របាយការណ៍ជាច្រើនបានអះអាងថាតម្រូវការខ្សាច់ច្រើនឡើងក្នុងស្រុក និងការនាំចេញលើសកម្រិត បានបង្កអោយមានការប៉ះពាល់យ៉ាងខ្លាំងនៅក្នុងវិស័យនេះ ជាពិសេសគឺបញ្ហាបាក់ច្រាំងទន្លេដែលនៅតែកើតមាន និងបញ្ហាបទល្មើសមិនអស់មិនហើយលើអាជីវកម្មខ្សាច់នោះតែម្ដង។ អង្គការសង្គមស៊ីវិលបានទាំងបន្តស្នើម្ដងហើយម្ដងទៀតអោយផ្អាកនាំចេញខ្សាច់ទៅក្រៅប្រទេស ជាពិសេសគឺនាំចេញទៅវៀតណាម និងសិង្ហបុរី ដែលអាចធ្វើអោយកង្វល់ក្នុងការទប់ស្កាត់ល្មើស និងអំពើពុករលួយកើតមានមិនអស់មិនហើយនោះផង។
យោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងពាក់ព័ន្ធបានអះអាងថាប្រទេសកម្ពុជានៅតែបាននាំចេញខ្សាច់ជាទ្រង់ទ្រាយធំទៅកាន់ប្រទេសសិង្ហបុរី ដោយសារតែប្រទេសមួយនេះមានការកុម្ម៉ង់ខ្សាច់កើនឡើងពីប្រទេសកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំបានទាំងអះអាងពីតួលេខខុសគ្នាក្នុងការនាំចេញខ្សាច់ទៅកាន់ក្រៅប្រទេសដែលធ្វើអោយគេមើលឃើញពីបញ្ហាពុករលួយនៅពីក្រោយខ្នងនោះផង។
លោកសន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ធ្លាប់បានថ្លែងថាក្រសួងរ៉ែ និងថាមពល នៅតែបាននាំខ្សាច់ពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរីក្នុងចំនួន២.៨លានតោន ខណៈដែលរបាយការណ៍នៅឯប្រទេសសិង្ហបុរីឯណោះវិញគឺបញ្ជាក់ថាមានចំនួនច្រើនជាងនេះ ទើបធ្វើអោយបាត់បង់ប្រាក់ចំណូលចូលរដ្ឋ។ លោកធ្លាប់បានសុំស្នើអោយក្រសួងមួយនេះផ្អាកការនាំចេញខ្សាច់ចេញជាបណ្ដោះអាសន្ន ដើម្បីធ្វើការពិនិត្យទិន្នន័យរវាងប្រទេសដែលទទួលទិញខ្សាច់ពីកម្ពុជាជៀសវាងបញ្ហាអំពើពុករលួយ។ លោកថាទីផ្សារខ្សាច់កើនឡើងគឺជារឿងប្រសើរ ប្រសិនបើខ្សាច់ទាំងនោះត្រូវដឹងអោយច្បាស់លាស់ ហើយមានការកាត់ចំណូលចូលរដ្ឋបានត្រឹមត្រូវ។ ក្នុងនោះការទប់ស្កាត់លើផលប៉ះពាល់ក៏អាចនឹងមានប្រសិទ្ធភាពផងដែរ ប្រសិនបើចំនួនជាក់ស្ដែងត្រូវបានបង្ហាញ ដើម្បីអោយមានតុល្យភាពនឹងស្ថានភាពបូមខ្សាច់នៅកម្ពុជា ថាតើនាំចេញកម្រិតប៉ុន្មានមិនមានផលប៉ះពាល់ ហើយនាំចេញកម្រិតណាវាគ្មានផលប៉ះពាល់។
ក្នុងពេលជាមួយគ្នានោះ សហស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក សាន ម៉ាឡា ៏បានបង្ហាញថាការនាំចេញខ្សាច់កើនឡើងហើយគ្មានតួលេខច្បាស់លាស់ ក៏ជារឿងខាតបង់មួយដល់កម្ពុជាផងដែរ។ លោកថារបាយការផ្លូវការ និងតួលេខនាំចេញបើខុសគ្នាច្រើន នោះបញ្ហាចោទនឹងត្រូវកើតមាន ជាពិសេសគឺនៅពេលស្ថិតិដែលបានបង្ហាញបានលាតត្រដាងថាខ្សាច់ដែលនាំចេញមានត្រូវត្រូវតាមច្បាប់អនុញ្ញាតិ ប៉ុន្តែធាតុពិតគឺមានចំនួនដែលអោយអោយជំនួញបូបខ្សាច់ខុសច្បាប់នឹងត្រូវកើតឡើង។ លោកថាគឺជារឿងចម្រូងចម្រាស់បើតួលេខខ្សាច់នាំចុងក្រោយក្នុងបញ្ជីមិនឆ្លុះបញ្ចាំងពីផលប៉ះពាល់ ហើយភាពជាក់ស្ដែងបែរជាមានខ្សាច់លើសកំណត់ច្បាប់ត្រូវបាននាំចេញ។ ជាក់ស្ដែងលោកថានៅមិនទាន់មានការបើកទូលាយលើការបញ្ជាក់ទិន្នន័យរបស់ក្រុមហ៊ុននីមួយៗដែលធ្វើអាជីវកម្មបូបខ្សាច់លក់ និងនាំចេញខ្សាច់ទៅកាន់ក្រៅប្រទេសនៅឡើយទេ ទើបធ្វើអោយលោកមើលឃើញពីផលប៉ះពាល់នៅពេលតម្រូវការខ្សាច់ក្នុងស្រុក និងក្រៅស្រុកមានការកើនឡើង។ លោកថារបាយការណ៍តិចណាស់ដែលអាចបញ្ចាក់ថាក្រុមហ៊ុនបូបខ្សាច់ដែលមានអជ្ញាប័ណ្ណពិតជាបានបូបខ្សាច់ស្របតាមបទដ្ឋាននីមួយៗ ហើយពិតជាមិនបានរួមចំណែកធ្វើអោយតំបន់ដែលខ្លួនសុំធ្វើអាជីវកម្មមានផលប៉ះពាល់។ លោកថាអាជីវកម្មខ្សាច់មានភាពចម្លែកគេ ព្រោះបើការកុម្ម៉ង់កើនឡើង ហើយរដ្ឋចេះតែផ្ដល់ច្បាប់អោយនាំចេញ នោះផលប៉ះពាល់លើបញ្ហាបាំងច្រាំងជាងដើមនឹងងាយកើតមានដោយសារតែតម្រូវការច្រើនរបស់បរទេសត្រូវបង្ខំអោយក្រុមហ៊ុនមានសិទ្ធនាំចេញបង្កើនការផលិតខ្សាច់ ហើយមិនគិតពីផលប៉ះពាល់បរិស្ថាន ដូចជាបាក់ច្រាំងទន្លេជាដើម។
លោក ឌីត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលធ្លាប់បានទទួលស្គាល់ថាតម្រូវការខ្សាច់កើនឡើងពិតជាធ្វើអោយអាជីវកម្មខ្សាច់មានការបង្កើនសកម្មភាព ហើយអាចប៉ះពាល់ដល់បរិស្ថាន និងក្រុមអ្នករស់នៅជាប់មាត់ទន្លេនៅពេលបាក់ច្រាំង។ យ៉ាងណាមិញ លោកថាក្រសួងបានត្រួតពិនិត្យឃើញថាក្រុមហ៊ុនដែលធ្វើការនាំចេញនាំចេញតែចំនួនដែលច្បាប់អនុញ្ញាតិប៉ុណ្ណោះ ហើយបើមានចំនួនលើសលោះណាមួយកើតឡើង ក៏ជាចំនួនដែលក្រសួងអាចទទួលយកបាន។ លោកថាតម្រូវការខ្សាច់ចាប់ផ្ដើមកើនឡើង បន្ទាប់ពីប្រទេសសិង្ហបុរីសុំទិញ ប៉ុន្តែបញ្ហាដែលលោកមើលឃើញគឺតម្រូវការក្នុងស្រុកឯណោះទេ ជាពិសេសនៅពេលប្រទេសកម្ពុជាទាក់ទាញអ្នកវិនិយោគិនបានច្រើនអោយចុះមកសាងសង់សំណង់ផ្សេងៗនាពេលចុងក្រោយ។ លោកថាក្រសួងនឹងបង្កើនការយកចិត្តទុកដាក់បទល្មើសអាជីវកម្មខ្សាច់ ហើយចំពោះតំបន់ដែលមានច្រាំងបាក់ ឬមានការប្រឈមផ្សេងៗក៏ក្រសួងបានចេញវិធានការទប់ស្កាត់ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ និងដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដែលក្រុមអង្គការសង្គមស៊ីវិល និងមហាជនមានការព្រួយបារម្ភនោះផងដែរ៕
ដោយ ៖ ប៉េង លី