Thursday, November 28, 2024
Homeព័ត៌មានជាតិដេញវ៉ៃមនុស្សអត់បាន បើកឡានដេញបុក

ដេញវ៉ៃមនុស្សអត់បាន បើកឡានដេញបុក

ខេត្តកំពង់ចាម ៖ បុរស២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតដល់ក្លាយជាអំពើហិង្សា ដោយភាគីម្ខាងបានទាញដំបង និងដុំថ្ម ដេញវាយនិងគប់ទៅលើគូទំនាស់ តែគប់មិនត្រូវ ទើបធ្វើឱ្យមួម៉ៅក្តៅចិត្តកាន់តែខ្លាំង ក៏ឡើងបើករថយន្តដេញបំបុកវិញម្តង តែសំណាងល្អគូទំនាស់រត់គេចទាន់ ទើបមិនបង្កឱ្យមានគ្រោះថ្នាក់ តែក្រោយមក ជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កហេតុ នាំយកមកសាកសួរ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិរលួស ឃុំអូរស្វាយ ស្រុកកំពង់សៀម។

ជនរងគ្រោះមានឈ្មោះឆាន សុផៃ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ាន ឌឿន ហៅតួយ ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីឈ្មោះឆាន សុផៃ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះតួយ ថាបានធ្វើសកម្មភាពយកដំបងឈើចំនួន ១ដើម និងដុំថ្មប្រហែល ៣ដុំ មកគប់និងវាយមកលើរូបខ្លួនជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសទេ។

ពាក្យបណ្តឹងដដែលបន្តថា ក្រោយពីដេញវាយរូបខ្លួនដែលជាជនរងគ្រោះមិនបានសម្រេចរួចមក ស្រាប់តែជនសង្ស័យបានបើករថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៌ខ្មៅ មិនចាំស្លាកលេខ ដេញបុករូបខ្លួនថែមទៀត តែមិនបណ្តាលឱ្យរងរបួសទេ ដោយករណីនេះកើតឡើងនៅចំណុចភូមិរលួស ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ក្រោយពីទទួលបណ្តឹងរួច ដោយយោងបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញ ចុះធ្វើការលើពាក្យបណ្តឹងខាងលើ។ លុះដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងចុះដល់ចំណុចហាងបាយយីហោសួរគារ ស្ថិតក្នុងភូមិខ្វាវ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ាន ឌឿន ហៅតួយ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម យកមកសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES