ខេត្តកំពង់ឆ្នាំង ៖ លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកា និងសម្ភារៈសិក្សាមួយចំនួន ទៅប្រគល់ជូនសិស្សដែលបានប្រឡងជាប់ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២០-២០២១ ក្នុងឃុំរលាប្អៀរ។
ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ផាក់ថា សិស្សានុសិស្សដែលជាបេក្ខជនជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបានថវិកា និងសម្ភារៈ សិក្សា ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សរុបមានចំនួន៥១នាក់។
លោកគឹម វាសនា បានបញ្ផាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខ្ញុំបាទនិងក្រុមការងារបានជួបសំណេះសំណាល នាំយកថវិកានិងសម្ភារ៉សិក្សារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករលាប្អៀរនិងស្រុកសាមគ្គីមានជ័យ ជូន ដល់សិស្សប្រលងជាប់ថ្នាក់ទី១២ ឆ្នាំសិក្សា២០២០-២០២១ ចំនួន៥១នាក់ ក្នុងឃុំរលាប្អៀរ ពិធីនេះធ្វើនៅស្នាក់ការបក្សឃុំរលាប្អៀរ ខេត្តកំពង់ ឆ្នាំង…”។/