ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF)និងដៃគូតាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោកហៅកាត់ថា VOW នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះបានបន្តអំពាវនាវជាលើកចុងក្រោយដល់ប្រទេស G20ជួយបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ដល់បណ្តាប្រទេសក្រីក្រ។ សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ខែ តុលានេះនៅទីក្រុងរ៉ូម ប្រទេស អ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល។



លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានមានប្រសាសន៍ ថាលុះត្រាតែមេដឹកនាំ G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ចប់ជំងឺរាតត្បាតនេះបើមិនដូច្នេះទេជំងឺកូវីដ១៩ នឹងបន្តបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោកហើយគ្មានប្រទេសណាមានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ត្រូវបានការពារ។ គួរបញ្ជាក់ថាអង្គការនិធិថែទាំសុខភាពអេដស៍ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេនាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕



