ភ្នំពេញ៖លោកយក់ ដួងតារា ដែលត្រូវបានទស្សនិកជនគាំទ្របទចម្រៀងប្រភេទរដឺន និងលុកធុងជាច្រើនបទរបស់ហង្សមាសនោះបានប្រាប់ថាពេលនេះមិត្តរួមក្រុមភាគច្រើនគេមានគូអស់ទៅហើយ នៅឡើយតែលោកអាយុក្បែ៤០ឆ្នាំ មិនទាន់មានគូជីវិតនោះទេ។យ៉ាងណាលោកថាដោយសារតែអតីតកាលធ្លាប់ដំបៅបេះដូងទើបធ្វើឲ្យរយាលៗរហូតពីការរកគូគាប់នេះ ហើយឃើញមិត្តភក្ដិគេរៀបការលោកមានតែអបអរសាទរ ព្រោះធ្វើម៉េចបើខ្លួនឯងរកមិនទាន់ឃើញគូដូចគេ។លោកយក់ ដួងតារា បន្ថែមថាពីមុនលោកក៍ធ្លាប់មានសង្សារដែរ តែមិនទាន់បានរៀបការផង ក៍ចែកផ្លូវគ្នា ហើយតាំងពីពេលនោះមកលោករស់នៅម្នាក់ឯងជារៀងរហូតមក។យាងណាលោកតារា ថានឹងអាចគិតគូពីរឿយកប្រពន្ធនេះក្នុងពេលឆាប់ៗខាងមុខនេះហើយដោយលោកថាអាចនឹងជ្រើសគូស្នេហ៍ជាអ្នកក្រៅស្រុកដូចមិត្តរួមក្រុមលោកនៅ ស៊ីនឿន ដែរដោយសារតែម៉ារយៈមុននេះលោកស្គាល់គ្នាជាមួយនារីម្នាក់នៅបរទេស ហើយទោះជាមិនទាន់បានជួបមុខគ្នាផ្ទាល់ក្ដី តែការទំនាក់ទំនងគ្នាតាមបណ្ដាញសង្គមជាច្រើនខែមកហើយនោះយល់ចិត្តគ្នាល្អ។



យក់ ដួងតារា នៅតែជាតារាហង្សមាសបើទោះជាមិត្តភក្ដិដ៍ជិតដិតរបស់លោកគឺរិន សាវ៉េត និងសាពួន មីដាដា ពួកគេបានចាកចេញពីផលិតកម្មនេះអស់ទៅហើយក្ដី។តារាចម្រៀងកំព្រាឪពុកម្ដាយហើយធ្លាប់ស្នាក់នៅទីអារ៉ាមមួយនៅខេត្តតាកែវរូបនេះត្រូវបានហង្សមាសផ្ដល់ឱកាសឲ្យបានថតភាពយន្ដជាបន្ដបន្ទាប់ផងដែរ ខណៈដែលថ្មីៗនេះលោកថាមានមោទនភាពខ្លាំងណាស់ព្រោះបានសម្ដែងភាពយន្ដរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ័មី”ដែលជាប្រវត្តិរបស់សម្ដេចតេជោហ៊ុន សែន ។



ដោយឡែកទាក់ទងអាជីពចម្រៀងវិញលោកដួង តារា ថានៅតែមានបទចេញជាហូហែ ប៉ុន្ដែតាំងពីចាប់អាជីពចម្រៀងជាង១ទសវត្សន៍មកនេះលោកមិនធ្លាប់ធ្វើការជាតារាចម្រៀងនៅពេលរាត្រីប្រចាំនៅក្លឹប ឬហាងណាមួយនោះទេ ទើបធ្វើឲ្យគ្មានចំណូលបន្ថែមដូចគេ។លោកតារា បន្ថែមថាមិនមែនលោកខ្លាចធ្លាក់កូដឬមិនចង់ច្រៀងយប់ដូចគេនោះទេ ប៉ុន្ដែដោយសារតែលោកគ្មានទំនាក់ទំនងជាមួយថៅកែហាង និងក្លឹបទាំងនោះទើបចេះតែខ្មាយៗទៅ។លោកថាបច្ចុប្បន្ននៅពេលដែលថតបទចម្រៀងឬច្រៀងឆាមឆាកលោកមកភ្នំពេញ តែពេលធ្វើការងារសិល្បៈចប់លោកក៍ទៅខេត្តតាកែវវិញដោយស្នាក់នៅវត្តមួយព្រោះលោកធ្លាប់មានអនុស្សារីយ៍នៅទីនោះជាច្រើនឆ្នាំមកហើយ។ដោយឡែកទាក់ទងរឿងការប្រពន្ធវិញលោកតារា ថានៅតែមិនទាន់អាចកំណត់នឹងធ្វើនៅពេលណាបានឡើយ ទោះជាពេលនេះលោកនិងនារីនៅបរទេសម្នាក់កាន់តែស្និតស្នាលគ្នាតាមតាមឆាតហ្វេសបុកជាច្រើនខែក្ដី៕



