ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ សុទ្ធសឹងជាអ្នកចូលចិត្តផឹកស្រាស្រវឹងអួទីនួដូចគ្នា លុះក្រោយពីផឹកស្រាវឹងជោក ក៏កើតមានជម្លើតឹងសរសៃកដាក់គ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ដោយបុរសជាប្តី បានដាល់ប្រពន្ធចំនួន ២ដៃ ចំឆ្អឹងជំនីរ បណ្តាលឱ្យចុកឆ្អល់មិនបាត់ លុះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនបានប៉ុន្មានផង ស្រាប់តែស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបសមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរ។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីដាល់ប្រពន្ធបណ្តាលឱ្យស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីដាល់ស្លាប់នោះ មានឈ្មោះមាន ហួយ អាយុ៦០ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសារ៉ូ វុធ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារមួយនេះ បច្ចុប្បន្នមានលំនៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកប្តី ប្រពន្ធទាំងពីរខាងលើ គឺជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំដូចគ្នា និងឧស្សាហ៍កើតមានជម្លោះហិង្សាដាក់គ្នាជាញឹកញាប់ គ្រាន់តែមិនធ្លាប់មានបញ្ហាអ្វីធ្ងន់ធ្ងរដូចពេលនេះឡើយ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ទាំងជនសង្ស័យជាប្តី និងស្ត្រីរងគ្រោះជាប្រពន្ធ សុទ្ធតែបានផឹកស្រាស្រវឹងធ្លាក់ភ្នែកដូចគ្នា រួចហើយក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែក្រោយមក បុរសជាប្តីឆេះឆួលកំហឹងខ្លាំងទប់មិនជាប់ ក៏ស្ទុះទៅដាល់ប្រពន្ធរបស់ខ្លួនចំនួន ២ដៃ ចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលឱ្យស្ត្រីជាប្រពន្ធ ចុកឆ្អល់មិនបាត់ ទើបសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ តែអកុសល ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ សហការពិនិត្យនិងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យយកទៅចាត់ការតាមច្បាប់។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕