Tuesday, December 24, 2024
Homeព័ត៌មានអន្តរជាតិប្រាយុទ្ធ ចាន់អូចា ធានាការពារជនភៀសខ្លួន​ខណៈKNU សម្លាប់យោធាមីយ៉ាន់ម៉ា១៥៩នាក់

ប្រាយុទ្ធ ចាន់អូចា ធានាការពារជនភៀសខ្លួន​ខណៈKNU សម្លាប់យោធាមីយ៉ាន់ម៉ា១៥៩នាក់

បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅទីក្រុងបាងកក កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សា​អំពី​ស្ថាន​ភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមសារព័ត៌មានThe Irrawady ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៨ មករាឆ្នាំ២០ ២២។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីសម្របសម្រួល និងស្នើសុំការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជួយជនភៀស ខ្លួននិងជំរុញរបបយោធាមីយ៉ាន់ម៉ាប្តេជ្ញាចិត្តចំពោះផែនការសន្តិភាពប្រាំចំណុចរបស់អាស៊ាន។នៅក្នុងសេចក្តីថ្លែងការណ៍លោកស្រី Heyzer បាននិយាយថា នាយករដ្ឋមន្ត្រីប្រាយុទ្ធមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ការ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងមានអស្ថិរភាពនៅតាម តំបន់ព្រំដែន ។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក ប្រាយុទ្ធបាននិយាយថា បញ្ហារបស់មីយ៉ាន់ម៉ាមានភាពស្មុគ្រស្មាញ ហើយស្ថានភាពរបស់វាគួរតែត្រូវបានដោះស្រាយ បន្តិចម្តងៗដោយការយោគយល់គ្នានិងតាមរយៈការកសាងទំនុកចិត្តជា មួយមេដឹកនាំមីយ៉ាន់ម៉ា។មេដឹកនាំថៃក៏បានប្រាប់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិថា ប្រទេសថៃមានតំបន់ មនុស្សធម៌ ហើយជនភៀសខ្លួនត្រូវបានបញ្ជូនត្រឡប់ទៅវិញតាមគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ។ លោកបានបន្តថាប្រ ទេសថៃនឹងមិនបញ្ជូនជនភៀសខ្លួនដែលរត់គេចចេញពីអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅវិញនោះទេ។កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Heyzer បានជួបរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ដោយបាននិយាយថា ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោក Don បានរំលឹក ឡើងវិញនូវការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការសហការជាមួយអង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពនៅក្នុងប្រទេសជិតខាង។

KNU៖ ពាក់កណ្តាលខែមករា យោធាមីយ៉ាន់ម៉ាស្លាប់១៥៩នាក់

ទាហានយោធាមីយ៉ាន់ម៉ា១៥៩នាក់ត្រូវបានសម្លាប់ និង 102នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការ ប្រយុទ្ធគ្នារវាងយោធាមី យ៉ាន់ម៉ា និងកងទ័ពរំដោះជាតិការ៉ែន (KNLA) ក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃខែមករា។ KNLA គឺជាក្រុមប្រដាប់អាវុធនៃ ក្រុមបដិវត្តន៍ចំណាស់ជាងគេបំផុតរបស់ប្រទេសគឺសហភាពជាតិការ៉ែន (KNU)។KNU បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី 1ដល់ថ្ងៃទី15ខែមករាទាហានរបបយោធាចំនួន 159 នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិច ចំនួន 181 រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងចម្រុះនៃ KNLA ។យុទ្ធជនជនជាតិភាគតិច ១៣ នាក់ក៏បានបាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស។KNU បានកត់ត្រាថា កាំភ្លើងធំជាង 200 គ្រាប់ដែលបាញ់ដោយកងកម្លាំងយោធាបានធ្លាក់ មកលើលំនៅដ្ឋាន និងកសិដ្ឋានរបស់ជនស៊ីវិល ដែលបណ្តាលឱ្យអ្នកស្រុកជាង 50,000 នាក់នៅក្នុង តំបន់គ្រប់គ្រងរបស់ខ្លួន ត្រូវផ្លាស់ទីលំនៅ៕

RELATED ARTICLES