ភ្នំពេញ៖អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលដើរចេញពីអាជីពកំប្លែងជាង៥ខែទៅហើយនោះពេលនេះមានព័តមានថាតារាដែលញាំញីទៅដោយបំណុលរូបនេះត្រៀមវិលត្រឡប់មកចាប់អាជីពចាស់នេះនៅCtnសារជាថ្មីឡើងវិញហើយដើម្បីស្ដារមុខមាត់និងប៉ៈប៉ូវកិត្តយសមកវិញ។ព័តមាននោះបានឲ្យដឹងដែរថាអ្នកនាងសុកាន់ដា ក៍ត្រៀមវិលទៅរកអាជីពធ្វើជាអ្នកកាត់សក់ក្នុងកម្មវិធីមង្គលការទាំងឡាយដូចមុនឡើងវិញជាមួយនាយពាក់ម៉ី និងនាយគ្រឿន ជាដើមផងដែរព្រោះតែនាងចង់សន្សំលុយដោះបំណុលដោយខ្លួនឯង លែងអនុវត្តន៍តាមក្បួនលោកគ្រូជោគជ័យសៀវ សុផល តទៅទៀតហើយ ក្រោយមានការរិះគន់ពេញផ្ទៃប្រទេសរឿងនាងលេងផែនការណ៍”ប្ដឹងខ្លួនឯង”នោះ។ប្រភពបានឲ្យដឹងថាអ្នកនាងខ្ញុង នឹងចេញមុខលើកញ្ចក់ទូរទស្សន៍សារជាថ្មីនៅCtn ចាប់ពីដើមខែធ្នូឆ្នាំ២០២១នេះហើយដែលអ្នកគ្រប់គ្រងទូរទស្សន៍នេះនៅតែផ្ដល់ឱកាសឲ្យនាងព្រោះចង់ឲ្យនាងមានការងារធ្វើដើម្បីបានប្រាក់យកទៅសងគេហើយលែងសុំជនួយគេទៀត។



លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៣ខែធ្នូ ថាលោកមិនទាន់អាចនិយាយរឿងរ៉ាវខ្ញុង នៅពេលនេះបានទេព្រោះរងចាំថ្នាក់លើអនុញ្ញាត្តិជាមុនសិន។យ៉ាងណាលោកថាពេលមេខាងលើសម្រេចយ៉ាងណាលើអ្នកនាងខ្ញុង ហើយលោកនឹងឆ្លើយគ្រប់សំណួររបស់អ្នកកាសែតដែលមានចម្ងល់ពីបញ្ហានេះ។ប៉ុន្ដែអំឡុងពេលដែលខ្ញុង កំពុងពិបាកចិត្តរឿងជំពាក់លុយធនាគារហើយលើកម្រាមដៃដប់សំពះសុំលុយពីមហាជននោះលោកតាវ៉ិចទ័រ ធ្លាប់បានប្រាប់អ្នកយកព័តមានយើងដែរថាCtn មិនទាន់លុបឈ្មោះខ្ញុង ចេញនោះទេហើយសម្រាប់រូបលោកដែលធ្លាប់បណ្ដុះបណ្ដាលតារាកំប្លែងរូបនេះដោយផ្ទាល់រហូតដល់មានឈ្មោះល្បីល្បាញនោះនៅតែផ្ដល់ឱកាសឲ្យនាងប្រសិនបើខ្ញុង ចង់វិលវិញនៅថ្ងៃណាមួយ។លោករិទ្ធី សង្កត់ថាអ្នកសិល្បៈសំខាន់ណាស់”រក្សារកិត្តិយស១ថ្ងៃ គឺ១ជីវិត”។



សូមបញ្ជាក់ថាខ្ញុង បានចាប់អាជីពកំប្លែងនៅCtnរយៈពេលជាង១០ឆ្នាំដោយនាងមានឈ្មោះបោះសម្លេងព្រោះតែមានទេពកោសល្យនិយាយស្ដីខ្ញែតៗ ជាងគេនៅក្នុងក្រុមក្រោមការដុះខាត់ពីលោកសុវណ្ណ រិទ្ធី ។ប៉ុន្ដែស្រាប់តែនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ខ្ញុង បានLive ប្រកាសថានាងដើរចេញពីអាជីពមួយនេះហើយព្រោះសិល្បៈបានតែល្អមើល មិនល្អស៊ី។ក្រោយអះអាងបែបនេះខ្ញុង បានរងការរិះគន់យ៉ាងច្រើនថានាងភ្លេចកំណើតរហូតមានអ្នកខ្លះបានជេប្រមាថនាងថែមទៀតផងធ្វើឲ្យអ្នកនាងសុកាន់ដា ស្រក់ទឹកភ្នែកព្រោះតូចចិត្តពេកមិនគូណាគ្រាន់តែនាងសុំលាឈប់ពីលេងកំប្លែងសោះស្រាប់តែមានគេជេស្រោចលើខ្លួនបែបនេះ។ខ្ញុង ថាក្រោយលែងជាអ្នកសិល្បៈនេះនាងមិនទៅណាទេតែរកស៊ីតាមOnlineលក់ប្រហុកផ្អក ត្រីងៀតជាដើម តែពាក់កណ្ដាលខែតុលា ខ្ញុង បានLive វីដេអូនៅមុខតុលាការយំហូទឹកភ្នែកជោគថ្ពាល់តែម្ដងដោយនាងថាជំពាក់លុយគេជិត៣០នាក់សរុបចំនួន៥៧២០០០ដុល្លារហេតុនេះហើយនាងសុំឲ្យមហាជនជួយនាងតាមរយៈការបាញ់លុយដោយទឹកចិត្តតាមAba។ទស្សនិកជនជាច្រើនរួមទាំងអ្នករត់ម៉ូតូឌុប,កង់បី និងកម្មករសំណង់ផងបានបាញ់លុយឲ្យខ្ញុង ចង់គាំងទូរស័ព្ទ តែអ្វីដែលពួកគេខកចិត្តនោះស្រាប់តែលោកគ្រូជោគជ័យសៀវ សុផល បានចេញមកបកអាក្រាតខ្ញុង ថាលោកជាអ្នករៀបយុទ្ធសាស្រ្ដឲ្យខ្ញុង អនុវត្ត៍ផែនការណ៍”ប្ដឹងខ្លួនឯង”តាមរយៈការសុំលុយពីមហាជន។ខ្ញុង ឈឺចាប់ណាស់មិនគូណាលោកគ្រូជោគជ័យចេញមកពេលនេះធ្វើឲ្យនាងបាក់មុខហើយត្រូវមហាជនអស់ជំនឿរលែងបាញ់លុយឲ្យនាងទៀត ។តារាកំប្លែងរូបនេះថែមទាំងទម្លាយរឿងលោកគ្រូជោគជ័យរូបនេះទារលុយនាងចំនួន១ម៉ឺនដុល្លារពីការសុំជួបដោយផ្ទាល់ដើម្បីរកវិធីដោះស្រាយរឿងបំណុលទាំងនោះដែរតែមានតែ៥០០ដុល្លារពីការបញ្ចាំទូរស័ព្ទដើម្បីបានជួបលោកគ្រូ។ដោយសារលោកសុផល ខ្មាសគេនិងបាក់មុខព្រោះតែខ្ញុង នោះទើបលោកព្រមបាញ់លុយឲ្យទៅខ្ញុង វិញហើយចាប់ពីពេលនេះខ្ញុង លែងសុំលុយពីមហាជនទៀតគឺនាងរកស៊ីលក់សាច់ជ្រូកនិងផ្អកតាមOnline ទើបថ្មីៗនេះក៍មានដំណឹងថាខ្ញុង ត្រៀមចាប់អាជីពកំប្លែងនៅCtnឡើងវិញ។



អ្នកព័តមានយើងព្យាយាមទូរស័ព្ទទៅអ្នកនាងខ្ញុង និងស្វាមីនាងនាយកៃដ ជាច្រើនលើកតែតេមិនចូលឡើយកាលពីថ្ងៃទី៣ធ្នូ។ប៉ុន្ដែនាយកដៃ ធ្លាប់ប្រាប់”នគរធំ”ពេលដែលអ្នកនាងខ្ញុង ប្រកាសឈប់ពីអាជីពកំប្លែងCtnនោះថានាយ មិនជឿរភរិយាផ្ដាច់ខ្លួន ទាំងស្រុងពីអាជីពសិល្បៈនោះទេ។ស្វាមីខ្ញុង ថែមទាំងថាមិនជំទាស់នោះទេប្រសិនបើប្រពន្ធថាឈប់លេងកំប្លែងតែនៅថ្ងៃណា មួយនាងចូលវិញនោះគឺច្បាស់ជាគាត់មានមូលហេតុផ្ទាល់ខ្លួនជាមិនខាន៕

