រោយមានការចែកចែកដំណឹងនេះតាមហ្វេសបុកធ្វើឲ្យមហាជនជាច្រើនសម្ដែងការអាណិតអាសូចំពោះក្មេងកម្សត់នោះហើយក្នុងនោះលោកមាស សុខគ្រី បានចេញមុខចង់យកក្មេងប្រុសអភ័ព្វនោះទៅរស់នៅជាមួយគ្រួសារលោកដោយចាត់ទុកដូចកូន។ប៉ុន្ដែលោកមិនទាន់បានជួបក្មេងនោះទេ ហើយពេលនេះឮថាគ្រួសារមកយកក្មេងទៅវិញហើយ។លោកសុខគ្រី សង្កត់ថាទោះជាលោកអាណិតក្មេងនោះយ៉ាងណាក៍ដោយតែបើមករស់នៅជាមួយលោកគឺលោកមិនចង់ឲ្យមានបញ្ហាជាមួយគ្រួសារក្មួយទេគឺត្រូវតែមានខាងអង្គការឬអាជ្ញាធរដឹងឭទើបលោកហ៊ានទទួលបានក្នុងករណីដែលក្មួយប្រុសម្នាក់នោះថ្ងៃក្រោយមានបញ្ហាចង់ឲ្យលោកជួយនោះ៕





