Saturday, October 19, 2024
Homeព្រឹត្តិការណ៍សង្គមមេ​ខ្មែរ​​ក្រហម ខៀវ សំផន​​​-​​នួន ជា តុលា​​ការ ប្រ​កាស​​សាល​​ដីកា​​ស្ថាពរ​​ដាក់​​គុក​​1​​ជីវិត

មេ​ខ្មែរ​​ក្រហម ខៀវ សំផន​​​-​​នួន ជា តុលា​​ការ ប្រ​កាស​​សាល​​ដីកា​​ស្ថាពរ​​ដាក់​​គុក​​1​​ជីវិត

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2016 អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បាន ប្រកាសសាលដីកាស្ថាពរ សម្រេចតម្កល់ការ កាត់ទោសជនជាប់ចោទ ខៀវ សំផន និងនួន ជា ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ហើយបិទផ្លូវតវ៉ា មិនឱ្យមាន ការប្តឹងសាទុក្ខ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ2014 ជនជាប់ចោទ ខៀវ សំផន និងនួន ជា ត្រូវបាន អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពី បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបាន ប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ1975 ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុង ភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការ កាប់សម្លាប់អតីតមន្ត្រីរដ្ឋការ ក្នុងសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែ ជនជាប់ចោទទាំង2នាក់ បានប្តឹងសាទុក្ខប្រឆាំង នឹងសាលក្រមនោះ ជាបន្តបន្ទាប់រហូតដល់អង្គជំនុំជម្រះតុលាការកំពូល ប្រកាសសាលដីកា ស្ថាពរនៅពេលនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ចុះ ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2016 ស្តីពី “អង្គជំនុំជម្រះតុលាការកំពូល បដិសេធចោលការផ្តន្ទាទោសមួយចំនួន និងតម្កល់ការកាត់ទោសឱ្យ ជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ នួន ជា និងខៀវ សំផន នៅក្នុងសំណុំរឿង 002/01” បានបញ្ជាក់ថា “នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2016 អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន ប្រកាសសាលដីការបស់ខ្លួនលើបណ្តឹងសាទុក្ខ ប្រឆាំងនឹងសាលក្រមនៅក្នុងសំណុំរឿង 002/ 01 ប្រឆាំងនឹង នួន ជា អតីតអនុលេខាបក្ស កុម្មុយនិស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។

អង្គជំនុំជម្រះតុលាការកំពូល បានតម្កល់ ការផ្តន្ទាទោសទៅលើ នួន ជា និងខៀវ សំផន ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែល ក្នុងនោះមានការធ្វើមនុស្សឃាត ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើ អមនុស្សធម៌ផ្សេងៗទៀត ទាក់ទិននឹងការ ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ភ្លាមៗ បន្ទាប់ពីការដួលរលំទីក្រុងភ្នំពេញ នៅថ្ងៃទី 17 ខែមេសា ឆ្នាំ1975. ទាក់ទិនទៅនឹង ការផ្លាស់ទីលំនៅប្រជាជនដំណាក់កាលទី2  ដែលបានកើតឡើងនៅចន្លោះ ឆ្នាំ1975 និង ឆ្នាំ1979 អង្គជំនុំជម្រះ បានតម្កល់ការផ្តន្ទា- ទោសជនជាប់ចោទចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹង មនុស្សជាតិក្រោមទម្រង់ជាអំពើអមនុស្សធម៌ ផ្សេងៗទៀត និងបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ក្រោមទម្រង់ជាការធ្វើ មនុស្សឃាត។

អង្គជំនុំជម្រះតុលាការកំពូល បានច្រាន ចោលការផ្តន្ទាទោស ដែលបានសម្រេចដោយ អង្គជំនុំជម្រះសាលាដំបូង ចំពោះឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ក្រោមទម្រង់ជាការ សម្លាប់រង្គាលទាក់ទិននឹងការជម្លៀសប្រជាជន ចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីលំនៅ ប្រជាជនដំណាក់កាលទី2. អង្គជំនុំជម្រះ តុលាការកំពូល យល់ឃើញថា ភ័ស្តុតាងនៅ ចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ទាក់ទិន នឹងការផ្លាស់ទីលំនៅប្រជាជនមិនបានបង្ហាញ ដោយលើសពីវិមតិសង្ស័យថា ការសម្លាប់ជា ទ្រង់ទ្រាយធំ ដែលជាធាតុផ្សំចាំបាច់ ត្រូវបាន ប្រព្រឹត្តឡើងដោយមានចេតនាផ្ទាល់នោះឡើយ”។

សេចក្តីប្រកាសព័ត៌មាន ដដែលបន្តថា “ទាក់ទិននិងការផ្លាស់ទីលំនៅប្រជាជនដំណាក់កាលទី2 អង្គជំនុំជម្រះតុលាការកំពូល ក៏បាន ច្រានចោលការផ្តន្ទាទោសរបស់អង្គជំនុំជម្រះ សាលាដំបូងផងដែរ ចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិក្រោមទម្រង់ជាការធ្វើទុក្ខបុក- ម្នេញ ដោយមូលហេតុនយោបាយ ដោយបាន សន្និដ្ឋានថា ភ័ស្តុតាងមិនបានបង្ហាញថា ភាគ ច្រើនលើសលប់នៃប្រជាជនដែលត្រូវបានជម្លៀស នោះ ជា “ប្រជាជនថ្មី” ឡើយ។ ដូច្នេះមិនមាន ការបង្ហាញថា ការផ្លាស់ទីលំនៅប្រជាជន មាន លក្ខណ³រើសអើងជាក់ស្តែងនោះទេ។

ទោះបីជាអង្គជំនុំជម្រះតុលាការកំពូល បាន បញ្ជាក់ថា យ៉ាងហោចណាស់ទាហាន និងអ្នក រដ្ឋការលន់ នល់ ចំនួន250នាក់ ត្រូវបាន សម្លាប់នៅទួលពោធិ៍ជ្រៃ នៅចុងខែមេសា ឆ្នាំ 1975 ដូច្នេះហើយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ ទំនងជាត្រូវបានប្រព្រឹត្តឡើងក៏ដោយ ក៏ ភ័ស្តុតាងនៅចំពោះមុខអង្គជំនុំជម្រះសាលា- ដំបូង មិនគ្រប់គ្រាន់ ដើម្បីគាំទ្រយ៉ាងសមហេតុ- ផលដល់ការសន្និដ្ឋានថា នៅក្នុងព្រឹត្តិការណ៍ ទាំងនោះ មានគោលនយោបាយក្នុងការសម្លាប់ ទាហានលន់ នល់ នោះឡើយ។ ភ័ស្តុតាងភាគ ច្រើន រួមមានចម្លើយដែលបានធ្វើឡើងនៅក្រៅ តុលាការ ដែលមានតម្លៃជាភ័ស្តុតាងតិចតួច។ លើសពីនេះទៀត អង្គជំនុំជម្រះសាលាដំបូង ខកខានមិនបានពិចារណាទៅលើភ័ស្តុតាងមួយ ចំនួន ដែលធ្វើឱ្យមានមន្ទិលចំពោះអត្ថិភាពនៃ គោលនយោបាយសម្លាប់ជាទូទៅនេះ។ អាស្រ័យ ហេតុនេះ ព្រឹត្តិការណ៍នៅទួលពោធិ៍ជ្រៃ មិន អាចទម្លាក់ការទទួលខុសត្រូវទៅលើជនជាប់ ចោទឡើយ ដូច្នេះហើយ ពួកគាត់មិនអាចដាក់ ឱ្យទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌ ចំពោះព្រឹត្តិការណ៍ទាំងនោះទេ។ ផ្អែកលើហេតុផលនេះ អង្គជំនុំជម្រះតុលាការកំពូល បានច្រានចោល ការផ្តន្ទាទោស នួន ជា និងខៀវ សំផន ចំពោះ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះ មានការសម្លាប់រង្គាល ការធ្វើមនុស្សឃាត និង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ នៅទួលពោធិ៍ជ្រៃ។

អង្គជំនុំជម្រះតុលាការកំពូល បានពិចារណា ថាតើការដែលអង្គជំនុំជម្រះតុលាការកំពូល បាន រកឃើញកំហុសនៅក្នុងសេចក្តីសន្និដ្ឋានមួយ ចំនួន របស់អង្គជំនុំជម្រះសាលាដំបូងនោះ គួរ តែតម្រូវឱ្យអង្គជំនុំជម្រះតុលាការកំពូល កែតម្រូវការដាក់ទោសដែលអង្គជំនុំជម្រះសាលាដំបូងបានសម្រេចដែរទេ។ ដោយហេតុថា ការ ផ្តន្ទាទោស គួរតែឆ្លុះបញ្ចាំងអំពីភាពធ្ងន់ធ្ងរ នៃ ឧក្រិដ្ឋកម្មដោយពិចារណាទៅលើទ្រង់ទ្រាយ ធំនៃឧក្រិដ្ឋកម្ម ការខកខានមិនបានពិចារណា ចំពោះជោគវាសនាចុងក្រោយរបស់ប្រជាជន កម្ពុជា ជាពិសេសក្រុមដែលងាយទទួលរងផលប៉ះពាល់បំផុត អង្គហេតុដែលថាឧក្រិដ្ឋកម្មទាំង នោះ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកពី គ្នា ប៉ុន្តែឧក្រិដ្ឋកម្មទាំងនោះ បានកើតឡើងនៅ ក្នុងរយះពេលយូរមួយ និងតួនាទីយ៉ាងសំខាន់ របស់ជនជាប់ចោទនោះ អង្គជំនុំជម្រះតុលាការ កំពូល បានសន្និដ្ឋានថា ការដាក់ទោសឱ្យជាប់ ពន្ធនាគារអស់មួយជីវិត ដល់ជនជាប់ចោទ នីមួយៗនោះ គឺជាការសមស្រប ដូច្នេះហើយ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចតម្កល់ ការដាក់ទោសរបស់អង្គជំនុំជម្រះសាលាដំបូង នេះ។

អង្គជំនុំជម្រះតុលាការកំពូល បានសម្រេច ថា បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា ដែល ស្នើសុំតែការបំភ្លឺទៅលើការអនុវត្តទម្រង់ទូលាយ បំផុត នៃសហឧក្រិដ្ឋកម្មរួម 9ជ្ញបែ នៅចំពោះ មុខអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នោះ មិនអាចទទួលយកបានទេ។ ទោះបីជា យ៉ាងណាក៏ដោយ បណ្តឹងសាទុក្ខរបស់ជនជាប់ ចោទបានប្តឹងមកអង្គជំនុំជម្រះតុលាការកំពូល អំពីបញ្ហានានា ពាក់ព័ន្ធនឹងសញ្ញាណនៃសហឧក្រិដ្ឋកម្មរួម រួមទាំងបញ្ហានានា ដែលបាន លើកឡើងនៅក្នុងបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា”៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES