Thursday, November 28, 2024
Homeព័ត៌មានជាតិចាប់ចងដៃជើងស្រី ច្របាច់កសម្លាប់ រត់គេច៧ថ្ងៃ ជាប់ខ្នោះ

ចាប់ចងដៃជើងស្រី ច្របាច់កសម្លាប់ រត់គេច៧ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ដោយស្ថិតក្នុងសភាពជាប់ចំណងដៃជើង លុះសមត្ថកិច្ចជំនាញចុះពិនិត្យ ទើបដឹងថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម ដោយត្រូវបានឃាតករយកខ្សែចងដៃ ចងជើងជាប់ ហើយច្របាច់ក រហូតដល់ស្លាប់។ លុះក្រោយពីសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវអស់រយៈពេល ៧ថ្ងៃរួចមក ទីបំផុត ក៏ឈានដល់ការចាបឃាត់ខ្លួនជនសង្ស័យជាឃាតករ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ជាន់ទី១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រហូតមកដល់យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចសណ្ឋាគារ ម៉ាន់ ស៊ីគ័ង ស្ថិតនៅក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EG 9171185។ ចំណែកវត្ថុតាងដែលត្រូវបានដកហូត រួមមាន អាវុធខ្លី ១ដើម ម៉ាក BERETTA (ប្រើហ្គាស់) ប្រាក់ដុល្លារសែន១ដុំ និងទូរស័ព្ទ ១គ្រឿង។ ដោយឡែក ស្ត្រីរងគ្រោះ មានឈ្មោះ LOU ZHIJIN អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 88842731។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្ម សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដោយជោគជ័យ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដោយជនដៃដល់ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបាន នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពសម្លាប់ស្ត្រីរងគ្រោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានបទបញ្ជា កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ទើបកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចសណ្ឋាគារ ម៉ាន់ ស៊ីគ័ង ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួល មួយកន្លែង ជាន់ទី១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ លុះកម្លាំងជំនាញចុះទៅដល់ ក៏ពិនិត្យឃើញថា សាកសពស្ត្រីរងគ្រោះ ស្លាប់ក្នុងសភាពដៃជើងជាប់ចំណង និងត្រូវឃាតករច្របាច់ករហូតដល់ស្លាប់។

ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES