(ប្រទេសថៃ) ៖ ករណីការស្លាប់របស់តារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ នាង នីដា ផាត់ឆរ:វីរ:ភុង ហៅតែងម៉ូ កំ ពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនថៃ រួមទាំងអ្នកគាំទ្រនៅកម្ពុជា ផងដែរ ដោយសារតែគ្រោះថ្នាក់ធ្លាក់ពីទូក ចូលក្នុងទន្លេចៅព្រះយ៉ា នេះ ហាក់បង្កប់អាថ៌កំបាំងយ៉ាងមិននឹកស្មានដល់ ធ្វើឲ្យគ្រប់គ្នាស្តាយស្រណោះអាឡោះអាល័យតារាស្រីរូបនេះជាពន់ពេក ។

គួរបញ្ជាក់ថា តារាស្រី តែងម៉ូ អាយុ ៣៧ឆ្នាំ ត្រូវបានរាយការណ៍ថា បានធ្លាក់ពីទូកកាណូតល្បឿនលឿន លិច ចូលក្នុងទន្លេចៅព្រះយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បាត់ខ្លួន រហូតដល់វេលាម៉ោង ១៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសពអណ្តែតឡើង និងត្រូវបានបងប្រុសបង្កើតរបស់នាងប្រទះឃើញនៅចំ ណុចក្បែរកន្លែងកើតហេតុដែលនាងធ្លាក់ពីកាណូត ក្បែរផែភិប៊ូនសង្គ្រាម១ ស្រុកមឿង ខេត្តនន្ទបុរី ក្រោយ ពេលប្រើពេលវេលាស្វែងរក អស់៣៩ម៉ោង។

យោងតាមសេចក្តីរាយការណ៍បឋមថា លទ្ធផលនៃការធ្វើកោសល្យវិច័យនៃសពនារីរងគ្រោះ តែងម៉ូ របស់ ប៉ូ លីសនិងគ្រូពេទ្យ បានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយសារតែការលង់ទឹក ហើយក៏ បានរក ឃើញ មានខ្សាច់ជាច្រើននៅក្នុងសួត ជាពិសេសនោះគឺមានស្នាមរបួសមុតយ៉ាងជ្រៅនៅភ្លៅខាងឆ្វេងរបស់នាង ដែល គេសន្និដ្ឋានថា ដោយសារមុតនឹងស្លាបចក្រកាណូត ។

ប្រភពដដែល បន្តថា តែងម៉ូ និងមិត្តភក្តិរបស់នាងបួននាក់ទៀត ក្នុងនោះរួមមានទាំងអ្នកចាត់ការទូទៅរបស់នាងម្នាក់ផងដែរ បានធ្វើដំណើរកម្សាន្តតាមកាណូតល្បឿនលឿន។ យោងតាមមិត្តភក្តិរបស់នារីរងគ្រោះឲ្យដឹងថា តែងម៉ូ បានធ្លាក់ពីលើកាណូត នៅពេលនាងបត់ជើងតូចនៅខាងក្រោយទូក ហើយតាមរយ:ការអះអាងបែបនេះ សមត្ថកិច្ចបានធ្វើវីដេអូ 3D បង្ហាញពីសកម្មភាពនារីរងគ្រោះ (តែងម៉ូ) បត់ជើងតូចនៅខាងក្រោយកាណូត រួចក៏ផ្ងារក្រោយ ធ្លាក់ចូលទឹកទន្លេតែម្តង ។

ទោះបីជាយ៉ាងណា បណ្តាញផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា គេមិនជឿថា តែងម៉ូ ធ្លាក់ពីលើកាណូត ដោយសារបត់ជើងតូចនៅខាងក្រោយកាណូតនោះទេ ដោយគេលើកហេតុផលថា ៖
១- តែងម៉ូ ជានារីថៃ ដែលមិនអាចហ៊ានស្រាតខោ អង្គុយបន្ទោបង់នោមនៅគន្តាលវាលបែបនេះបានទេ។
២- នៅលើកាណូត មានមនុស្សជាច្រើន មានទាំងស្ត្រីនិងបុរស។

៣- ទោះបីជាមានការអះអាងថា បន្ទប់ទឹកខូច តែទន្លេចៅព្រះយ៉ា មិននៅឆ្ងាយពីផែទូកប៉ុន្មានទេ បើនារីរងគ្រោះត្រូវការបន្ទោបង់ក៏អាចប្រាប់ទៅម្ចាស់កាណូត ឲ្យឆៀងចូលបាន
៤-បើករណីអង្គុយបត់ជើងតូចនៅខាងក្រោយកាណូត ក៏កាន់តែពិបាកទៅរួច ចំពោះកាណូតល្បឿនលឿនបែបនេះ ព្រោះសូម្បីឈរឲ្យត្រង់ខ្លួនក៏ពិបាកផង។

ជុំវិញករណីនេះ តាមប្រភពព័ត៌មានថា ម្ចាស់កាណូត និងអ្នកបើកបរអាចត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទល្មើសគឺ ១- ធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត (អាជ្ញាប័ណ្ណហួសសុពលភាព) និង ២- បើកបរដោយការធ្វេសប្រហែស បង្កឲ្យមានមនុស្សស្លាប់។

ទោះបីជាយ៉ាងណា ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ រួមទាំងក្រុមគ្រួសាររបស់នារីរងគ្រោះ (តែងម៉ូ) នៅតែមិនទាន់អស់ចិត្តជុំវិញមូលហេតុនៃការស្លាប់របស់តារាសម្តែងល្បីរូបនេះ និងទាមទារឲ្យសមត្ថកិច្ចបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ថែមទៀត៕