ភ្នំពេញ៖សុគន្ធ និសា បានដឹកដៃស្វាមីនាងលោកចៅ សម្បត្តិ ទៅអាមេរិកកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដើម្បីទៅកម្សាន្ដថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកល(Countdown)២០២១ឈានចូល២០២២នៅទីនោះ។ក្រោយទៅដល់ផ្ទះរបស់ស្វាមីនាងនៅរដ្ឋBoston សហរដ្ឋអាមេរិកនោះនិសា ហាក់មានអារម្មណ៍រីករាយព្រោះតំណើរលំហែកាយ៉ារបស់នាងចំពេលដែលរដូវរងារ(Winter)តែម្ដង ហើយតាមព័តមានថានាងនឹងវិលត្រឡប់មកស្រុកខ្មែរវិញនៅចុងខែមករាឆ្នាំ២០២២ឯណ្ណោះ។ប្រភពបានឲ្យដឹងថានិសា សម្រុកធ្វើការងារសិល្បៈទាំងការច្រៀងសម្ដែងលើឆាកដែលនាងបានទទួល,ថតMVរួមទាំងស្ពតពាណិជ្ជកម្ម រួចរាល់អស់ទើបនាងត្រូវនាំស្វាមីទៅដើរលេងតែម្ដង។



នេះជាលើកទី២ហើយដែលនិសា បាននាំប្ដីទៅអាមេរិកស្ទួនៗព្រោះកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ តារាហង្សមាសរូបនេះក៍បានបណ្ដើរប្ដីទៅកម្សាន្ដរយៈពេលជាង១ខែទើបវិលវិញនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។តាមព័តមានថាស្វាមីនិសា ចង់លើកទឹកចិត្តភរិយារបស់លោកដែលបានជាសះស្បើយពីជំងឺកូវីដ១០០%នោះទើបតម្រូវឲ្យមានដំណើរកម្សាន្ដនៅក្រៅស្រុកច្រើនជាងឆ្នាំមុនៗ។ប៉ុន្ដែនិសា វិញធ្លាប់វាចាថានាងនិងស្វាមីទៅអាមេរិកព្រោះមានកិច្ចការងារបន្ទាន់ត្រូវធ្វើជាមួយគ្នា តែនាងមិនប្រាប់ថាជារឿងអ្វីនោះឡើយ។ដោយឡែកមិត្តភក្ដិរួមអាជីពជាមួយសុគន្ធ និសា តែងតែជូនពរឲ្យនាងបានកូនង៉ាឆាប់ៗពិសេសក្រោយវិលពីអាមេរិកវិញគូតែទទួលបានកាដូធំមួយនេះព្រោះនាងរៀបការជាង៣ឆ្នាំហើយតែនៅមិនទាន់ពពោះ ខណៈដែលតារារួមដំបូលជាមួយនាងដូចជាឱក សុគន្ធកញ្ញា ,សួស វីសា ជាដើមនោះពេលនេះពួកគេមានមានកូនម្នាក់១ប្រលែងលេងទៅហើយ។



សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក និងបច្ចុប្បន្នជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយប្រចាំកម្ពុជា។និសា ធ្លាប់បង្ហើបប្រាប់អ្នកយកព័តមានយើងថានាងចង់ផ្ដល់កំណើតកូនដំបូងលើទឹកដីអាមេរិក (កើតភ្លាមបានសញ្ជាតិ្ដភ្លែត)តែម្ដង ។ប៉ុន្ដែរយៈពេលជាង៣ឆ្នាំទៅហើយតារាស្រគត់ស្រគុំរូបនេះនៅតែមិនទាន់មានកូនឡើយ ហេតុនេះហើយការទៅអាមេរិកលើកនេះនឹងធ្វើឲ្យនិសា សម្រេចបំណងនេះជាមិនខាន ព្រោះនាងថាចាស់ទុំទាំងសងខាងបានជម្រុញឲ្យនាងយកកូនតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ៕



