Monday, June 30, 2025
Homeសង្គម និងជីវិត២នាក់បងប្អូនចុះលេងទឹក លង់ស្លាប់ទាំង២

២នាក់បងប្អូនចុះលេងទឹក លង់ស្លាប់ទាំង២

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់ ត្រូវជាបងប្អូនជីដូនមួយ ឃើញពូជិះម៉ូតូទៅបោកខោអាវនៅស្រះទឹកជើងភ្នំ ក៏សុំទៅតាម លុះទៅដល់ក៏នាំគ្នាចុះលេងទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្រះទឹកជើងភ្នំ ស្ថិតនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបុរី។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំតូច បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះជៀម អេនជី អាយុ៦ឆ្នាំ និងទី២-ឈ្មោះសាយ រតនៈ អាយុ៦ឆ្នាំដូចគ្នា។ ក្មេងប្រុសទាំង២នាក់ ត្រូវជាជាបងប្អូនជីដូនមួយ និងមានលំនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបុរី ជាមួយគ្នា។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បានឡើងជិះម៉ូតូជាមួយពូ ទៅបោកខោអាវ នៅស្រះទឹកជើងភ្នំ លុះពេលទៅដល់ ក្មេងទាំង២នាក់ ក៏សុំពូចុះងូតទឹក ព្រោះក្តៅពេក ចំណែកពូ បានទុកក្មេងទាំង២នាក់ឱ្យនៅទីនោះមួយសន្ទុះ លុះរវល់តែបោកខោអាវភ្លេចខ្លួន ពេលងាករកមើលក្មួយ ក៏ឃើញតែខោអាវ បាត់មនុស្ស មិនដឹងទៅណាអស់។

ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មកស្រាប់តែឃើញសពក្មួយប្រុសម្នាក់ បានអណ្តែតក្នុងទឹកស្រះ ក៏ចុះស្រង់យកទៅផ្ទះ។ ចំណែកក្មួយប្រុសម្នាក់ទៀត នឹកស្មានតែមកផ្ទះវិញ តែពេលសួរនាំ គ្មាននរណាបានឃើញ ទើបនាំគ្នាត្រឡប់ទៅរាវក្នុងស្រះទឹកម្តងទៀត ទើបប្រទះឃើញសពក្មួយប្រុសម្នាក់ទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES