ភ្នំពេញ៖មាស សុខសោភា បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនាងព្រមឲ្យមិត្តភក្ដិដ៍ជិតដិតរបស់នាងគឺលោកឆន សុវណ្ណារាជ បញ្ចេញរូបភាពអាពាហ៍របស់នាងកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដែលពេលនោះលោកសុវណ្ណារាជ និងញឹម ចាន់ថន ឡើងកួចសែនចងដៃការនាង។នោះជារូបភាពដែលសោភា បានលាក់វាអស់រយៈពេល១២ឆ្នាំទើបស្ម័គ្រចិត្តឲ្យអ្នករួមអាជីពបង្ហាញជំនួសវិញដើម្បីឆ្លើយតបការរិះគន់ថានាងសាងស្នេហ៍រយៈពេលជាង១៤ឆ្នាំ(២០០៧-២០២២)ដោយគ្មានខាន់ស្លារមិនដូចសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមដែលពួកគេសុទ្ធតែបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរទាំងអស់។យ៉ាងណាក្រោយធ្លាយរូបរៀបអាពាហ៍ពិពាហ៍របស់មាស សុខសោភា ជាមួយលោកអ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរមកពីកាណាដា នោះមកមានការលើកឡើងខុសគ្នាដោយអ្នកខ្លះនាំគ្នាខ្សឹបខ្សៀវថាតើសោភា រៀបការឬសែនព្រេន?មនុស្សមួយចំនួនទៀតបានផ្ដល់រហ័សនាមហៅតារារាម រូបនេះជាកំពូលតារាពូកែលាក់អាថ័កំបាំងបំផុតលើលោកព្រោះរៀបការរយៈពេល១២ឆ្នាំទើបធ្លាយរូបសសែនកួចដៃ។
ដោយឡែកមជ្ឈដ្ឋានមហាជនដែលគាំទ្រសុខសោភា បានលើកឡើងខុសៗគ្នាដោយខ្លះថាសោភា ជាតារាគំរូម្នាក់ព្រោះនាងមានទ្រព្យអាចរៀបការធំធ្វើនៅសណ្ឋាគាផ្កាយប៉ុន្មានក៍បានដែរឲ្យតែចិត្តចង់ តែនាងមិនចង់ខ្ជះខ្ជាយដូចតារាមួយចំនួនទើបទោះខ្លួនជាតារាល្បីដល់កំពូលតែរៀបការយ៉ាងសាមញ្ញដោយសារតែនាងមិនចង់ចំណាយលុយកាក់ខ្ជះខ្ជាយ ព្រោះជីវិតស្នេហាសំខាន់នៅលើមនុស្សពីរនាក់ថាចុះសម្រុងនឹងអាចកាន់ដៃគ្នាតទៅមុខទៀតបានដែរឬអត់ មិនមែននៅលើការរៀបការផ្អើលមេឃនោះទេ។ប៉ុន្ដែអ្នកខ្លះថាមាស សុខសោភា ជាតារាដែលប្រជែងទីផ្សារចម្រៀងជាមួយឱក សុគន្ធកញ្ញា រយៈពេលជាង១០ឆ្នាំមកនេះយ៉ាងស្វិតស្វាញបំផុត ហេតុនេះហើយនាងគូតែរៀបការធំដូចសុគន្ធកញ្ញា ដើម្បីឲ្យសាកសមនិងកិត្តិយសរបស់នាងទើបត្រូវហើយគេជឿរថាទោះជាតារាចម្រៀងសំនៀងផ្អែមរូបនេះបានរៀបការតាមបែបសាសនាគ្រឹស្ដម្ដងរួចទៅហើយនៅកាណាដាកាលពីឆ្នាំ២០០៨ ដោយធ្វើនៅព្រះវិហារមួយ និងការដូចពិធីសែនព្រេននៅស្រុកខ្មែរថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ក្ដី ប៉ុន្ដែសោភា ប្រាកដជានឹងត្រៀមធ្វើពិធីពិសេសនេះម្ដងទៀតជាលក្ខណៈចំហមិនឲ្យចាញ់តារាល្បីៗផ្សេងៗទៀតនោះទេ បើមិនដូច្នេះទេនាងនឹងត្រូវគេបន្ដវាយប្រហាថាខ្លួនជាតារាល្បីល្បាញតែរៀបការភ្នែកនៅកញ្ចឹងកនោះតទៅទៀតជាមិនខាន។
សូមបញ្ជាក់ថាមាស សុខសោភា ក្រោយចេញរូបភាពការបែបសែនព្រេននោះមកស្រាប់តែមានគេទម្លាយថាតាមពិតនាងមានកូនប្រុសអាយុ១៤ឆ្នាំម្នាក់ទៅហើយ។ការធ្លាយចេញរូបភាពយុវវ័យម្នាក់ដែលមានមុខមាត់ស្រដៀងសោភា ហើយពីមុនបុរសនោះហៅសោភា ថា”Idol”តែពេលនេះហៅថា”ម៉ាក់ៗ”នោះនាំឲ្យមានការជជែកគ្នាច្រើននៅលើបណ្ដាញសង្គមដោយខ្លះថាសោភា យកកូនតាំងពីមុនរៀបការ និងខ្លះទៀតថាទើបចេញរូបភាពការមិនទាន់បាន១ខែផង ឥឡូវសោភា មានកូនកំលោះបាត់…។សុខសោភា ប៊ិះតែធ្វើឲ្យនាងរងការរិះគន់ថែមទៀតជុំវិញការសង្ស័យថាមានកូនតាំងពីមុនមានប្ដីនេះ ប៉ុន្ដែភ្លាមៗនោះបុរសម្នាក់ដែលជិតស្និតសោភា ហើយមានឈ្មោះអាខោនហ្វេសបុកថាTino Jessy នោះបានអះអាងថាយុវជនដែលមានហ្វេសបុកឈ្មោះថាBovee Hundley នោះមិនមែនជាកូនរបស់សោភា នោះទេតែជាក្មួយរបស់នាង និងសូមកុំឲ្យទស្សនិកជនមានការយល់ច្រឡំទៀតអី។ការចេញមុខការពារសុខសោភា បែបនេះធ្វើឲ្យនាងគេចផុតពីការរិះគន់ស្រោចខ្លួនមកលើតារាចម្រៀងរាម រូបនេះព្រោះរឿងរៀបការលួចលាក់មិនទាន់ស្ងាត់ផង ស្រាប់តែឥឡូវធ្លាយចេញរឿងមានកូនកំលោះទៅទៀត។តែអ្នកគាំទ្រសោភា លើកឡើងថាពួកគេមិនដែលឃើញIdol ពពោះម្ដងណាផងម៉េចបានមានកូនធំយ៉ាងនេះទៅរួច?
មាស សុខសោភា ដែលមានអាយុជាង៤០ឆ្នាំទៅហើយនោះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងពិតជាមានការព្រួយបារម្ភព្រោះអាយុកាន់តែច្រើនច្បាស់ជាប្រឈមពិបាកយកកូនជាមិនខាន។ប៉ុន្ដែនាងមិនបង្ហើបពីគម្រោងពពោះលើកដំបូងនៅពេលណានោះទេ។យ៉ាងណាគេជឿរថាការដែលសោភា ព្រមឲ្យធ្លាយចេញរូបអាពាហ៍ពិពាហ៍របស់ខ្លួននោះជាសញ្ញាមួយថានាងអាចយកកូននាពេលដ៍ខ្លីខាងមុខនេះជាមិនខាន៕