ភ្នំពេញ៖កុល ដាវី បានពពោះកូនស្រីជិត៧ខែទៅហើយដែលនាងនឹងត្រូវសម្រាលនៅដើមខែមេសាឆ្នាំ២០២២ ខាងមុខនេះ។លោកសុខ រក្សា ស្វាមីរបស់ដាវី បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ខែធ្នូ ថាពេលនេះភរិយារបស់លោកនិងកូនស្រីគឺមានសុខភាពល្អប្រសើរដូចគ្នា។រក្សា បន្ថែមថាចំពោះអារម្មណ៍វិញទាំងរូបលោកនិងដាវី គឺសប្បាយចិត្ត រីករាយខ្លាំងណាស់ដែលបានកាដូមិនអាចកាត់ថ្លៃបានជាកូនស្រីនៅពេលនេះ។



កុល ដាវី បានរៀបការកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ ជាមួយតារាចម្រៀងលោកសុខ រក្សា ហើយក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាជាង២ឆ្នាំនេះអ្នកទាំង២ចាប់ដៃគ្នារកស៊ីមានជីវភាពធូធាខ្លាំងដូចជាមានផ្ទះ២កន្លែងនិងជិះរថយន្ដល្អៗ។ប៉ុន្ដែកាលពីខែតុលាឆ្នាំ២០២០ ដាវី-រក្សា បានជួបរឿងខកចិត្តធំម្ដងរួចទៅហើយព្រោះតែកូនក្នុងផ្ទៃរបស់ដាវី ទើបមានបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក៍បាត់បង់ទៅវិញទើបធ្វើឲ្យប្ដីប្រពន្ធតារា១គូនេះសោកស្ដាយគ្មានអ្វីប្រៀបបានឡើយ។ពេលនោះលោករក្សា បានប្រាប់ថាដោយសារតែដាវី ប្រឹងធ្វើការខ្លាំងពេកទាំងការងារសិល្បៈ និងលក់ផលិតផលតាមOnline ទើបបណ្ដាលឲ្យមិនមានពេលគ្រប់គ្រាន់ថែរក្សារសុខភាពឲ្យបានល្អ។ប៉ុន្ដែសម្រាប់ការមានកូនលើកទី២នេះលោករក្សា បានអះអាងថាដាវី ត្រូវផ្អាកថតសម្ដែងកុនដល់ទៅរយៈពេល២ឆ្នាំឯណ្ណោះ ដើម្បីបំប៉នសុខភាពឲ្យបានល្អទាំងម្ដាយនិងកូន ខណៈរូបលោកគឺត្រៀមខ្លួនទទួលបានកូនស្រីដ៍គូរឲ្យស្រលាញ់នៅពេលខាងមុខនេះហើយ។ប៉ុន្ដែលោករក្សា អះអាងថាក្រោយដាវី សម្រាលកូនរួចនាពេលខាងមុខនេះគឺមើលទៅតាមសុខភាពនិងពេលវេលាជាក់ស្ដែងទើបសម្រេចចិត្តធ្វើទៅតាមពេលវេលារឿងការងារសិល្បៈសារជាថ្មីឡើងវិញ។


អំឡុងពេលកុល ដាវី ពពោះនេះលោកររក្សា បាននាំភរិយាទៅពិនិត្យផ្ទៃពោះនិងតាមដានសុខភាពទាំងម្ដាយនិងកូនយ៉ាងទៀងទាត់បំផុត ហើយតារាស្រីរូបនេះបានបោះបង់ចោលការថតភាពយន្ដជាច្រើនរឿងផងដែរក្នុងការផ្អាកការងារសិល្បៈដល់ទៅ២ឆ្នាំនេះ។ប៉ុន្ដែលោកសុខ រក្សា នៅបន្ដធ្វើការងារសិល្បៈនិងក្រៅសិល្បៈរបស់លោកជាធម្មតា ខណៈដែលនៅថ្ងៃរៀបការដាវី ធ្លាប់និយាយថានាងចង់បានកូន៣ ហើយលោករក្សារ ថាលោកចង់បានកូនកាន់តែច្រើនរឹតតែល្អ។


កុល ដាវី ស្ថិតក្នុងចំណោមតារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងយក់ ថិករដ្ឋា,ពេជ្រ សោភា,ទេព បូព្រឹក្ស ,ប៉ាច គីមមួយ និងម៉ា នីកា ជាដើម។អតីតតារាសម្ដែងស៊ិចស៊ីរូបនេះត្រូវប៉ាន់ទីផ្សារសម្ដែងភាពយន្ដជាច្រើនរឿងនៅរយៈពេលចុងក្រោយនេះ ប៉ុន្ដែដើម្បីសុភមង្គលក្នុងគ្រួសារ កាន់តែមានភាពរឹងមាំហេតុនេះហើយការយកកូនជារឿងចាំបាច់បំផុតដែលត្រូវតែធ្វើ បើទោះជាដាវី ត្រូវបោះបង់ចោលការថតភាពយន្ដឬបាត់ចំណូលអស់មួយផ្នែកអំឡុងពេលដែលនាងពពោះនិងងក្រោយសម្រាលរហូតដល់រឹងដៃរឹងជើងទើបឈានទៅចាប់អាជីពចាស់សារជាថ្មីវិញក្ដី។ប៉ុន្ដែសម្រាប់មុខរបរតាមOnlineវិញដាវី នៅតែតំណើរការជាធម្មតាដោយនាងមានកូនចៅជាអ្នកធ្វើជំនួស។ មហាជនមួយចំនួនចង់ឃើញកុល ដាវី-សុខ រក្សា ក្លាយទៅជាគូស្នេហ៍គំរូក្នុងសិល្បៈដូចគ្នាទៅនិងយក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត ដែរ ខណៈដែលជាញឹកញាប់ទាំងដាវី និងរក្សា តែងតែបង្ហាញពីការប្រឹងប្រែងធ្វើការរកលុយដូចគ្នា និងបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍មិនដែលមានបញ្ហាក្វែងគំនិតគ្នាឡើយ។គេជឿរថាក្រោយដាវី សម្រាលកូនមុនចូលឆ្នាំខ្មែរនោះលោករក្សា នឹងកាន់តែថ្នាក់ថ្នមភរិយាសំណព្វចិត្តរបស់លោកខ្លាំងជាងនេះថែមទៀតជាមិនខាន៕



