ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលត្រូវបានគេផ្គូផ្គងថាមានរលកក្រោយកំពុងតាមបោកបក់ជិត១០ឆ្នាំមកហើយគឺលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នោះកន្លងមកធ្លាប់មានការលើកឡើងថារយៈ៥ឆ្នាំមកនេះតារាទាំងពីរហាក់មានការប្រកួតប្រជែងគ្នាខ្លាំងក្លារហូតដល់តម្លៃខ្លួនតារាទាំង២ត្រដមត្រសងគ្នាទៀតផងទើបធ្វើឲ្យពិបាកបែងចែកថាមួយណាខ្លាំងឬខ្សោយជាង។យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថា១ឆ្នាំពេញគឺនៅឆ្នាំ២០២២ បើគ្មានកូវីដនោះទេព្រាប សុវត្ថិ -ខេម ប៊ុនថៃ នឹងអាចប្រជែងគ្នាអស់ពីសម្ថភាពហើយអាចកាត់សេចក្ដីបានថាមួយណាឈ្នះឬចាញ់បានហើយ។ការលើកឡើងបែបនេះដោយសារតែអំឡុងពេលដែលព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy រយៈពេលជាង១ឆ្នាំមកនេះកូវីដបានផ្ទុះរហូតមកធ្វើឲ្យបណ្ដារConcertsធំៗទាំងឡាយនៅតាមបណ្ដារខេត្តត្រូវបានលុបចោលទាំងស្រុងទើបធ្វើឲ្យការចេញបទចម្រៀងមិនដិតដល់ ខណៈដែលការសម្ដែងច្រៀងលើឆាកស្ទើតែគ្មានសកម្មភាពទើបទាំងលោកស្នាយ និងប៊ុនថៃ បានងាកទៅរកស៊ីលក់ដីឡូតិ៍រៀងៗខ្លួន។អ្នកជំនាញសិល្បៈបានលើកឡើងថាឆ្នាំ២០២១ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ឆាចោលពោលគឺមិនអាចវាយតម្លៃបានទេថាមួយណាលេខ១នោះបានទេព្រោះថាការប្រកួតមិនទាន់ចាប់ផ្ដើមផង ម៉េចនឹងដឹងលទ្ធផលទៅ។ប៉ុន្ដែសម្រាប់ឆ្នាំ២០២២នេះ ដោយសារតែកូវីដថមថយទើបបណ្ដារកម្មវិធីប្រគុំតន្រ្ដីទាំងឡាយបានបើកឡើងវិញជាបណ្ដើរៗហើយហេតុនេះគេជឿរថាទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប្រាកដជាត្រៀមចេញវាយលុកទីផ្សារចម្រៀងឡើងវិញរៀងៗខ្លួនជាមិនខាន។
លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាតាមពិតព្រាប សុវត្ថិ ប្រៀបបានគ្រូរបស់ខេមរៈ សិរីមន្ដ អីចឹងព្រោះបទពិសោធន៍និងភាពល្បីល្បាញគឺមុនខេមរៈ សិរីមន្ដ។លោកថាតាមលោកចាំខេមរៈ សិរីមន្ដ ក៍ធ្លាប់យកបទចម្រៀងរបស់ព្រាប សុវត្ថិ ទៅប្រលងដែរអីចឹងបានន័យថាលោកប៊ុនថៃ ទទួលស្គាល់ថាលោកស្នាយ ជាតារាល្បីមុនខ្លួនបាត់ទៅហើយ។យ៉ាងណាលោកថារយៈពេលចុងក្រោយនេះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពិតជាត្រូវបានគេថាមានការស្វិតស្វាញគ្នាមែនព្រោះ”រលកក្រោយ ច្រានរលកមុន”។តែលោកថានៅរដូវកូវីដនេះឃើញតារាទាំង២ដួងចេញមករកស៊ីលក់ដីឡូតិ៍ដូចគ្នា អីចឹងបទចម្រៀងថ្មីៗមិនសូវមានទេ ប៉ុន្ដែចាប់ពីឆ្នាំ២០២២នេះតទៅគេអាចមើលដឹងថាព្រាប សុវត្ថិ ឬខេមរៈ សិរីមន្ដ មួយណាល្អជាងបានហើយបើសិនជាConcerts បើកដូចមុនហើយទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចេញច្រៀងសម្ដែងពេញទំហ៊ឹងដូចមុននោះ។
មិនខុសពីគ្រូភ្លេងខាងលើលើកឡើងនោះទេព្រោះឪពុកលោកខេមរៈ សិរីមន្ដ ក៍ធ្លាប់និយាយថាកូនប្រុសគាត់ចាត់ទុកព្រាប សុវត្ថិ ដូចជាគ្រូអីចឹង។ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាអំឡុងពេលដែលព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជ្រកនៅទ្រនុំហង្សមាសរួមគ្នានោះតារាទាំង២មានការកាច់កុងគ្នាខ្លាំងរហូតលេចឭថាព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxyដោយសារតែ”ភ្នំ១ខ្លា២”នោះឯង។យ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានលើកឡើងថាបច្ចុប្បន្នព្រាប សុវត្ថិ នៅតែតារាប្រុសឈានមុខគេម្នាក់ ហើយខេមរៈ សិរីមន្ដ មិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេគឺគ្រាន់តែឡើងកូដខ្លាំងក្រោយល្បីបទ”ពឺតៗ”នោះមក។
អ្នកគាំទ្រព្រាប សុវត្ថិ នៅតែនិយមស្ដាប់បទចម្រៀងរបស់លោកនៅហង្សមាសច្រើនជាងGalaxy ហើយការដែលលោកនៅបន្ដចាប់ដៃតែជាមួយតារាចម្រៀងតន់ ច័ន្ទសីម៉ា ម្នាក់នោះធ្វើឲ្យអតីតតារាចម្រៀងហង្សមាសរូបនេះពិបាករក្សារលំនឹងបាន បន្ទាប់ពីមាស សុខសោភា និងពេជ្រ សោភា ដែលគេគិតថាជាដៃគូដ៍សាកសមជាមួយលោកនោះប្រកែកចូលផលិតកម្មថ្មីនេះ។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ វ័យ៤៧ឆ្នាំទៅហើយនៅមិនទាន់ច្បាស់ថាក្នុងចំណោមកូនប្រុសទាំង៣របស់លោកគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះតើម្នាក់ណានឹងអាចស្នងលោកបាននាថ្ងៃអនាគត?