ភ្នំពេញ៖តារាកំប្លែងលោកប៉ុល សារឿង ហៅនាយតាក់ស៊ី បានធ្វើពិធីឡើងផ្ទះ និងសម្ពោធហាងថ្មីតម្លៃសរុប១៨ម៉ឺនដុល្លារនៅបុរីហ្រ្គេនភ្នំពេញនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ។នេះបើតាមអ្នកសិល្បករដែលត្រូវទៅចូលរួមកម្មវិធីរបស់នាយតាក់ស៊ី បង្ហើបប្រាប់។ការមានផ្ទះថ្មីហាងផ្ទាល់ខ្លួនរបស់នាយតាក់ស៊ី នៅពេលនេះបញ្ជាក់ថាខ្សែរជីវិតរបស់អ្នកកំប្លែងរូបនេះ គឺមានភាពប្រែប្រួលស្ទើតែ៣៦០ដឺគ្រេ បើប្រៀបធៀបអំឡុងពេលដែលនាយ ធ្លាក់ខ្លួនក្រោយលែងលះជាមួយអតីតប្រពន្ធនាងភីម កាលពីពាក់កណ្ដាលឆ្នាំ២០១៩នោះ។យ៉ាងណាដូចពាក្យគេថា”សំណាបយោងដីស្រ្ដីយោងបុរស” នោះគឺមិនខុសនោះទេ ព្រោះការមានជីវភាពល្អប្រសើរ ឡើងវិញរបស់នាយតាក់ស៊ី នៅពេលនេះក្រោយពីនាយបានជួបប្រពន្ធថ្មី ដែលតែងតែព្យាយាមជួយលើកទឹកចិត្តនាយ ទាំងការងារសិល្បៈនិងការរកស៊ី។



ប៉ុន្ដែអតីតប្ដីនាងភីម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយមានជំងឺប្រចាំកាយគឺខ្វះជាតិស្ក ហេតុនេះហើយគ្រូពេទ្យតម្រូវឲ្យនាយចាក់ថ្នាំ អាំងសាលីន និងលេបថ្នាំអស់១ជីវិតតែម្ដង ហើយការចាក់ថ្នាំនោះនាយមិនបានទៅរកគ្រូពេទ្យចាក់ឲ្យនោះទេគឺចាក់ខ្លួនឯង១ថ្ងៃ២ម្ជុល ទើបធ្វើឲ្យនាយមានកំលាំងនិងសុខភាពល្អប្រសើរឡើងវិញបានបន្ដិចដើម្បីបានលេងកំប្លែងបំពេរអារម្មណ៍មហាជន។



សូមរំលឹកថាលោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៥ឆ្នាំ បានបានចែកផ្លូវគ្នាជាមួយអ្នកនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់កូនប្រុសម្នាក់ឈ្មោះរឿង ជីវន្ដ អាយុ១៧ឆ្នាំ។កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ នាយតាក់ស៊ី បានសាងផ្នួសនៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពុង ខេត្តកំពង់ស្ពឺ តែដោយសារតែជំងឺខ្វះជាតិស្កធ្វើទុក្ខខ្លាំងពេកទើបនាយបានលាចាកសិក្ខាបទមកវិញនិងចូលរួមជាមួយក្រុមកំប្លែងCtn សារជាថ្មីឡើងវិញ ខណៈដែលជាញឹកញាប់គេឃើញនាយតាក់ស៊ី និងនាងភីម ច្រើនតែស៊កសំដីដាក់គ្នាទៅវិញទៅមកនៅលើឆាករហូតធ្វើឲ្យអ្នកគ្រប់គ្រងក្រុមកំប្លែងលោកតាវ៉ិច ទ័រ មានការបារម្ភទៀតផង បើទោះជាពេលនេះនាយមានប្រពន្ធថ្មីជានារីម្នាក់មកពីខេត្តស្វាយរៀង អាយុ៤០ឆ្នាំជួយព្យាបាលបេះដូងទៅហើយក្ដី។គេកត់សម្គាល់ថាមុននាយតាក់ស៊ី ឡើងផ្ទះនិងសម្ពោធហាងថ្មីតម្លៃសរុបជិត២០ម៉ឺនដុល្លារនេះនាយ ក៍បានទិញរថយន្ដទំនើបម៉ាកLexus Rx330 ជិះយ៉ាងកាលីពផងដែរ៕



