ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឲ្យដឹងថាលោកមានអារម្មណ៍ព្រឺសំបុរតែម្ដងពេលដែលបានទៅដល់ពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ដើម្បីហាត់ត្រៀមច្រៀងសម្ដែងក្នុងពិធីពិធីសម្ពោធវិមានកីឡាដ្ឋាននៃពហុកីឡាដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១។លោកករុណា ពេជ្រ បន្ថែមថាការដែលលោកឡើងព្រឺសំបុរនោះគឺដោយសារតែពហុកីឡាដ្ឋានមរតកតេជោពិតជាស្រស់ស្អាតខ្លាំងណាស់ហើយពេលទៅឃើញផ្ទាល់គឺមានអារម្មណ៍ថាដូចនៅស្រុកគេអីចឹង។លោកបន្ថែមថាក្នុងនាមជាខ្មែរម្នាក់គឺពិតជាមានមោទនភាពណាស់ដែលយើងមានពហុកីឡាដ្ឋានដ៍អស្ចារ្យនៅពេលនេះ។



មិនត្រឹមតែរីករាយដែលមានឱកាសបានច្រៀងសម្ដែងសិល្បៈក្នុងកម្មវិធីសម្ពោធវិមានកីឡាដ្ឋាន នៃពហុកីឡាដ្ឋានមរតកតេជោនោះទេតែលោកករុណា ពេជ្រ ថាលោកហេងវិញព្រោះបានទិញសំបុត្រយន្ដហោះរួចទៅហើយដើម្បីទៅបារាំងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ខាងមុខនេះហើយស្រាប់តែកៀកថ្ងៃសម្ពោធពហុកីឡាដ្ឋានមរតកតេជោក៍មានក្រុមការងារអញ្ជើញឲ្យលោកចូលរួមពិធីនោះដែលលោកថាជាកិត្តិយសមួយព្រោះលោកក៍មានមុខក្នុងពិធីធំមួយរបស់ជាតិនេះ៕




