ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងលេចធ្លោរម្នាក់ក្នុងចំណោមអ្នកចម្រៀងប្រុសនាពេលបច្ចុប្បន្ន ព្រោះសន្ទុះនៃការគាំទ្រច្រើន។តែគេកត់សម្គាល់ថាបទចម្រៀងរបស់ខេម ហាក់មិនសូវត្រូវបានបេក្ខភាពលើកយកទៅបកស្រាយតាមកម្មវិធីប្រលងចម្រៀងធំៗដូចបទរបស់លោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ឡើយ។តើបទចម្រៀងរបស់ខេម ពិបាកច្រៀងឬមួយក៍ផលិតមិនត្រូវចិត្តយុវវ័យនៅរយៈពេលចុងក្រោយនេះ?
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះដោយសុំមិនឲ្យដាក់ឈ្មោះនោះថាខេម ច្រៀងស្ទីលស្អកតែពិរោះ អីចឹងពិបាកមានអ្នកហ៊ានធ្វើតាម។តែលោកគ្រូភ្លេង នោះថាខេម តាំងពីទៅផលិតកម្មថ្មី មិនសូវខ្លាំងដូចនៅថោន ទេ បុន្ដែខេម គ្មានតារាណាអាចដណ្ដើមតំណែងបានទេ ព្រោះច្រៀងស្អក ហើយគេចូលចិត្តស្ដាប់…។
ខេម បានចេញពីថោន ទាំងចម្រូងចម្រាសដើម្បីចូលរួមជាមួយGalaxy ដែលខេម ធ្លាប់អះអាងថាលោកមានសេចក្ដីសុខណាស់ជាមួយផលិតកម្មក្រោយនេះព្រោះថាទំនាក់ទំនងរវាងលោកនិងថៅកែផលិតកម្មរាប់អានគ្នាដូចបងប្អូន។ខេម ថែមទាំងធ្លាប់ធ្វើការច្រានចោលចំពោះអ្នកខ្លះដែលថាលោកចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកនោះដោយថាមិនមែនជាការពិតឡើយ ព្រោះថាទំនាក់ទំនងរវាងលោកនិងកំពូលតារាចម្រៀងរូបនេះធម្មតាហើយដូចបងប្អូនរួមការងារជាមួយគ្នា។ប៉ុន្ដែអ្នកស្និតខេម ធ្លាប់ទម្លាយថាតារាចម្រៀងដែលគេសង្ស័យថាលោកមានកូន២នាក់រូបនេះមិនដែលចង់នៅក្រោមតារាណាម្នាក់ឡើយ។
ក្រៅពីអាជីពចម្រៀងខេម ក៍ជាថៅកែភោជនីយដ្ឋានមួយផងដែរ ហើយតាមព័តមានពីអ្នកជិតដិតបំផុតខេម បានបង្ហើបថាតារាចម្រៀងរូបនេះបានទិញដីធ្លីមួយចំនួនទុកតាំងពីនៅថោកៗម្លេះ ហេតុនេះហើយបើបញ្ចេញលក់នៅពេលនេះប្រាកដជាខេម ក្លាយជាអ្នកមានធំជាមិនខាន។តែខេម មិនចេះអួតអាងរឿងទិញបានដីធំនោះឡើយ ហើយអ្វីដែលចម្លែកតាំងពីចុងឆ្នាំ២០២១ ម្លេះដែលខេម ហ៊ានលាតត្រដាងរឿងស្នេហាជាមួយអ្នកនាងស្រីកា ដែលជាអាណិកជនខ្មែរមកពីបារាំងក្រោយពួកគេចាប់ដៃគ្នាជាង៦ឆ្នាំ។យ៉ាងណាដំណឹងរៀបការពេលណានោះនៅតែមិនទាន់ត្រូវបានខេម កំណត់ច្បាស់លាស់នោះទេ តែលោកសុណារិន ដែលថាគ្មានកូន២ដូចគេសង្ស័យនោះធ្លាប់ថាមិនយូពេកទេអាច២ទៅ៣ឆ្នាំទៀតនឹងមានដំណឹងល្អហើយ៕