ភ្នំពេញ៖កាលពីខែកកក្កដា តារាចម្រៀងករុណា ពេជ្រ បានបង្ហើបថាលោកមានផែនការណ៍ចង់សង់Resort នៅខេត្តមណ្ឌុលគិរី ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងការស្រលាញ់ដក់ជាប់ចិត្តចំពោះទេសភាពដ៍ស្រស់ស្អាតនៅទីនោះ។ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះតារាថោនរូបនេះថាឥឡូវគម្រោងការណ៍នោះត្រូវបានលោកសម្រេចចិត្តផ្អឹបទុកមួយអន្លើសិនទៅហើយ។លោកថាចំពោះមូលហេតុគឺដោយសារតែលោកមិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះលោកត្រូវចេញដំណើរទៅប្រទេសបារាំងដើម្បីជួបម្ដាយនៅទីនោះព្រោះគាត់ទើបតែបានធូស្រាលពីជំងឺត្រៀតសរសៃកាលពីពេលថ្មីៗនេះ ហើយលោកបានVisaពីស្ថានទូតបារាំងដល់ទៅ១ឆ្នាំ ហេតុនេះហើយអាចនៅបារាំងយូខែជាងលើកមុនៗ។លោកបន្ថែមថាម្ដាយរបស់លោកក៍បានផ្ដាំឲ្យលោកគិតគូរពីការថែរទាំសុខភាពឲ្យបានច្រើនកុំគិតច្រើនឬធ្វើការងារច្រើនក្នុងពេលតែមួយ ខ្លាចមានបញ្ហារសុខភាពពិសេសទាក់ទងសសៃឈាម ហេតុនេះហើយបានជាលោកត្រូវផ្អាកការសង់Resort នៅពេលនេះសិន។ប៉ុន្ដែលោកថាមុខរបរមួយនេះលោកនៅតែស្រលាញ់ ហើយមិនបោះបង់ចោលរហូតទេពោលគឺលោកអាចនឹងធ្វើវាឡើងចេញរូបរាងនៅពេលខាងមុខ ជាពិសេសគឺពេលដែលលោកមានគ្រួសារនៅថ្ងៃអនាគតគឺអាចជួយការងារនេះបាន តែបើដូចលោករាល់ថ្ងៃតែម្នាក់ឯងអីចឹងមិនអាចធ្វើរឿងនេះបានឆាប់ៗបានទេ។



លោកករុណា ពេជ្រ ធ្លាប់ប្រាប់ថាទីតាំងដែលលោកចង់បើកResort នោះគឺនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌុលគិរី ហើយលោកបានទិញដីតំបន់នោះជាច្រើនឆ្នាំដែលមានទំហ៊ុំអាចធ្វើកន្លែងកម្សាន្ដនោះបាន ដោយលោកត្រៀមប្រើទុនតំណាក់កាលដំបូងខ្ទង់៤០ម៉ឺនដុល្លារក្នុងការសង់២០ទៅ៣០ផ្ទះសិន។ប៉ុន្ដែឥឡូវបំណងនេះត្រូវបានពន្យាពេលសិនទៅហើយ។ដោយឡែកកាលពីពេលថ្មីៗនេះលោកករុណា ពេជ្រ ក៍បានទៅសំអាតម៉ុងឪពុករបស់លោកនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាទីបញ្ចុះសពឪពុករបស់លោកឧបាសកម៉ុក សាខន ដែលទទួលមណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ដើម្បីសំពះលាឪពុកទៅមើលម្ដាយនៅបារាំង។



លោកថានឹងវិលពីបារាំងមកស្រុកខ្មែរឲ្យទាន់ការធ្វើបុណ្យខួប១០០ថ្ងៃជូនឪពុកនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២១ នៅស្រុកកំណើតរបស់ពុកលោក ទើបលោកត្រូវទៅបារាំងវិញ។ដោយឡែកទាក់ទងអាជីពចម្រៀងវិញតារាថោនរូបនេះទើបចេញបទ”មន្ដស្នេហ៍កំពង់ស្ពឺ”ដែលឆ្លុះបញ្ចាំងពីតំបន់ទេសចរណ៍របស់ខេត្តមួយនេះហើយលោកថានឹងត្រៀមចេញបទជាលក្ខណៈលើកស្ទួយវិស័យទេសចរណ៍ឲ្យបានគ្រប់ខេត្តក្រុងនាពេលខាងមុខផងដែរ៕



