Thursday, November 28, 2024
Homeព័ត៌មានជាតិព្រះរាជអាជ្ញារង មុត ដារ៉ា ប្រពន្ធប្តឹងវ៉ៃដំ ភ្ជង់កាំភ្លើងគំរាមសម្លាប់

ព្រះរាជអាជ្ញារង មុត ដារ៉ា ប្រពន្ធប្តឹងវ៉ៃដំ ភ្ជង់កាំភ្លើងគំរាមសម្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលអះអាងថា ត្រូវជាភរិយាស្របច្បាប់របស់លោកមុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសុំអន្តរាគមន៍ពីសមត្ថកិច្ចទាំងយប់ ដោយអះអាងថា ប្តីអ្នកស្រី បានប្រើ អំពើហិង្សាមកលើអ្នកស្រីជាភរិយា និងអ្នកបម្រើ (មេដោះ) និងថែមទាំងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមបាញ់ សម្លាប់ទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ៨៩ តាមបណ្តោយផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមសម្តីរបស់ស្ត្រីឈ្មោះហេង មួយគា ដែលអះអាងថា ត្រូវជាភរិយាលោកមុត ដារ៉ា បានរៀបរាប់ប្រាប់អ្នកសារ ព័ត៌មានថា មុនពេលកើតហេតុ ប្តីរបស់គាត់បានចោទមកលើរូបគាត់ថា លួចលុយអស់ជាច្រើន តែគាត់បានប្រកែកថា គាត់មិនបានលួចទេ។ បន្ទាប់មកប្តីរបស់គាត់ក៏បានទាញដៃ និងវាយមកលើរូបគាត់ រួចដកកាំភ្លើងខ្លីភ្ជង់ត្រង់សៀតផ្កា ធ្វើឱ្យរូបគាត់ភ័យខ្លាចក៏ស្រែកឱ្យគេជួយ។ ក្រោយមក អ្នកបម្រើស្រីម្នាក់ (មេដោះ) បានរត់មកជួយឃាត់ ស្រាប់តែត្រូវប្តីរបស់គាត់ ដកកាំភ្លើងខ្លី ១ដើមទៀត ភ្ជង់ទៅលើអ្នកបម្រើ រួចយកអ្នកបម្រើទៅចាក់សោជាប់នៅក្នុង បន្ទប់ជាន់ខាងលើ។ ដោយឃើញសភាពដូចនេះ រូបគាត់ត្រូវជាប្រពន្ធភ័យពេក ក៏បានទាក់ទងទៅឪពុករបស់គាត់នៅ ឯខេត្តកំពង់ឆ្នាំង ឱ្យមកជួយរូបគាត់។ ក្រោយមក ឪពុក និងម្តាយរបស់គាត់បានបើករថយន្តចេញពីខេត្តកំពង់ឆ្នាំង មកដល់ភ្នំពេញ ក៏បានសុំឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ស្ត្រីជាប្រពន្ធ បញ្ជាក់ថា លោកមុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសា រហូតគាត់ទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្ត្រីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួន ដែលមានតួនាទីជាព្រះរាជអាជ្ញារងរូបនេះផង។

បន្ទាប់ពីឪពុកម្តាយរបស់ស្ត្រីរងគ្រោះ មកដល់ ក៏បាននាំកូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីដាក់ពាក្យបណ្តឹង ប្តឹងបុរសជាប្តី ឈ្មោះមុត ដារ៉ា ដែលមានតួនាទីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឱ្យសមត្ថកិច្ច ជួយចាត់ការទៅតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ករណីនេះ លោកឃើញខាងសារព័ត៌មានខ្លះបានផ្សាយថា ជាបទល្មើសជាក់ស្តែង ប៉ុន្តែការឡាយនោះ ដូចជាមិនឃើញលោកមុត ដារ៉ា នៅទីនោះទេ។ ដូច្នេះអាចនិយាយ បានថា ទទួលបានតែព័ត៌មានម្ខាង គឺភាគីខាងប្រពន្ធ។ លោកបន្តថា បើបទល្មើសជាក់ស្តែងសមត្ថកិច្ចគាត់មានសិទ្ធិឃាត់ខ្លួន តែត្រង់នេះ តើនរណាខ្លះបានដឹងនិងឃើញថា លោកមុត ដារ៉ា ប្រើហិង្សាលើប្រពន្ធ និងអ្នកបម្រើ ព្រោះការឡាយ ទទួលបានតែការបកស្រាយពីភាគីខាង ប្រពន្ធប៉ុណ្ណោះ។

លោកជិន ម៉ាលីន បានលើកឡើងថា “ខ្ញុំសូមនិយាយត្រឹមគោលការណ៍ច្បាប់ចុះ បើសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវរកមិនទាន់ឃើញថា ជាបទល្មើសជាក់ស្តែងទេ គឺស្ថិតនៅក្នុងការអង្កេតនៅឡើយទេ ប៉ុន្តែរឿងនេះមន្ត្រីនគរបាលយុត្តិធម៌កំពុងធ្វើការហើយ…”។

ដោយឡែក លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ពេលនេះព្រះរាជអាជ្ញារង ទទួលបន្ទុកខណ្ឌទួលគោក និងសមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តនីតិវិធីចំពោះករណីព្រះរាជអាជ្ញារង មុត ដារ៉ា ក្រោយទទួលពាក្យបណ្តឹងពីភរិយារបស់គាត់។

គួរបញ្ជាក់ថា ភរិយាលោក មុត ដារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហោះរូបនារីម្នាក់ និងគណនីហ្វេសប៊ុក របស់នារីរូបនោះ នៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយនឹងសំណេរខ្លីមួយថា “នេះជាមូលហេតុចម្បងដែលធ្វើឱ្យគ្រួសារខ្ញុំមានអំពើរហិង្សាសាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើឱ្យក្រុមគ្រួសារខ្ញុំបែកបាក់ព្រាត់ប្រាស់គ្នា…”។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកមុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES