ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានអូសវ៉ាលីចេញដំណើរឡើងយន្ដហោះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវេលាម៉ោង៦ល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ដើម្បីទៅបារាំងជួបនិងមើលថែរម្ដាយដែលទើបតែបានធូស្រាលពីជំងឺត្បៀតសសៃឈាម។លោកករុណា ពេជ្រ បានប្រាប់អ្នកយកព័តមានយើងថាម្ដាយរបស់លោកបានទៅរស់នៅប្រទេសបារាំងរយៈពេលជាង២០ឆ្នាំមកហើយ ខណៈដែលជារៀងរាល់ឆ្នាំឲ្យតែនៅខែត្រជាក់គាត់ច្រើនតែចុះមកស្រុកខ្មែរ តែដោយសារតែមុននេះម្ដាយទើបមានសុខភាពល្អឡើងវិញបាន៦០%ពីជំងឺទើបលោកត្រូវតែចេញទៅជួបនិងមើលម្ដាយដោយផ្ទាល់។តារាចម្រៀងថោន រូបនេះបានឲ្យដឹងដែរថាលោកសូមថ្លែងអំណរគុណដល់ស្ថានទូតបារាំងដែលបានផ្ដល់Visa ដល់ទៅ១ឆ្នាំឲ្យលោកបានទៅមើលម្ដាយ ស្របពេលដែលកន្លងមកលោកធ្លាប់តែបានVisa ពី១ទៅ៣ខែឬ៤៥ថ្ងៃប៉ុណ្ណោះ។លោកពេជ្រ បន្ថែមថាតាមពិតលោកធ្លាប់ចេញចូលទៅបរទេសច្រើនហើយ ប៉ុន្ដែឲ្យតែនៅខែត្រជាក់បែបនេះគឺលោកគេចតែម្ដងព្រោះចាញ់ត្រជាក់តែលើកនេះជាកត្តព្វកិច្ចដែលលោកត្រូវតែទៅជួបម្ដាយទើបមិនអាចពន្យាពេលបាននោះទេ។



ថ្វីត្បិតតែលោកករុណា ពេជ្រ បានVisa ពីស្ថានទូតបារាំងដល់ទៅ១ឆ្នាំមែន ប៉ុន្ដែលោកថាតំណាក់កាលដំបូងនេះលោកទៅត្រឹមតែជិត៣អាទិត្យសិនប៉ុណ្ណោះក៍ត្រូវចុះមករៀបចំធ្វើបុណ្យខួបគម្រប់១០០ថ្ងៃឲ្យឪពុករបស់លោកឧបាសកម៉ុក សាខន នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ខាងមុខនេះ នៅស្រុកកំណើតឪពុកនិងជាទីបញ្ចុះសពរបស់គាត់នៅម៉ុងទីនោះគឺនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីគាត់បានទទួលមរណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១។



ទាក់ទងអាជីពចម្រៀងវិញលោកករុណា ពេជ្រ ថាលោកមិនបារម្ភប្រឈមភាពស្ងប់ស្ងាត់នោះទេ ព្រោះក្រោយធ្វើបុណ្យ១០០ថ្ងៃឲ្យឪពុករួចលោកនឹងត្រៀមថតMVបទចម្រៀងលើកស្ទួយពីវិស័យទេសចរណ៍ដល់ទៅ៣ខេត្តគឺខេត្តបាត់ដំបង,ខេត្តប៉ៃលិន និងខេត្តឧត្តមាជ័យ ខណៈដែលមុននេះលោកបានចេញបទ”មន្ដស្នេហ៍កំពង់ស្ពឺ” បង្ហាញពីតំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺ ហើយមិនមែនតែ៤ខេត្តខាងលើនោះទេ ពោលគឺលោកមានគម្រោងចេញបទចម្រៀងលើកស្ទួយវិស័យទេសចរណ៍គ្រប់ខេត្តក្រុងតែម្ដង។លោកករុណា ពេជ្រ បានឲ្យដឹងទៀតថាក្រោយធ្វើបុណ្យជូនឪពុក១០០ថ្ងៃរួច និងថតMVបទចម្រៀងទាំង៣ខេត្តខាងលើហើយទើបលោកត្រូវវិលទៅជួបម្ដាយនៅបារាំងម្ដងទៀត ហេតុនេះហើយបានន័យថារយៈពេល១ឆ្នាំនេះលោកចង់ចូលទៅបារាំងដើម្បីជូបម្ដាយឬមកខ្មែរពេលណាក៍បាន អីចឹងបទចម្រៀងរបស់លោកនៅតែមានចេញជាធម្មតា៕



