Thursday, November 28, 2024
Homeព័ត៌មានជាតិផឹកស៊ីក្លែមសម្តី ២ព្រួតវ៉ៃ១ ប៉ោងមុខ

ផឹកស៊ីក្លែមសម្តី ២ព្រួតវ៉ៃ១ ប៉ោងមុខ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានព្រួតវាយបុរសម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងដំណំ បន្ទាប់ពីពួកគេបានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹង រួចក៏ចាប់ផ្តើមក្លែមសម្តីឌឺដងដាក់គ្នា រហូតកើតជាជម្លោះ និងក្លាយជាអំពើហិង្សា ទីបំផុតជនបង្កហេតុទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។  រហូតមកដល់រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុ ចំនួន២នាក់ នាំយកទៅសាកសួរ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះបូ វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង និងទី២-ឈ្មោះបេន ដារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ។ អ្នកទាំងពីរ ស្នាក់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះលាយ ស៊ីនឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះបានធ្វើដំណើរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាបទី១ ប្រាប់ថា ជនសង្ស័យខាងលើបានព្រួតវាយរូបគាត់ បណ្តាលឱ្យរងរបួស តែពេលមកដល់ប៉ុស្តិ៍នគរបាលភ្លាម ដោយសារអាការរបួសមិនស្រួល ទើបជនរងគ្រោះបានសុំទៅព្យាបាលសិន។

សមត្ថកិច្ចបន្តថា ក្រោយពីជនរងគ្រោះចេញទៅបានបន្តិច ក៏បានរាយការណ៍មកវិញថា ឃើញជនសង្ស័យនៅបន្ទប់ជួល ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកសាកសួរនៅប៉ុស្តិ៍នគរបាលតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានព្រួតវាយទៅលើជនរងគ្រោះប្រាកដមែន មូលហេតុព្រោះតែរឿងផឹកស៊ីក្លែមសម្តី ឌឺដងដាក់គ្នា។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់កម្លាំងផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES