ភ្នំពេញ៖សឿ សុធារ៉ា ហាក់គ្មានក្វល់ក្វាយពីការព្រមានរបស់សូដា នីតា ជាង២ខែមកនេះរឿងនាងជំពាក់លុយនីតា ជិត៤ម៉ឺនដុល្លារមិនសងនោះឡើយហើយនៅទៅបំផុតតារាកូន២បានសម្ងំថតរឿងថ្មីឲ្យហង្សមាសរហូតដល់ចប់បើទោះជានីតា ធ្លាប់ព្រមានថាអាចនឹងមានដីកាកោះហៅហើយប៉ូលីសចុះទៅដល់ទីតាំងសុធារ៉ា ថតកុនដើម្បីយកទៅប៉ុស្ដិ៍ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុធារ៉ា ត្រូវបានហង្សមាសលើកឲ្យធ្វើជាតួធំក្នុងភាពយន្ដរឿង”ឬស្យា”ទាំងអំឡុងពេលដែលនាងកំពុងតែញាំញីទៅដោយរឿងសូដា នីតា តាមទារលុយ។នេះជាការលើកមុខឬប៉ៈប៉ូវកិត្តិយសរបស់សឿ សុធារ៉ា មកវិញពីសំណាក់អ្នកដឹកនាំរឿងនៅហង្សមាស ប៉ុន្ដែមិនទាន់ដឹងថាតើសុធារ៉ា នៅមានការគាំទ្រកម្រិតណានោះឡើយព្រោះថាមុននេះសូដា នីតា បានវាយប្រហារនាងឡើងស្ពឹកមុខអស់ទៅហើយ។
សឿ សុធារ៉ា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងព្រោះតែកាលពីដើមខែវិច្ឆិការឆ្នាំ២០២១ នាងត្រូវបានសូដា នីតា ដែលជាម្ចាស់បំណុលចេញមុខបកអាក្រាតរឿងជំពាក់លុយនាងជិត៤ម៉ឺនដុល្លារ តែមិនព្រមសងហើយថែមទាំងយកលែសថានាងកើតរោគចិត្តមានប័ណ្ណចេញពីពេទ្យដោយចង់សម្លាប់ខ្លួន និងសូមឲ្យនីតា បំភ្លេចលុយទាំងនោះចោលព្រោះនាងគ្មានលទ្ធភាពសងទៀតផង។តែសុធារ៉ា បានកាន់តែរងភាពអាម៉ាសព្រោះតែសូដា នីតា តបថាបើនាងឆ្កួតមែនដើរស្រាតតែម្ដងនាងចោលលុយជិត៤ម៉ឺនដុល្លារនោះភ្លាម ហើយបើសម្លាប់ខ្លួនព្រោះបំណុលនាងសូមចូលបុណ្យចំនួន១០០០ដុល្លារថែមទៀត។សុធារ៉ា មិនតបតបចំពោះនីតា នោះទេ ប៉ុន្ដែរហូតមកដល់ពេលនេះនាងក៍មិនបង្ហាញសញ្ញានៃការខ្លាចចំពោះការព្រមានចាត់ការតាមផ្លូវច្បាប់ពីសំណាក់សូដា នីតា ជាបន្ដបន្ទាប់នោះដែរ។អ្វីដែលមហាជនកត់សម្គាល់នោះប្ដីសឿ សុធារ៉ា លោកសាពួន មីដាដា បានសម្ងំស្ងៀមមិនដែលចេញមុខការពារកិត្តិយសប្រពន្ធលោកឡើយ ខណៈដែលមុនធ្លាយរឿងសូដា នីតា បកអាក្រាតពីរឿងជំពាក់លុយមិនសងនេះគេឃើញសុធារ៉ា និងប្ដីជិះរថយន្ដទំនើបម៉ាកLexus Lx570 តម្លៃជិត២០ម៉ឺនដុល្លារយ៉ាងកាលីពទៀតផង។
មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសឿ សុធារ៉ា គេចវែសមិនព្រមសងលុយសូដា នីតា ជារៀងរហូតឬយ៉ាងណា ខណៈដែល នីតា នៅតែប្រកាន់ជំហថាត្រឹមសុធារ៉ា មានប័ណ្ណរោគចិត្តនោះនាងមិនអាចចោលលុយ៤ម៉ឺនដុល្លារនោះទទេជាដាច់ខាត ហើយ ករណីដែលនាងនៅតែមានៈមិនចូលខ្លួនដោះស្រាយគឺមានតែដាក់ពាក្យបណ្ដឹងទៅតុលាការ៕