Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធខឹងមិនស្តីរក ប្តីខឹងជិះម៉ូតូដួលស្លាប់ ប្រពន្ធយំសុំទោសប្តី

ប្រពន្ធខឹងមិនស្តីរក ប្តីខឹងជិះម៉ូតូដួលស្លាប់ ប្រពន្ធយំសុំទោសប្តី

ភ្នំពេញ ៖ បុរសម្នាក់ បានទៅជួបជុំមិត្តភក្តិផឹកស៊ីដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ លុះមកដល់ ប្រពន្ធក្រោកបើកទ្វារឱ្យ តែមិនស្តីរកសូម្បី ១ម៉ាត់ ព្រោះតែខឹងប្តីដើរផឹកស៊ីយប់ ជាហេតុធ្វើឱ្យបុរសជាប្តីអន់ចិត្តរឿងប្រពន្ធអត់ស្តីរក ក៏ទាញម៉ូតូជិះចេញពីផ្ទះ ស្រាប់តែអកុសល ដោយសារមានកំហឹងក្នុងចិត្ត ទើបជិះម៉ូតូក្នុងល្បឿនលឿន ធ្វើឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាលនឹងខឿនផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធតក់ស្លុតរន្ធត់ចិត្ត ទួញយំបោកខ្លួន សុំទោសចំពោះមុខសពប្តី។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចសាកលវិទ្យាល័យអន្តរជាតិ តាមបណ្តោយផ្លូវមណ្ឌលឱកាសខ្ញុំ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរសរងគ្រោះ មានឈ្មោះធី សុធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ម្តុំទួលពង្រ ស្ថិតក្នុងសង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦  ពាក់ស្លាកលេខ កំពង់ចាម 1N-8514 ធ្វើដំណើរតាមបណ្តោយ ផ្លូវឱកាសខ្ញុំ ទិសដៅពីកើត ទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានជិះឡើងស្ពានដែលមានសភាពទួលចោទខ្លាំង រួចក៏ធ្វើឱ្យហោះផ្លោង ដួលអូសប្រមាណ ៥០ម៉ែត្រ រងការខូចខាតបែកចង្កៀងខាងមុខ ចំណែកជនរងគ្រោះ បានហោះផ្លោងបោកទៅនឹងខឿនតាមចិញ្ចើមផ្លូវ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការអន្តរាគមន៍ និងធ្វើការទាក់ទងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះផងដែរ។

ប្រភពដដែល បន្តថា លុះមួយស្ទុះក្រោយមក ក៏មានស្ត្រីម្នាក់ ជាប្រពន្ធរបស់ជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងបានស្រែកទ្រហោយំសុំទោសបុរសរងគ្រោះជាប្តី យ៉ាងគួរឱ្យស្រោកសង្រេង។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅចូលរួមកម្មវិធីនៅ ផ្ទះមិត្តភក្តិរបស់គាត់ រហូតដល់វេលាយប់ជ្រៅ ទើបត្រឡប់មកដល់ផ្ទះវិញ។ ខណៈពេលដែលប្តីបានត្រឡប់មកដល់ផ្ទះវិញ នាងក៏បានបើកទ្វារឱ្យប្តី ដោយមិននិយាយស្តីរកប្តីនោះទេ ព្រោះខឹងនឹងប្តីដែលចូលផ្ទះយប់ជ្រៅខ្លាំងពេក។ បន្ទាប់មក ដោយសារតែប្តីរបស់នាងខឹងនាងដែលមិនព្រមនិយាយចូល ក៏បានទាញម៉ូតូជិះចេញពីផ្ទះនៅឯទួលពង្រ ក្នុងបំណងទៅផ្ទះបងប្អូននៅក្បែរកន្លែងកើតហេតុ ស្រាប់តែអកុសល បែរជាមកជួបគ្រោះថ្នាក់បាត់បង់ជីវិតកណ្តាលផ្លូវបែបនេះតែម្តង។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES