Thursday, November 28, 2024
Homeព័ត៌មានជាតិដឹកឈើអត់ច្បាប់ ចូលដេប៉ូឈើឈ្មួញធំ មន្ត្រីជំនាញអត់ហ៊ានប៉ះ

ដឹកឈើអត់ច្បាប់ ចូលដេប៉ូឈើឈ្មួញធំ មន្ត្រីជំនាញអត់ហ៊ានប៉ះ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា ការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជា គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ  ភាគច្រើនដឹកចូលដេប៉ូឈើ លោកសិច ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ថា សព្វថ្ងៃគេសង្គេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ លោកសិច ដែលដើរអ៊ួត ក្អេងក្អាងថា ក្នុងខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេក៏សង្ស័យ ដែរថា គ្មានច្បាប់ណាគេអនុញ្ញាតឱ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ចែកចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះ នោះទេ។

ពលរដ្ឋដាក់ការសង្ស័យថា មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះ យកកន្លេលធំបន្លំ ដេកព្រោះតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីស៊ីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បី សង្គមជាតិ ធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឱ្យបម្រែបម្រួលអាកាសធាតុផងដែរ។

ប្រជាពលរដ្ឋ បានបញ្ផាក់ឱ្យដឹងថា ដេប៉ូឈើ១កន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្នា ស្រុកជ័យសែន ប៉ុន្តែមន្ត្រីជំនាញ ហាក់បីដូចមើលមិនឃើញសោះ។

 ប្រជាពលរដ្ឋបានប្រាប់បន្ថែមថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះសិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹក ចេញទៅលក់នៅតាមបណ្តាខេត្តនានា។

ពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាឈ្មួញឈើ មានឥទ្ធិពលខ្លាំងហួសស្មាន ទើបបានជាមន្ត្រីរដ្ឋបាលព្រៃឈើ តាំងពីថ្នាក់ខណ្ឌ រហូត ដល់ថ្នាក់មន្ទីរបរិស្ថាន មិនហ៊ានបង្ហ្រាប ហើយសូម្បីតែមកក្បែរដេប៉ូឈើខុសច្បាប់១នេះ ក៏មិនខ្ចីមកផង ទុកឱ្យឈ្មួញឈើរូបនេះ បង្កព្យុះភ្លៀង តាមចិត្ត។

ជាចុងក្រោយពលរដ្ឋក៏សូមសុំណូមពរ ទៅដល់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលប្រគល់ដាវអាជ្ញាសឹកឱ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូលផង។ ជាពិសេសទប់ ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ “នគរធំ” នៅំនិទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធបាននៅ ឡើយ។/

អ៊ុង សំអាត

RELATED ARTICLES