Thursday, November 28, 2024
Homeព័ត៌មានជាតិម្ចាស់មិននៅ ភ្លើងឆេះផ្ទះហ្មត់

ម្ចាស់មិននៅ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះមិននៅ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងផ្ទះទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិ១១ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម៉ត្រ គុណនឹង ៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង)។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះសោម ពិសី ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិស្វាយជួរ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីអគ្គិភ័យកំពុងតែឆាបឆេះដែលស្ថិតនៅចំណុចភូមិ១១ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ។

ក្រោយពីទទួលពត៌មានលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង ចុះទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។

ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល  ដោយមិនបណ្តាលឱ្យរបួសដល់ មនុស្សឡើយ ហើយក៏មិនបង្កឱ្យឆេះរាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងដែរ។

ចំពោះការខូចខាតនៅក្នុងហេតុការណ៍នេះ រួមមាន ខូចខាតផ្ទះ ១ខ្នងទាំងស្រុង ទូទឹកកកចំនួន ១គ្រឿង ម៉ូតូសេ១០០កូរ៉េ ចំនួន១គ្រឿង អង្ករចំនួន ២០គីឡូក្រាម ប្រាក់ដុល្លារចំនួន២២០ដុល្លារ ប្រាក់រៀលចំនួន ២០ម៉ឺនរៀល ទូរស័ព្ទដៃ ចំនួន៣គ្រឿង រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចជំនាញ មូលហេតុដែលបង្កឱ្យមានករណីអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះមិននៅ៕

RELATED ARTICLES