Thursday, November 28, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្តីវាយប្រពន្ធស្លាប់ ចោទលួចលាក់ មានប្រុសសហាយ

ភ្លើងប្រចណ្ឌ ប្តីវាយប្រពន្ធស្លាប់ ចោទលួចលាក់ មានប្រុសសហាយ

ខេត្តកោះកុង ៖ ប្តីប្រពន្ធ២នាក់ រួមរស់ជួបតែរឿងរកាំរកូសមិនឈប់ ដោយសារតែភាគីបុរសជាប្តីមាន ចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងពេក ចេះតែរករឿងឈ្លោះប្រកែក ចោទប្រពន្ធថាលួចលាក់មានប្រុសសហាយ លុះចុងក្រោយ ដោយសារតែទប់កំហឹងមិនជាប់ ក៏ផ្ទុះហិង្សា វាយ ប្រពន្ធរហូតដល់ស្លាប់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្តីវាយសម្លាប់ប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនសង្ស័យជាប្តីដែលវាយសម្លាប់ប្រពន្ធខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឺន សុងកាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនេសាទ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស៊ង សុភ័ស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ប្តីប្រពន្ធទាំងពីរខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ ចេះតែកើតរឿងរកាំរកូសមិនឈប់ ដោយសារតែបុរសជាប្តី មានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនហួសហេតុ ទើបធ្វើឱ្យកើតមានជម្លោះមិនឈប់។ លុះមកដល់យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បុរសជាប្តី បានផឹកស្រាស្រវឹងជោក រួចក៏ចាប់ផ្តើមរករឿងប្រពន្ធ ចោទប្រកាន់ថាប្រពន្ធកំពុងលួចលាក់មានប្រុសថ្មីក្បត់ចិត្តប្តី ហើយទោះជាប្រពន្ធខំពន្យល់បកស្រាយយ៉ាងណាក៏ប្តីមិនខ្ចីស្តាប់ បែរជាឆេះឆួលកំហឹងកាន់តែខ្លាំង រហូតដល់ផ្ទុះហិង្សា វាយដំប្រពន្ធរបស់ខ្លួនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុកើតចេញពីការប្រចណ្ឌ។

 ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកបង្កើតជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES