Monday, June 30, 2025
Homeព័ត៌មានសិល្បៈសមត្ថកិច្ចជំនាញ បង្ហាញលទ្ធផល ការធ្វើកោសល្យវិច័យសពតែងម៉ូ

សមត្ថកិច្ចជំនាញ បង្ហាញលទ្ធផល ការធ្វើកោសល្យវិច័យសពតែងម៉ូ

ប្រទេសថៃ ៖ សមត្ថកិច្ចជំនាញផ្នែកវិភាគកន្លែងកើតហេតុនិងការធ្វើកោសល្យវិច័យ បានបង្ហាញលទ្ធផល នៃការធ្វើកោសល្យវិច័យសពតារាស្រីរងគ្រោះ តែងម៉ូ (នីដា ផាត់ឆរ:វីរ:ភុង) បានបញ្ជាក់ថា សពស្លាប់ដោយសារឈ្លក់ទឹក ឬលង់ទឹក។

តាមប្រភពបណ្តាញព័ត៌មានថៃ បានបញ្ជាក់នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ថា លទ្ធផលនៃការធ្វើកោសល្យវិច័យសពតែងម៉ូ បង្ហាញថា ៖

១- មូលហេតុការបាត់បង់ជីវិត ដោយសារខ្វះខ្យល់ដកដង្ហើម បានន័យថា ធ្លាក់ទឹកហើយឈ្លក់ទឹកស្លាប់

២- ក្នុងសួត មានទឹកនិងភក់ ទាំងនៅក្នុងបំពង់ខ្យល់ និងទងសួត

៣- ក្នុងក្រពះ មានសំណល់ភក់ មានការឈ្លក់ទឹក ដកដង្ហើមយកភក់ចូលសួតនិងក្រពះ

៤- មានរបួសស្នាមតាមរាងកាយផ្នែកខាងក្រោម ដែលបណ្តាលមកពីរបស់មុតស្រួច អាចជាស្លាបចក្រកាណូត ឬអ្វីផ្សេង ត្រូវការការស្រាវជ្រាវបន្ថែម

៥- សរុបមក សន្និដ្ឋានថា មានការធ្លាក់ទឹកប្រកដមែន ដោយសារបាត់បង់ជីវិតពីការឈ្លក់ទឹក

៦- ស្នាមនៅបរិវេណភ្នែករបស់តែងម៉ូ មិនមែនជារបួស តែកើតពីការប្រែប្រួលសភាពរាងកាយ ក្រោយបាត់បង់ជីវិត

៧- រកឃើញក្រដាសអនាម័យខ្នាតតូច បញ្ជាក់ថាក្នុងអំឡុងពេលមករដូវ។

  

⁣⁣គួរបញ្ជាក់ថា តារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ នាង នីដា ផាត់ឆរ:វីរ:ភុង ហៅតែងម៉ូ អាយុ ៣៧ឆ្នាំ ត្រូវបានរាយការណ៍ថា បានធ្លាក់ពីទូកកាណូតល្បឿនលឿន លិចចូលក្នុងទន្លេចៅព្រះយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បាត់ខ្លួន រហូតដល់វេលាម៉ោង ១៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសពអណ្តែតឡើង និងត្រូវបានបងប្រុសបង្កើតរបស់នាងប្រទះឃើញ នៅចំណុចក្បែរកន្លែងកើតហេតុដែលនាងធ្លាក់ពីកាណូត ក្បែរផែភិប៊ូនសង្គ្រាម១ ស្រុកមឿង ខេត្តនន្ទបុរី ក្រោយពេលក្រុមគ្រួសារនិងសមត្ថកិច្ចប្រើពេលវេលាស្វែងរក អស់ ៣៩ម៉ោង។

យោងតាមសេចក្តីរាយការណ៍បឋមថា តែងម៉ូ និងមិត្តភក្តិរបស់នាងបួននាក់ទៀត ក្នុងនោះរួមមានទាំងអ្នកចាត់ការទូទៅរបស់នាងម្នាក់ផងដែរ បានធ្វើដំណើរកម្សាន្តតាមកាណូតល្បឿនលឿន។ យោងតាមមិត្តភក្តិរបស់នារីរងគ្រោះ ឲ្យដឹងថា តែងម៉ូ បានធ្លាក់ពីលើកាណូត នៅពេលនាងបត់ជើងតូចនៅខាងក្រោយទូក ហើយតាមរយ:ការអះអាងបែបនេះ សមត្ថកិច្ចបានធ្វើវីដេអូ 3D បង្ហាញពីសកម្មភាពនារីរងគ្រោះ (តែងម៉ូ) បត់ជើងតូចនៅខាងក្រោយកាណូត រួចក៏ផ្ងារក្រោយ ធ្លាក់ចូលទឹកទន្លេតែម្តង ។

ទោះបីជាយ៉ាងណា បណ្តាញផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយថា គេមិនជឿថា តែងម៉ូ ធ្លាក់ពីលើកាណូត ដោយសារបត់ជើងតូចនៅខាងក្រោយកាណូតនោះទេ ដោយគេលើកហេតុផលថា ៖

១- តែងម៉ូ ជានារីថៃ ដែលមិនអាចហ៊ានស្រាតខោ អង្គុយបន្ទោបង់នោមនៅគន្តាលវាលបែបនេះបានទេ។

២- នៅលើកាណូត មានមនុស្សជាច្រើន មានទាំងស្ត្រីនិងបុរស។

៣- ទោះបីជាមានការអះអាងថា បន្ទប់ទឹកខូច តែទន្លេចៅព្រះយ៉ា មិននៅឆ្ងាយពីផែទូកប៉ុន្មានទេ បើនារីរងគ្រោះត្រូវការបន្ទោបង់ក៏អាចប្រាប់ទៅម្ចាស់កាណូត ឲ្យឆៀងចូលបាន

៤-បើករណីអង្គុយបត់ជើងតូចនៅខាងក្រោយកាណូត ក៏កាន់តែពិបាកទៅរួច ចំពោះកាណូតល្បឿនលឿនបែបនេះ ព្រោះសូម្បីឈរឲ្យត្រង់ខ្លួនក៏ពិបាកផង។

ជុំវិញករណីនេះ តាមប្រភពព័ត៌មានថា ម្ចាស់កាណូត និងអ្នកបើកបរអាចត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទល្មើសគឺ ១- ធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត (អាជ្ញាប័ណ្ណហួសសុពលភាព) និង ២- បើកបរដោយការធ្វេសប្រហែស បង្កឲ្យមានមនុស្សស្លាប់។

ទោះបីជាយ៉ាងណា ករណីនេះ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ រួមទាំងក្រុមគ្រួសាររបស់នារីរងគ្រោះ (តែងម៉ូ) នៅតែមិនទាន់អស់ចិត្តជុំវិញមូលហេតុនៃការស្លាប់របស់តារាសម្តែងល្បីរូបនេះ និងទាមទារឲ្យសមត្ថកិច្ចបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវបន្ថែមទៀត៕

RELATED ARTICLES