ខេត្តរតនគិរី ៖ បញ្ហារថយន្តអត់ពន្ធ គឺជារឿងក្តៅគគុកមួយដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការ បង្ក្រាបជាបន្តបន្ទាប់ ជាក់ស្តែង នៅឯខេត្តរតនគិរី មន្ត្រីគយ សហការជាមួយកម្លាំងមានសមត្ថកិច្ចកងរាជអាវុធហត្ថបន្ត ធ្វើសកម្មភាពចុះបង្ក្រាបរថយន្តអត់ពន្ធ ដូចភ្លៀង រលឹម ហើយក្នុងរយៈពេល២ថ្ងៃ សមត្ថកិច្ចបានបង្ក្រាបរថយន្តទំនើប ២គ្រឿង ដែលមិនបង់ពន្ធ។
រថយន្តស៊េរីទំនើបចំនួន ២គ្រឿង ត្រូវបានសមត្ថកិច្ចគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះរឹបអូសជាបន្តបន្ទាប់ រយៈពេល២ថ្ងៃ គឺថ្ងៃទី០៥ និងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងក្រុងបានលុង។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋាករ សាខាខេត្តរតនគិរី បានឃាត់រថយន្តចំនួន ២គ្រឿង រួមមាន ១-រថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យគ្មានពន្ធនាំចូល ហើយត្រូវបានឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង និង២- រថយន្តម៉ាកឡិចស៊ីស RX-400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1806 សង្ស័យគ្មានពន្ធនាំចូល ត្រូវបានឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ។
បច្ចុប្បន្ន រថយន្តទាំង ២គ្រឿង ត្រូវបានរក្សាទុកនៅសាខាគយនិងរដ្ឋាករ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
ទាក់ទិនបញ្ហាឃាត់ចាប់រថយន្តស៊េរីទំនើប ពីរគ្រឿងខាងលើនេះ មិនអាចសុំការពន្យល់ពីលោកហាល ទូច ប្រធានស្នាក់ការគយនិងរដ្ឋាករខេត្តរតនគិរី បានទេ នៅនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
ដោយឡែកលោកថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ខាងគយ គេសុំសហការជាមួយ កម្លាំងប៉េអឹមខេត្ត ហេតុនេះសួរទៅខាងគយទៅបានដឹង។ លោកបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី គ្រាន់តែបានចូលរួមសហការក្នុងការបង្ក្រាបរថយន្តអត់ពន្ធ តាមការស្នើសុំរបស់ស្ថាប័នគយ តែប៉ុណ្ណោះ៕