Thursday, November 28, 2024
Homeព័ត៌មានជាតិលោកស្រី ឱ វណ្ណឌីន អំពាវនាវពលរដ្ឋប្រយ័ត្នជំងឺ ផ្ដាសាយបក្សីប្រភេទថ្មី

លោកស្រី ឱ វណ្ណឌីន អំពាវនាវពលរដ្ឋប្រយ័ត្នជំងឺ ផ្ដាសាយបក្សីប្រភេទថ្មី

ខេត្តស្ទឹងត្រែង ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សី ប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណី លើកុមារនៅស្រុកជីក្រែង ខេត្តសៀមរាប។

លោកស្រី ​ឱ វណ្ណឌីន បានអំពាវនាវបែបនេះ ពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២២។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី ប្រភេទនេះកម្រ នឹងឆ្លងណាស់ ប៉ុន្ដែបើទោះបីកម្រពិតមែនក្ដី ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកស្រី បានបន្ដទៀតថា ជំងឺផ្ដាសាយបក្សីនេះ គឺមានអាការមិនខុសពីជំងឺកូវីដ-១៩ នោះទេ មានន័យថា អាការនៅពេលឆ្លង ដូចគ្នាស្ទើរទាំងអស់ជាមួយជំងឹកូវីដ-១៩។

ដើម្បីទប់ស្កាត់និងបង្ការនូវការឆ្លងជំងឺផ្ដាសាយបក្សីនេះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ចៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ ហើយកុំចូលទៅកសិដ្ឋានចិញ្ចឹមសត្វបក្សី ជាដើម។ ដោយឡែក សម្រាប់អាជីវករលក់ដូរ ឬចិញ្ចឹមសត្វបក្សី ត្រូវតែប្រើប្រាស់មធ្យោបាយការពារខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាសក៍ និងស្រោមដៃ នៅពេលប៉ះពាល់ ហើយត្រូវតែលាងដៃជាមួយសាប៊ូ ក្រោយប៉ះពាល់សត្វបក្សី។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា នៅពេលបរិភោគចំណីអាហារផ្សេងៗ ត្រូវតែចម្អិនឲ្យបានឆ្អិនល្អ ចៀសវាងទទួលទានសាច់ដែលមិនឆ្អិនល្អ និងសម្អាតមិនបានត្រឹមត្រូវ។ ដោយឡែក បន្លែ និងផ្លែឈើ ត្រូវលាងសម្អាត ហើយដាក់ដោយនៅដាច់ពីគ្នាជាមួយសាច់ដែលមិនឆ្អិន។ មួយវិញទៀត កាំបិត ជ្រញ់ ត្រូវសម្អាតឲ្យបានស្អាត ចៀសវាងគ្រាន់តែជូតហើយមិនបានលាងសម្អាតជាមួយទឹកសាប៊ូ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា មានក្មេងស្រីអាយុ ១ឆ្នាំម្នាក់ បានឆ្លងជំងឺផ្តាសាយបក្សី Influenze A/H9 នេះ ដោយមានរោគសញ្ញា គ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម បានទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមីនា បញ្ជាក់ថា វិជ្ជមាន Influenze A/H9 ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងភូមិកើតជំងឺខាងលើ មានមាន់ងាប់ចាប់តាំងពីខែកុម្ភៈ មកម្ល៉េះ។ ភ្លាមៗ ក្រោយមានករណីនេះ ក្រសួង បានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការជាមួយមន្រ្តីក្រុមឆ្លើយតបបន្ទាន់ខេត្ត ចុះអង្កេតស្រាវជ្រាវ បង្ការនិងទប់ស្កាត់ការរាតត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថា កុមារដែលឆ្លងជំងឺផ្ដាសាយបក្សីខាងលើនេះ បានជាសះស្បើយពីជំងឺហើយ និងពុំមានអ្នកឆ្លងទៀតទេ។ លោកបន្ថែមថា អ្នកជំងឺមានលំនៅក្នុងភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប៕

RELATED ARTICLES