ភ្នំពេញ៖ជាលើកទី១ហើយដែលតារាចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន ហៅខេម ចេញមុខសរសើរពីគុណសម្បត្តិភរិយារបស់លោកអ្នកនាងស្រីកា ថាកំពូលស្នេហ៍របស់លោកម្នាក់នេះហើយជាទីប្រឹក្សារ ឬជំនួយការម្នាក់ដែលធ្វើឲ្យលោកមានស្នាមញញឹម និងយោបល់ដល់រូបលោករយៈពេល៥ឆ្នាំមកហើយ។ដោយមិនឲ្យអ្នកនាងស្រីកា ងាកមុខចេញឬពាក់ម៉ាសក៍ដូចលើកមុនៗនោះទេគឺខេម ថតកៀកកើយអនាគតភរិយាជាចំហតែម្ដង ធ្វើឲ្យFanតារារូបនេះលាន់មាត់ថា”ប្រពន្ធខេម ស្អាត មិនចាញ់តារាឡើយ”។ប៉ុន្ដែនៅពេលអ្នកគាំទ្រសួរលោកខេម ថាតើនឹងរៀបការជាមួយគូស្នេហ៍ពេលណាព្រោះសាកសមគ្នាខ្លាំងណាស់នោះ អតីតតារាថោន រូបនេះមិនឆ្លើយសំណួរដែលទស្សនិកចង់ដឹងនោះទេ។ទោះជាយ៉ាងណាក្នុងជំនួបជាមួយខេម កន្លងមកតារាGalaxy រូបនេះធ្លាប់ប្រាប់ថាមិនយូនោះទេគឺអាច២ទៅ៣ឆ្នាំខងមុខទៀតអាចនឹងមានដំណឹងល្អ(រៀបការ)ហើយ។ប៉ុន្ដែលោកថាមិនអាចនិយាយទុកជាមុនថារៀបការនៅថ្ងៃខែឆ្នាំណាឲ្យជាក់លាក់ជាមុនបានឡើយ។



ខេម បានភ្ជាប់ស្នេហ៍ជាមួយនារីអាណិកជនខ្មែរនៅបារាំង ឈ្មោះអ្នកនាងស្រីកា រយៈពេលជាង៥ឆ្នាំមកនេះធ្លាប់ត្រូវបានគេសង្ស័យថាលោកមានកូន២នាក់(ស្រី១)តែខេម បានប្រកែកដោយអះអាងថាក្មេងប្រុសអាយុខ្ទង់៣ឆ្នាំនោះជាកូនលោកឧកញ៉ាម្នាក់ដែលលោកទុកជាបងប្រុស ខណៈដែលក្មេងស្រីអាយុក្រោម១ឆ្នាំដែលលោកបញ្ចុកទឹកដោះគោ និងបីអោបមើលទៅដូចជាកូននោះតាមពិតជាក្មួយរបស់លោកទេ។តែខេម ថារឿងចង់បានកូនអ្នកណាក៍ចង់បានដែរគ្រប់តែគ្នាហ្នឹងប៉ុន្ដែរូបលោកនៅមិនទាន់មានដូចគេឡើយ។



ទស្សនិកជនចាប់អារម្មណ៍ថាខេម ក្រោយចាកចេញពីថោន ទៅGalaxyជាង១ឆ្នាំមកនេះលោកនៅមិនទាន់មានសន្ទុះខ្លាំងដូចមុនទេ ព្រោះតែឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ គ្របពីលើទើបធ្វើឲ្យលោកសុណារិន ហាក់នៅទ្រឹង។យ៉ាងណាខេម នៅតែស្ថិតក្នុងចំណោមតារាចម្រៀងសំខាន់ទាំង៣របស់Galaxy ក្នុងនោះ២ដួងទៀតគឺលោកព្រាប សុវត្ថិ និងនាងតន់ ច័ន្ទសីម៉ា។មហាជនរងចាំមើលថាតើខេម នឹងហ៊ានដឹកដៃអ្នកនាងស្រីកា ចូលរោងការ នាពេលខាងមុខនេះមែនឬយ៉ាងណា? ដើម្បីបញ្ចប់មន្ទិលសង្ស័យថាលោកសុណារិន ចង់សាងស្នេហាបែបអ៊ឺរុប និងខ្លាចរោងការបំផុតនោះ៕



