Tuesday, October 22, 2024
Homeព័ត៌មានជាតិបង្ក្រាបខារ៉ាអូខេបង្កប់ថ្នាំញៀន ឃាត់ខ្លួន៤០នាក់

បង្ក្រាបខារ៉ាអូខេបង្កប់ថ្នាំញៀន ឃាត់ខ្លួន៤០នាក់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង សហការជាមួយសមត្ថ កិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ បានចុះឆ្មក់ បង្ក្រាប និងឃាត់ខ្លួនមនុស្ស ៤០នាក់ ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងហាងខារ៉ាអូខេ មួយកន្លែង យីហោ ហាយក្លាស “HightClass” ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្ត បានឱ្យដឹងថា ការចុះបង្ក្រាបករណីខា ងលើនេះ អនុវត្តតាមការណែនាំពីលោកស្នងការនិងស្របតាមការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងការិយាល័យសហការជាមួយកម្លាំង នគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបាន ចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ ស្តែង នៅចំណុចទីតាំងខារ៉ាអូខេខាងលើ ដែលក្នុងនោះបាន ធ្វើការឃាត់ខ្លួន មនុស្សប្រុស ស្រីចំនួន៤០នាក់នាំ មកកាន់ស្នងការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

ប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងបានដូចជា ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ២ថង់ ទម្ងន់១,៤០ក្រាម (ទាំងសំបក) ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ២គ្រាប់ និង ២កំណាត់ ទម្ងន់ ០,៨៨ក្រាម ប្រាក់ ចំនួន ២៤៥០ដុល្លារ និង ៦លាន ១សែនរៀល។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរស្រាវជ្រាវ បានរកឃើញថា មានជនសង្ស័យ ១១នាក់ (ស្រី១) ដែលពាក់ ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ និងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ រីឯអ្នកដែល មិនពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅវិញ៕

RELATED ARTICLES