អតីតតារាចម្រៀងផលិតកម្ម SSB លោកគង់ សង្វាដានី ដែលជាប្អូនប្រុសអ្នកនាងគង់ សុជាតិ បានចូលរោងការជាមួយនារីអាជីករដ៏ស្រស់ស្អាតម្នាក់ នាងនង សម្ភស្ស កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយធ្វើពិធីជប់លៀងធំនៅមជ្ឈមណ្ឌុលកោះពេជ្រ អគារ ”E” ដោយមានភ្ញៀវជាអ្នកជំនួញជាច្រើន រួមទាំងសិល្បៈករមួយចំនួនទៀតផងបានចូលរួម។ អ្នកនាងគង់ សុជាតិ ដែលកំពុងតែមានផ្ទៃពោះជាង៧ខែផងនោះ បានចាប់ដៃគូជាមួយប្ដី ជា វិបុល ធ្វើជាពិធីការអបអរមង្គលការប្អូនប្រុសពៅអ្នកនាង ដែលជ្រើសថ្ងៃមង្គលការចំថ្ងៃបុណ្យឯករាជ្យជាតិ នេះ។
គង់ សុជាតិ បានឲ្យដឹងថា ប្អូនប្រុសនិងប្អូនថ្លៃអ្នកនាងបានស្រលាញ់ស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ទើបពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការនេះ។ សុជាតិ ថ្លែងថា ”ប្រពន្ធដានី ជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារ Pencil និងមានតូបជួល ហើយរកស៊ីចងការលុយផងដែរ។ ចំពោះដានី គេមានហាងបបរមាន់ស្រែ នៅទួលគោក និងបើ Studio ថតរូប G Light ។ ក្នុងថ្ងៃពិសេសរបស់ពួកគេទាំង២នេះ ខ្ញុំសូមជួនពរពួកគេឲ្យស្រលាញ់គ្នាស្មោះត្រង់ជាមួយគ្នារហូត កុំឲ្យមើលឃើញអ្នកផ្សេងទៀតឲ្យសោះ”។
គង់ សង្វាដានី ធ្លាប់ជាតារាចម្រៀងល្បីឈ្មោះនៅផលិតកម្មរបស់ផលិតកម្ម SSB តែតាំងពីផលិតកម្មនេះបិទទ្វារមក ដានី ក៏ងាកទៅរកស៊ីវិញ លែងប្រឡូកសិល្បៈទៀត ហើយស្រាប់តែស្ងាត់ៗការប្រពន្ធជាអាជីករ ហើយហៅតែតារាដែលជិតស្និតប៉ុណ្ណោះមកចូលរួមកម្មវិធីជប់លៀងមង្គលការរបស់ខ្លួន។
គង់ សុជាតិ បន្ថែមថា ”ការជប់លៀងនេះធ្វើ១០០តុ មានតារា៥តុដែរ គឺហៅតែអ្នកជិតស្និតទេ។ ក្រោយរៀបការហើយ ប្អូនខ្ញុំអាចទៅនៅផ្ទះខាងស្រីក៏បាន នៅផ្ទះខ្លួនឯងក៏បាន ព្រោះយើងមានសម្រាប់គាត់ហើយ។ ដានី និងប្រពន្ធគេនឹងបណ្ដើរគ្នាទៅដើរលេងនៅទីក្រុងហុងកុង ប្រទេសចិន រយៈពេល១សប្ដាហ៏ តែខ្ញុំនឹងប្ដីមិនបានទៅទេព្រោះជាប់ជូនកូនប្រុសទៅទទួលសញ្ញាបត្រនៅប្រទេសថៃ ហើយម្យ៉ាងទៀត ខ្ញុំពោះធំអីចឹងពិបាកដើរលេងណាស់ព្រោះនៅសល់តែជាង១ខែទៀត នឹងត្រូវសម្រាលកូនហើយ”។
គង់ សង្វាដានី ជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី២នាក់ ហើយគង់ សុជាតិ ជាកូនបងគេ ៕
https://youtu.be/jKfcC_WhnGQ
https://youtu.be/8e8xhPyXFhU