ភ្នំពេញ៖កុល ដាវី ដែលកំពុងពពោះ៧ខែនោះត្រូវបានស្វាមីរបស់នាងលោកសុខ រក្សា បញ្ចេញរូបភាពក្បាលពោះស៊ិចស៊ីរបស់នាងនៅថ្ងៃខួបដាវី គម្រប់អាយុ៣៥ឆ្នាំកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ ហើយតារាចម្រៀងសាន់ដេរូបនេះថែមទាំងជូនពរឲ្យភរិយារបស់លោកកាន់តែមានរូបសម្រស់ស្រស់ស្អាត ជោគជ័យមុខរបរតាមOnline ជាពិសេសឲ្យកូនស្រីក្នុងផ្ទៃនិងម្ដាយមានសុខភាពល្អ។កុល ដាវី រីករាយខ្លាំងណាស់នៅពេលដែលត្រូវសំណព្វចិត្តរបស់នាងថ្នាក់ថ្នមទាំងចិត្តកាយមិនឲ្យសៅហ្មងនេះហើយនាងធ្វើតាមសំណូមពរស្វាមីមិនឲ្យទាស់ចិន្ដា នោះគឺការថែរទាំសុខភាពឲ្យបានល្អដោយហាមធ្វើកិច្ចការងារអ្វីផ្សេងៗ។
កុល ដាវី ពពោះលើកនេះមានការប្រុងប្រយ័ត្នខ្លាំងណាស់ព្រោះតែនាងនិងស្វាមីធ្លាប់បង្ហូរទឹកនេត្រាម្ដងរួចទៅហើយកាលពីខែតុលាឆ្នាំ២០២០ គឺប្ដីប្រពន្ធតារា១គូនេះបានជួបរឿងខកចិត្តដោយសារតែកូនទី១ក្នុងផ្ទៃដាវី ទើបបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក៍បាត់បង់ជីវិតទៅវិញព្រោះតែពេលនោះដាវី ប្រឹងធ្វើការពេកដូចជាការថតភាពយន្ដ និងលក់អ៊ឺវ៉ាន់តាមOnline។ដោយសារតែធ្លាប់មានបទពិសោធន៍និងមិនចង់ឲ្យជួបវប្បដិសារីជាលើកទី២ទើបដាវី ត្រូវសម្រាកពីការងារសិល្បៈដល់ទៅ២ឆ្នាំដើម្បីថែទាំសុខភាពឲ្យបានល្អ ខណៈដែលមុខរបរតាមOnline របស់នាងមានកូនចៅជាអ្នកធ្វើជំនួស។យ៉ាងណាលោករក្សា អះអាថាបន្ទាប់ពីសម្រាលកូននៅខែមេសាឆ្នាំ២០២២ ខាងមុខនេះរួច ដាវី នឹងនៅតែបន្ដការងារសិល្បៈហើយការថតរឿងគឺធ្វើទៅតាមសភាពជាក់ស្ដែង។
កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ ហើយក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះពួកគេមានជីវភាពធូធា ខ្លាំងដោយទិញបានផ្ទះ២កន្លែង និងមានរថយន្ដទំនើបៗជិះទៀតផង។ដាវី-រក្សា បានបង្កើតមុខរបរក្រៅសិល្បៈតាមរយៈការរៀបចំវង្សតន្រ្ដីសម្រាប់បម្រើតាមបណ្ដារកម្មវិធីទាំងឡាយដែលកាក់កបគូសមទើបធ្វើឲ្យកម្រិតនៃជីវភាពរបស់ពួកគេកាន់តែហក់ស្ទុះឡើង។គេជឿរថានៅពេលដែលដាវី សម្រេចបំណងបង្កើតកូនស្រីឲ្យលោករក្សា នោះច្បាស់ជាតារាសាន់ដេរូបនេះកាន់តែស្រលាញ់ប្រពន្ធស្ទើលេបជាមិនខានទើបមិត្តភក្ដិរួមអាជីពបានសរសើរអតីតតារាស៊ិចស៊ីរូបនេះថាមានសំណាងដែលមានប្ដីទុកនាងដូចជាព្រះនាង។តែតាមព័តមានថាមុនដាវី ពពោះលោករក្សា ក៍ប្រចណ្ឌហួងហែងនាងមិនណយដែរ៕