នាងនាក់ សុភេន អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ទាំងក្តុកក្តួលថា នាងជាកូនស្រីពៅក្នុង ចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) ដែលម្តាយឈ្មោះសាន់ ទូច អាយុ៥៣ឆ្នាំ ឪពុកឈ្មោះឯម ឆាន់ អាយុ៥២ឆ្នាំ ប៉ុន្តែបានចុះចោលប្រពន្ធកូន ទៅយកប្រពន្ធចុង តាំងពីនាងទើបតែ មានអាយុ៦ឆ្នាំមកម៉្លេះ។ នាងបានរៀនសូត្រ ត្រឹមថ្នាក់ទី៨នឹងគេដែរ ទើបឈប់វិញ លុះគ្រាន់តែចូលដល់ វ័យជំទង់ភ្លាម ពោលគឺអាយុ១៥ឆ្នាំ ដ្បិតតែនាងជាកូនអ្នកស្រែ មិនស្គាល់ក្រែមម្សៅ ឡេ ដូចគេមែន ប៉ុន្តែមានរូបសម្ផស្សស្អាត ពីធម្មជាតិ ពួកកំលោះៗជ្រួលជ្រើមតាមអង្វរសុំស្នេហ៍ឥតខ្វះ តែនាងមិនយក ភ្នែកមើលទេ ព្រោះខ្លួននៅក្មេងខ្ចីមិនទាន់ចេះរឿងស្នេហា ហើយក៏បាន ចាកចេញពីផ្ទះ មកធ្វើការរោងចក្រកាត់ដេរនៅក្នុង ទីក្រុងភ្នំពេញ ដើម្បីយកប្រាក់ឱ្យម្តាយដោះស្រាយជីវភាពគ្រួសារ។ នៅពេលចូល ធ្វើការនៅដីក្រុង ត្រូវទឹកម៉ាស៊ីនភ្លាម រូបសម្រស់របស់នាង កាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀត ធ្វើឱ្យប្រុសជាច្រើននាក់ត្រូវធ្លាក់ក្នុង អន្លង់ស្នេហ៍នាង មិនថា ប្រុសនៅទីក្រុង ឬនៅស្រុកស្រែ តាមលួងលោម អង្វរសុំស្នេហ៍នាង និងខ្លះទៀតនាំ ចាស់ទុំចូលចែចូវស្តីដណ្តឹងដល់មេបា ប៉ុន្តែនាងមិនចាប់ អារម្មណ៍យកធ្វើប្តីឡើយ។
នាងនាក់ សុភេន រៀបរាប់បន្តថា ចូលដល់អាយុ១៨ឆ្នាំ ក៏មានកំលោះម្នាក់ ឈ្មោះនូច នាង អាយុបងនាង៤ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដែលជាក្មេងទំនើង ប្រចាំភូមិ មិនសូវស្តាប់បង្គាប់ ឪពុកម្តាយ ធ្លាប់បានឱ្យចាស់ទុំចូល ស្តីដណ្តឹងនាងដែរ ប៉ុន្តែម្តាយនាងមិនព្រម លើកកូនស្រីឱ្យទេ ព្រមទាំងហាមប្រាម នាងមិនឱ្យមានទំនាក់ទំនង ជាមួយកំលោះនូច នាង ទៀតផង។ ចំណែក ម្តាយរបស់កំលោះ នូច នាង វិញបានមកគំរាមម្តាយនាងថា “បើមិនព្រមលើកកូនស្រី ឱ្យ ប្រយ័ត្នថ្ងៃក្រោយ កូនរត់តាមគ្នា គេមិនទទួលខុសត្រូវឡើយ” ដែលសម្តីបែបនេះ កាន់តែធ្វើឱ្យម្តាយនាងឆេះដុំថែម មួយកម្រិតទៀត។
នាងនាក់ សុភេន បន្តទាំងទឹកមុខ ស្រពាប់ស្រពោនថា ចូលមកដល់ខែ មេសា ឆ្នាំ២០១៦ កន្លងមកនេះ មិនដឹងជាកំលោះនូច នាង បានលេខទូរស័ព្ទ នាងពីអ្នកណា ក៏ចុចទូរស័ព្ទគេ ចូលមកទូរស័ព្ទនាង ដោយនិយាយលួងលោម ប្រលោមស្នេហ៍ តែត្រូវនាងបដិសេធជានិច្ច លុះ៣ថ្ងៃកន្លងផុត មិនដឹងជាមានឥទ្ធិពល អ្វីធ្វើឱ្យនាងបាក់ចិត្តស្រលាញ់គេវិញស្លុង ដូចត្រូវមន្តសណ្តំ ព្រមបង្កាត់ភ្លើងស្នេហ៍ ចិត្តនិងចិត្តក្តៅរោលរាល រហូតមានថ្លើមធំ ឱបបង្វេចពង្រត់គ្នា ទៅសាងក្បូនស្នេហ៍នៅក្នុងទីក្រុងភ្នំពេញ អស់រយៈពេល២ថ្ងៃ ទើបម្តាយរបស់នាងទូរស័ព្ទហៅត្រឡប់ ឱ្យមកផ្ទះវិញ។ ព្រោះតែអង្ករក្លាយ ជាបាយទៅហើយ ពួកគាត់ខាងប្រុស-ស្រីបាន រៀបចំពិធីមង្គលការ ឱ្យគូស្នេហ៍នាងក្លាយជាប្តីប្រពន្ធ មានខាន់ស្លាត្រឹមត្រូវ រហូតមក។ នៅពេលបានគ្នាថ្មីថ្មោង ប្តីប្រពន្ធនាងនាំគ្នា មកធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ ទាំង២នាក់ ដោយនៅក្នុងចិត្តនាង ស្រលាញ់ប្តីស្មោះអស់ពីបេះដូង ជាពិសេសទៅទៀត នាងស្គាល់ទុក្ខធុរៈ យប់ព្រលប់ប្តីណាស់ តែងផ្តល់ចំណីកាមគុណមិនឱ្យ ខ្វះខាតម្តងណាឡើយ ទោះជាធ្វើការងារ ពីថ្ងៃអស់កម្លាំងយ៉ាងណាក្តី ប៉ុន្តែប្តីវិញមិនយល់ ពីអារម្មណ៍របស់ប្រពន្ធឡើយ តែងរករឿងប្រចណ្ឌ គ្មានហេតុផល សូម្បីតែនាងនិយាយ រាប់រកជាមួយបងប្អូនប្រុស ក៏មិនបានដែរ ប្តីខឹងច្រឡោត វាយធ្វើបាបប្រពន្ធគ្មានអាសូរ ប្រទះអ្វីវាយហ្នឹង ធ្វើឱ្យនាងរស់នៅ ស្គាល់ទឹកភ្នែករាល់ថ្ងៃ។
នាងនាក់ សុភេន ឱ្យដឹងបន្តទៀតថា ពេលទូរស័ព្ទត្អូញត្អែរប្រាប់ម្តាយរឿងប្តីវាយធ្វើបាប ម្តាយនាងស្តីបន្ទោសឱ្យថែមទៀត ព្រោះគាត់មិនពេញចិត្តប្តីរបស់នាងតាំងពីដើមមក ប៉ុន្តែមកពីនាងលេងល្បែងស្នេហ៍ទុំមុនស្រគាល។ លុះចូលដល់ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីរួមរស់ជាមួយគ្នាបានរយៈពេល៣ខែ ទ្រាំលែងបាន នាងក៏សម្រេចចិត្តរត់ចោលប្តីរូបនេះ ត្រឡប់មកផ្ទះវិញឱ្យម្តាយជួយ ព្រោះប្តីចាត់ទុកនាង គ្រាន់តែជាស្រីសម្រាប់កំដរតណ្ហាប៉ុណ្ណោះ ហើយនាងនឹងប្តឹងលែងលះជាមួយប្តីហេងស៊យនេះនៅក្នុងខែកក្កដា ខាងមុខនេះ។
លោកនូច នាង អាយុ២៣ឆ្នាំ ជាប្តីអ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ ព្រោះលោកកំពុងរស់នៅទីក្រុងភ្នំពេញ គ្មានលេខទូរស័ព្ទទាក់ទង មានតែរូបថតក្នុងថ្ងៃរៀបការ តែយ៉ាងណាយើងនឹងរង់ចាំការបំភ្លឺតបពីលោកជានិច្ច។
អ្នកស្រីសាន់ ទូច អាយុ៥៣ឆ្នាំ ជាម្តាយ បានឱ្យដឹងថា កូនស្រីពៅគាត់ម្នាក់នេះគ្រាន់តែ ធំពេញក្រមុំ មិនទាន់ស្រួលបួលផង មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ មានកំលោះចោមរោម សុំស្នេហ៍ប្រាថ្នាចង់បានធ្វើជាគូគាប់ឥតខ្វះ តែកាលនោះនាងមិនចេះ ស្រលាញ់ប្រុសឈ្មោលធ្វើឱ្យម្តាយពិបាកចិត្ត ឬឱ្យក្រុមគ្រួសារ អាប់ឱនកិត្តិយសឡើយ។ ប៉ុន្តែក្រោយពីនាងចេញ ទៅធ្វើការរោងចក្រកាត់ដេរ នៅទីក្រុងភ្នំពេញ បានមួយរយៈ ក៏ត្រូវឪពុកម្តាយកំលោះនូច នាង នាំចាស់ទុំចូលស្តីដណ្តឹង តែគាត់មិនលើកកូនស្រីឱ្យ រៀបការជាមួយទេ ព្រោះឃើញគេជាក្មេងទំនើងដើរប៉ោឡែ មិនស្តាប់បង្គាប់ ឪពុកម្តាយ មិនអាចឱ្យកូនស្រីផ្ញើជីវិតបានឡើយ តែដឹងអី! កូនស្រីបែរជាភ្នែកស្អុយ លួចទៅបង្កាត់ភ្លើង ស្នេហ៍ជាមួយប្រុស ចោលម្សៀតរូបនេះ ថែមទាំងពង្រត់គ្នា ទៀតផង ទើបគាត់ហៅពួកគេរៀបការ តាមប្រពៃណី ដើម្បីលើកមុខមាត់កិត្តិយសគ្រួសារឡើងវិញ តែលទ្ធផលចុងក្រោយ កូនស្រីគាត់មិនខុសពីពាក្យចាស់ពោលថា “មិនជឿពាក្យចាស់ស្រឡះដៃធេង” ត្រូវប្តីហេងស៊យនោះ ប្រចណ្ឌរករឿងឈ្លោះ វាយដំ៣ខែ មិនស្គាល់ក្តីសុខម្តងណាឡើយ រហូតឈឺស្គមប្រាណ ទើបនាងរត់មកផ្ទះ ដើម្បីមើលថែសុខភាព តែមិនទៅរួមរស់ជាមួយ នឹងប្តីរូបនេះ វិញជាដាច់ខាត។ ចំណែកគាត់ក៏មិនហ៊ានឃាត់ការសម្រេចចិត្តរបស់កូនស្រីឡើយ៕ កែវ សុវណ្ណារិទ្ធ