ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ប្រពន្ធរបស់ខ្លួនដែលជាកម្មការិនីរោងចក្រ បានសុំរូបគាត់ជាប្តីចេញ ទៅធ្វើការថែមម៉ោងថ្ងៃអាទិត្យ ដោយប្រាប់ថា រោងចក្រមានការងារបន្ទាន់ច្រើន លុះក្រោយមក ក៏ទទួលបានដំណឹងថា រោងចក្ររបស់ប្រពន្ធមិនបានថែមម៉ោងថ្ងៃអាទិត្យនោះទេ ទើបបុរសជាប្តី បានជិះម៉ូតូកង់បី តាមរកប្រពន្ធ បែរជាប្រទះឃើញម៉ូតូប្រពន្ធចតនៅផ្ទះសំណាក់មួយកន្លែង ទើបបុរសជាប្តី រត់ទៅប្តឹងសមត្ថកិច្ច ឱ្យចុះជួយអន្តរាគមន៍នាំប្រពន្ធមកប៉ុស្តិ៍ ដើម្បីសាកសួរឱ្យដឹងស-ខ្មៅ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ សម្បត្តិមាស មានទីតាំងស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបុរសជាប្តី ដែលសុំមិនបញ្ចោញឈ្មោះ បានប្រាប់ថា គាត់មានអាយុ៥១ឆ្នាំ ប្រកបរបររត់ម៉ូតូកង់បី មានប្រពន្ធធ្វើការរោងចក្រ ប្តីប្រពន្ធពួកគាត់ បានរៀបការនឹងគ្នាជិត ២០ឆ្នាំហើយ និងមានកូនប្រុស២នាក់ធំៗទន្ទឹងមស្មាអស់ទៅហើយ។ កន្លងមក ប្តីប្រពន្ធគាត់ រស់នៅហាក់ មានភាពរកាំរកូសច្រើនណាស់ មិនចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយប្រពន្ធចេះតែទាមទារលែងលះ តែគាត់មិនព្រមលែង ស្រាប់តែថ្មីៗកន្លងមក នេះប្រពន្ធរបស់គាត់បានបែកគំនិតទាក់ទងតាមឆាតជាមួយប្រុសក្មេង និយាយឆ្លើយឆ្លងគ្នាសុទ្ធតែបងអូនឱ្យផ្អែមរលួយ និងត្រូវបានរូបគាត់ជាប្តី តាមទាន់ ណែនាំប្រពន្ធជាច្រើនលើកច្រើនសាមកហើយ។
បុរសជាប្តី បានបន្តថា លុះមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ប្រពន្ធគាត់បានប្រាប់ថា ទៅធ្វើការរោងចក្រថែមម៉ោង រួចក៏ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ចេញពីផ្ទះបាត់ទៅ។ លុះក្រោយមក គាត់បានទទួលដំណឹងពីអ្នកធ្វើការរោងចក្រជាមួយប្រពន្ធរបស់គាត់ថា រោងចក្រមិនមានធ្វើការថែមម៉ោងថ្ងៃអាទិត្យអីទេ ទើបគាត់មានការសង្ស័យ ក៏បានបើកម៉ូតូកង់បី តាមរកប្រពន្ធគ្រប់ច្រកល្ហក ស្រាប់តែមកឃើញម៉ូតូ ព្រមទាំងអាវធំប្រពន្ធ ដាក់លើម៉ូតូ នៅមុខផ្ទះសំណាក់ ១កន្លែង។ ពេលនោះក្នុងចិត្តរបស់គាត់ក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់មកបានទុកម៉ូតូកង់បីនៅផ្ទះសំណាក់ខាងលើ រួចទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដែលនៅក្បែរនោះ ដើម្បីឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។ លុះគាត់ត្រឡប់មកពីប៉ុស្តិ៍នគរបាល មកដល់ផ្ទះសំណាក់វិញ ក៏ឃើញប្រពន្ធរបស់គាត់ចុះមកពីលើផ្ទះសំណាក់តែម្នាក់ឯង មិនមានអ្នកផ្សេងមកជាមួយទេ តែគាត់បានព្យាយាមឃាត់ប្រពន្ធ រហូតមានការប្រវាយប្រតប់គ្នានៅមុខផ្ទះសំណាក់ ដោយសារឱ្យរង់ចាំសមត្ថកិច្ចមកនាំទៅសាកសួរ ។
ក្រោយពីត្រូវសមត្ថកិច្ចសាកសួរ ស្ត្រីជាប្រពន្ធបានឆ្លើយថា យប់មិញគាត់មានជម្លោះជាមួយប្តី ហើយគាត់ខ្ជិលឈ្លោះ ទើបគាត់មកដេកនៅផ្ទះសំណាក់តែម្នាក់ឯង បើមិនជឿ ទៅឆែកមើលបន្ទប់គាត់សម្រាកទៅ គឺនៅបន្ទប់លេខ២ លុះពេលសមត្ថកិច្ចទៅឆែកមើលបន្ទប់លេខ២ គឺមិន ឃើញមានមនុស្សទេ ប៉ុន្តែតាមពិតស្ត្រីខាងលើ មិនបានសម្រាកនៅបន្ទប់លេខ២ទេ គឺសម្រាកនៅបន្ទប់លេខ១៦។
ដោយឡែកតាមសម្តីស្ត្រីជាប្រពន្ធ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា គាត់មានអាយុ៤៧ឆ្នាំហើយ ប្រកបរកម្មករជាកម្មការិនីរោងចក្រ នៅម្តុំផ្លូវវេងស្រេង។ តាមពិត គាត់គ្មានប្រុសឈ្មោលអីទេ គឺគាត់មកដេកផ្ទះសំណាក់តែម្នាក់ឯងទេ ដោយសារតែខឹងឈ្លោះប្រកែកជាមួយប្តី មិនចង់នៅផ្ទះ ទើបរូបគាត់មកដេកផ្ទះសំណាក់តែម្តង ។ កន្លងមក គ្រួសារគាត់រស់នៅមិនចុះសម្រុងគ្នា ហើយគាត់បានសុំប្តីលែងលះ តែប្តីមិនព្រមលែង។
បន្ទាប់ពីសមត្ថកិច្ចសាកសួររួចហើយ ខាងភាគីបុរសជាប្តី នៅតែមានមន្ទិលសង្ស័យថាប្រពន្ធមកដេកផ្ទះសំណាក់ជាមួយប្រុសថ្មី។ ចំណែកភាគីស្ត្រីជាប្រពន្ធ នៅតែអះអាងថា មកដេកផ្ទះសំណាក់ តែម្នាក់ឯង ហើយទៅពិនិត្យជាក់ស្តែង ក៏មិនឃើញមានប្រុសស្នេហ៍ពិតមែន។
ក្រោយមក សមត្ថកិច្ចបានណែនាំប្តីប្រពន្ធទាំងពីរនាក់ ឱ្យទៅផ្ទះវិញ ដោះស្រាយគ្នាដោយសន្តិវិធី ហើយបើចង់លែងលះ ត្រូវទៅរកអាជ្ញាធរមូលដ្ឋានឱ្យបានត្រឹមត្រូវ៕