Monday, December 23, 2024
Homeព័ត៌មានជាតិក្រសួង​​សុខា​​ភិបាល កែ​​តម្រូវ​​ថា គ្មាន ករណី​​ជំងឺ​​ហ្ស៊ីកា នៅ​​កម្ពុជា

ក្រសួង​​សុខា​​ភិបាល កែ​​តម្រូវ​​ថា គ្មាន ករណី​​ជំងឺ​​ហ្ស៊ីកា នៅ​​កម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺហ្ស៊ីកា Zika ដំបូង នៅកម្ពុជា ឆ្នាំ២០១៦ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ ស្រាប់តែប៉ុន្មានម៉ោង ក្រោយមក ក្រសួងសុខាភិបាលកម្ពុជា និងអង្គ- ការសុខភាពពិភពលោក បានចេញសេចក្តីប្រកាស ព័ត៌មានរួម កែតម្រូវវិញថា ពុំមានករណីជំងឺ ហ្ស៊ីកា ត្រូវបានរកឃើញនៅក្នុងព្រះរាជាណា- ចក្រកម្ពុជា នោះទេ ក្រោយពីធ្វើតេស្តឡើងវិញ  នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញ ថា អវិជ្ជមានមេរោគហ្ស៊ីកា។

សេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួង សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្តីពី “ការកែតម្រូវសេចក្តី ប្រកាសព័ត៌មាន ៖ កម្ពុជា មិនមានករណីជំងឺ ហ្ស៊ីកា នៅខេត្តកំពង់ចាម ទេ” នោះ មានខ្លឹមសារថា “ក្រសួងសុខាភិបាល នៃព្រះរាជាណា- ចក្រកម្ពុជា សូមប្រកាសកែតម្រូវលើសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួង ស្តីពីមានករណី ជំងឺហ្ស៊ីកាដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅវេលាម៉ោង៦ល្ងាច  នៃថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមក ដល់ម៉ោង៧ល្ងាច នៃថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ (គឺប្រហែលជា១ម៉ោង ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មានពីករណីវិជ្ជមាន ហ្ស៊ីកា នៅខេត្តកំពង់ចាម) តាមរយៈការធ្វើ វិភាគមន្ទីរពិសោធន៍តាមបែប Soquencing motnod ដើម្បីបញ្ជាក់ពីភាពវិជ្ជមាន ដែលបាន ឃើញនៅលើការវិភាគលើកទី១ នោះ ក្រសួង សុខាភិបាល បានទទួលព័ត៌មានពីលទ្ធផលពិនិត្យ លើកទី២ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (តាមការធ្វើ molecular biology test ២ដង) ដោយមាន ការបញ្ជាក់ច្បាស់ថា ករណីដែលថា មានវិជ្ជមាន វីរុសហ្ស៊ីកា លើបុរសម្នាក់ អាយុ៤៤ឆ្នាំ នៅភូមិ តាមាង ឃុំកោះកោ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម នោះ គឺមិនត្រឹមត្រូវទេ ដោយជា លទ្ធផលចុងក្រោយ គឺអវិជ្ជមានវីរុសហ្ស៊ីកា។

ដូច្នេះបច្ចុប្បន្ននេះ ពុំមានករណីជំងឺហ្ស៊ីកា ត្រូវបានរកឃើញមាននៅក្នុងព្រះរាជាណាចក្រ- កម្ពុជា នេះទេ។

ក្រសួងសុខាភិបាល នៅតែបន្តការយក ចិត្តទុកដាក់តាមដានលើរាល់ករណីសង្ស័យហ្ស៊ីកា និងបន្តធ្វើការអប់រំប្រជាពលរដ្ឋកម្ពុជា ទូទៅ ព្រមទាំងចាត់វិធានការនានា នៅតាមតំបន់ សង្ស័យ ដើម្បីកាត់ផ្តាច់ការចម្លងវីរុសហ្ស៊ីកា តាមរយៈមូសខ្លាខាំ ហើយឯកឧត្តមវេជ្ជបណ្ឌិត  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូម ប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំង អស់ឱ្យបន្តចូលរួមទប់ស្កាត់កុំឱ្យមានការចម្លង វីរុសហ្ស៊ីកា ចូលមកក្នុងព្រះរាជាណាចកក្រកម្ពុជា ដោយអនុវត្តកិច្ចការពារ ដែលល្អបំផុតពីការ ចម្លងជំងឺហ្ស៊ីកា គឺត្រូវអនុវត្តកិច្ចការពារដូច នឹងការការពារជំងឺគ្រុនឈាម និងគ្រុនឈីក ដែរនោះ រួមមានការពារខ្លួនកុំឱ្យមូសខ្លាខាំ ស្ត្រី ដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃ- ពោះ និងដៃគូរួមភេទរបស់គាត់ រឹតតែត្រូវមាន ការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួន ពីមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការ ចម្លងតាមការរួមភេទ…”។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលកម្ពុជា និង អង្គការសុខភាពពិភពលោក បានចេញសេចក្តី ប្រកាសព័ត៌មានរួមមួយ ស្តីពី “ករណីជំងឺហ្ស៊ីកា ដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៦” ដែលមានខ្លឹមសារថា “ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសា- ធារណជនទាំងអស់ ឱ្យបានជ្រាបថា មានករណី ជំងឺហ្ស៊ីកា ចំនួន០១ករណី ត្រូវបានបញ្ជាក់អះ- អាងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា មានវីរុសហ្ស៊ីកាវិជ្ជមាន នៅក្នុងឈាមបុរសម្នាក់ អាយុ៤៤ឆ្នាំ នៅភូមិ តាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ដែលបានរកឃើញវីរុសហ្ស៊ីកា បន្ទាប់ ពីគាត់បានចូលសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់- ចាម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្នុង ស្ថានភាពសង្ស័យជំងឺគ្រុនឈាម ហើយអ្នកជំងឺ បានជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ នេះជាករណីទី១ នៅក្នុងឆ្នាំ២០១៦ នេះ និងជាករណីទី៨ ដែល មានវីរុសហ្ស៊ីកា វិជ្ជមានទី៨នេះ ត្រូវបានរក ឃើញតាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម  ដោយត្រូវបានធ្វើតេស្តឈាម ជាលើកដំបូង សម្រាប់រកវីរុសគ្រុនឈាមដែលមានលទ្ធផល អវិជ្ជមានវីរុស គ្រុនឈាម បន្ទាប់មក បានធ្វើ តេស្តបន្តទៀត សម្រាប់រកវីរុសហ្ស៊ីកា ហើយ ត្រូវបានអះអាងបញ្ជាក់ថា វិជ្ជមានវីរុសហ្ស៊ីកា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដូចបានជម្រាប ជូនខាងលើ។

ក្រសួងសុខាភិបាល សូមជម្រាបជូនប្រ- ជាជនកម្ពុជាទាំងអស់ ឱ្យបន្តចូលរួមដោយប្រុង- ប្រយ័ត្នខ្ពស់ ក្នុងការពារពីការចម្លងវីរុសហ្ស៊ីកា ដោយអនុវត្តវិធានការនានាដែលក្រសួងតែង- តែណែនាំជាហូរហែរួចមកហើយ។ វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈសត្វមូសខ្លាដែលមាន ផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូច គ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និង គ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួម- ភេទជាមួយអ្នកដែលផ្ទុក ឬមានវីរុសហ្ស៊ីកា។ ចាប់ចាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន នេះ (ត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦) វីរុសហ្ស៊ីកា ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៧៣។

វីរុសហ្ស៊ីកា ជាធម្មតាបណ្តាលឱ្យមានជំងឺ ហ្ស៊ីកាស្រាល មិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញា ពី២ទៅ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ ត្រូវបានខាំ ដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ រោគ សញ្ញាទូទៅ មានដូចជា គ្រុនក្តៅស្ទេញៗ និង កន្តួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹង មានភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំង ជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី២ ទៅ៧ថ្ងៃ។ គេបានប៉ាន់ប្រមាណថា ៨០ភាគរយ នៃមនុស្សដែលបានឆ្លងជំងឺនេះ មិនបានបង្ហាញ រោគសញ្ញាអ្វីទេ។ ជំងឺហ្ស៊ីកា មិនត្រូវការការ- ព្យាបាលជាក់លាក់ទេ មនុស្សដែលមានជំងឺ ហ្ស៊ីកា គួរសម្រាក និងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយ ប្រើថ្នាំបញ្ចុះកម្តៅធម្មតា តែមិនតម្រូវឱ្យប្រើ ថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែល នៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យ គឺតាម- រយៈមន្ទីរពិសោធន៍ ហើយនៅក្នុងប្រទេស កម្ពុជា មានមន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិ សុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង NAMRU 2 ដែលអាចធ្វើតេស្តរកវីរុស ហ្ស៊ីកា បាន។ បច្ចុប្បន្នមិនមានវ៉ាក់សាំងដែល អាចប្រើបានសម្រាប់ជំងឺនេះនៅឡើយទេ”។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ត ថា “បន្ទាប់ពីទទួលបានលទ្ធផលមន្ទីរពិសោធន៍ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “យើងនឹងប្រកាន់យកនូវវិធានការចាំបាច់ទាំងអស់ ដែលអាចធ្វើទៅបាន សម្រាប់ពេលបច្ចុប្បន្ន នេះ ក្នុងនោះមានការបន្តពង្រឹងការតាមដាន ការត្រួតពិនិត្យភ្នាក់ងារចម្លងវីរុសហ្ស៊ីកា និង សូមប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ និងបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការពារខ្លួន និង ក្រុមគ្រួសារ កុំឱ្យមូសខ្លាខាំ តាមរយៈការកម្ចាត់ វត្ថុដក់ទឹកដែលជាជម្រកនៃការកើតសត្វមូសខ្លា។ ខ្ញុំសូមអំពាវនាវនិងជំរុញឱ្យថ្នាក់ដឹកនាំមូលដ្ឋាន បន្តចលនាប្រជាជននៅក្នុងសហគមន៍ក្នុងការ កម្ចាត់ជម្រកដង្កូវទឹក ដែលនាំឱ្យមានមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺហ្ស៊ីកា ជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងស្លៀកពាក់ខោជើងវែង  និងអាវដៃវែង និងសម្រាន្តក្នុងមុង។ ក្នុងករណី សង្ស័យ ឬពេលមានជំងឺដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោក អ្នកបំផុត”។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ការការពារដែលល្អបំផុតពីការចម្លងជំងឺហ្ស៊ីកា គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ ដែលប្រហែលគ្នា ទៅនឹងការការពារជំងឺគ្រុនឈាមនិងជំងឺគ្រុន- ឈីក ដែរ មានដូចជា ៖

-បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យ សម្អាតជុំវិញផ្ទះ ការពារកុំឱ្យមានទឹកដក់នៅ ជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបក កង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និង ប្រើអាបែតដាក់ក្នុងពាង ឬអាងស្តុកទឹក។

-ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង។ ធ្វើយ៉ាងណាគ្របដណ្តប់ភាគ- ច្រើននៃរាយកាយឱ្យជិត (សម្លៀកបំពាក់ គួរ- តែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។

-ប្រើថ្នាំបាញ់ (Spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះ អាចប្រើបាន ដោយមានសុវត្ថិភាព មិនមាន ផលប៉ះពាល់ទេ។

-សម្រាន្តក្នុងមុង រាល់ពេលសម្រាកនៅ ពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យធំ ដើម្បី ឱ្យពន្លឺថ្លៃ និងខ្យល់ចេញចូលបានល្អ។

-បើមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាមី ភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរ ឬមិនត្រូវធ្វើដំណើរទៅកាន់តំបន់ដែលមានផ្ទុះ  ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការ ការពារខ្លួនដែលជម្រាបជូននេះឱ្យបានខ្ជាប់ខ្ជួន បំផុត។

-បុរសនិងស្ត្រី ដែលត្រឡប់មកពីតំបន់ ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្ត ការរួមភេទដែលមានសុវត្ថិភាព (ដោយប្រើ- ប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាង ហោចណាស់៦ខែ បន្ទាប់ពីការវិលត្រឡប់មក វិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកា តាមការ រួមភេទ។

-គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមាន ផ្ទៃពោះដែលទើបវិលត្រឡប់មកពីតំបន់ដែល ផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច ៦ខែ មុនពេលព្យាយាមឱ្យមានផ្ទៃពោះ ដើម្បី ធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកា ទៅទារកដែល នឹងបង្កកំណើត។

-ដៃគូរួមភេទរបស់ស្ត្រីដែលវិលត្រឡប់ មកពីតំបន់ដែលផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវ អនុវត្តការរួមភេទមានសុវត្ថិភាព (ប្រើស្រោម អនាម័យ) ឬចៀសវាងការរួមភេទក្នុងអំឡុង ពេលមានផ្ទៃពោះ។

-ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះដោយសារតែការឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវិធីពន្យារកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ តាមមូលដ្ឋានសុខាភិបាលសាធារណៈ។

-ស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញា នៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះឱ្យ បានញឹកញាប់ ជាមួយគ្រូពេទ្យជំនាញ នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ…៕

RELATED ARTICLES