ភ្នំពេញ ៖ យុវជនម្នាក់ពុំដឹងថាមានវិបត្តិអ្វីធំធេងដោះស្រាយមិនចេញ ក៏បែកគំនិតជិះម៉ូតូ ១គ្រឿង សំដៅឡើងលើស្ពានជ្រោយចង្វា លុះទៅដល់ក៏ឈប់ម៉ូតូ រួចស្ទុះឡើងតោងបង្កាន់ដៃស្ពាន លោតចូលទឹកទាំងកំរោល តែសំណាងល្អត្រូវបានអ្នកនេសាទនៅក្បែរនោះឃើញ ជួយស្រង់មកលើគោកវិញ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា បានឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញយុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IN-1923 ជិះចេញពីផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើត មកលិច រួចបានជិះឡើង លើស្ពានជ្រោយចង្វា បន្ទាប់មកក៏ទុកទូរស័ព្ទ១គ្រឿង ស្បែកជើង១គូ និងម៉ូតូម៉ាកស្គុបពី ១គ្រឿងទៀត ចោលលើស្ពាន បន្ទាប់មកក៏ស្ទុះលោតចូលទឹកទន្លេទាំងកំរោលតែម្តង ដោយគ្មានអ្នកណាម្នាក់អាចជួយចាប់ឃាត់ទាន់នោះឡើយ។
ប្រភពដដែល បន្តថា យ៉ាងណាក្តី ចាត់ទុកជាសំណាងល្អ ព្រោះក្រោយពេលយុវជនរូបនោះ លោតចុះទឹកភ្លាមៗ ក៏ត្រូវបានអ្នកនេសាទនៅក្បែរនោះ ឃើញទាន់ ក៏ចេញទូកទៅជួយស្រង់យុវជនខាងលើ យកមកលើគោកវិញ ប្រគល់ឱ្យសមត្ថកិច្ច។
នៅពេលឡើងមកដល់លើគោក ទោះជាអ្នកសារព័ត៌មាន និងសមត្ថកិច្ច សួរនាំយ៉ាងណា ក៏យុវជនរូបនេះ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យរូបគេគិតខ្លីបែបនេះដែរ និងមើលទៅហាក់មានសភាពទន់ដៃជើង អស់កម្លាំង និងហាក់អស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ឱ្យមកទទួលយកយុវជនរូបនេះ ត្រឡប់ទៅផ្ទះវិញ៕