ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ហេតុតែប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) បាត់បង់សតិ ទើបត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមណ្ឌលផ្តាច់ថ្នាំញៀន លុះចេញមកវិញ បែរជាចងគំនុំជាមួយក្រុមគ្រួសារ ទាញកាំបិតគំរាមសម្លាប់ ឪពុកម្តាយ រួចស្ទុះទៅកាប់កោដិដាក់ធាតុជីតារបស់ខ្លួន បណ្តាលឱ្យបែកខ្ទេច រួចកាប់បំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិក្នុងផ្ទះ ខ្ទេចអស់ ទើបឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យខូចខាតដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម។
ជនរងគ្រោះជាឪពុកដែលត្រូវបានកូនប្រុសបង្កើតគំរាមសម្លាប់ មានឈ្មោះសួង ទូច ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច មករា ហៅលុក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមនុស្សញៀនថ្នាំ) មានលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម។ រីឯសម្ភារៈខូចខាត រួមមាន បែកពាងទឹក ចំនួន២ តុដែកចំនួន២ ធុងទឹកកកចំនួន១ កោដិដាក់ធាតុ ចំនួន១ ឆ្នាំងចំនួន១ ឆត្រធំ ចំនួន១។ ដោយឡែក វត្ថុតាងចាប់យក កាំបិតផ្គាក់ផ្លែដែក បាក់ដង ចំនួន១។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះទូច មករា ហៅលុក បានប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ធ្វើឱ្យបាត់បង់សតិ ចេះតែបង្ករឿងមិនឈប់ ទើបត្រូវបានឪពុកម្តាយបង្កើតបង្ខំចិត្តនាំយកទៅ ដាក់មណ្ឌល អប់រំកែប្រែបន្សាបគ្រឿងញៀន ឱកាសខ្ញុំនៅរាជធានីភ្នំពេញ បានរយៈពេល ៥ខែមកហើយ។ លុះមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះសួង ទូច ត្រូវជាឪពុកបង្កើតជនសង្ស័យ បានប្រើកូនស្រីឈ្មោះទូច កក្កដា យកថ្នាំជំនួយខួរក្បាល ទៅឱ្យជនសង្ស័យជាបងប្រុសដែលនៅក្នុងមណ្ឌលឱកាសខ្ញុំ។
ប្រភពដដែល បន្តថា លុះពេលទៅដល់ ក៏ត្រូវខាងមណ្ឌលបន្សាបគ្រឿងញៀន ឱកាសខ្ញុំ បានឱ្យជនសង្ស័យវិលត្រឡប់ មកផ្ទះវិញ។ ស្រាប់តែពេលមកដល់ផ្ទះ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ រករឿងកាប់សម្លាប់ឪពុកម្តាយបង្កើត ខ្លួនឯង ហើយបានយកកាំបិតផ្គាក់កាប់បំផ្លាញសម្ភារៈក្នុងផ្ទះ ដូចជា ពាង ឆ្នាំង កោដិដាក់ធាតុ ថែមទាំងដុតឆត្រធំ បណ្តាលឱ្យឆាបឆេះ និងគំរាមប្រើហិង្សាទៅលើឪពុកម្តាយបង្កើតថែមទៀត ឃើញដូច្នេះជនរងគ្រោះជាឪពុក មានការភ័យខ្លាច ក៏ជិះម៉ូតូទៅប្តឹងសមត្ថកិច្ចតែម្តង។
ជនសង្ស័យ ត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕