ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ក៏ត្រូវសមត្ថកិច្ចធ្វើការផាកពិន័យ លុះខ្ជិលទៅបង់ពិន័យដោយខ្លួនឯង ក៏ផ្ញើតាមម៉ូតូឌុប ទៅបង់ពិន័យ ស្រាប់តែយុវតីជាសង្សារបានដឹង មានការយល់ច្រឡំ ក៏បង្ហោះហ្វេសប៊ុក ចោទប្រកាន់ថាសមត្ថកិច្ចពិន័យលើសកំណត់ (ទារលុយលើស) ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីចរាចរណ៍ លុះចុងក្រោយ ភាគីយុវជនជាសង្សារ ក៏បានចេញមុខសុំទោសជំនួសសង្សាររបស់ខ្លួន។
យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះ មានគណនីហ្វេសប៊ុក ឈ្មោះ Kaca Lucky សរសេរបង្ហោះព័ត៌មានមិនពិត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ដោយចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌចម្ការមន ថាបានធ្វើការផាកពិន័យលើសកំណត់ (ទារលុយលើស)។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរាចរណ៍ ឃាត់ម៉ូតូល្មើសជិះបញ្ច្រាសទិស នៅចំណុចកោះពេជ្រ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌចម្ការមន បានដាក់គោលដៅចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចកោះពេជ្រ ហើយបានឃាត់ម៉ូតូ ១គ្រឿង ដែលជិះបញ្ច្រាសទិស ចូលគោលដៅសមត្ថកិច្ចកំពុងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសមត្ថកិច្ចបានពិន័យ១០០០០០រៀល ហើយលុយ ៥០០០រៀលទៀត គឺតម្លៃសេវាម៉ូតូឌុបដែលពួកគាត់ជិះទៅផាកពិន័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។
បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុក ខាងលើសរសេរបង្ហោះពាក្យសម្តីមិនសមរម្យក្នុងគោលបំណងអាក្រក់ បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តន៍ច្បាប់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការកោះហៅម្ចាស់ម៉ូតូល្មើស ដើម្បីឱ្យចូលខ្លួនមកបកស្រាយបំភ្លឺ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន មិនឱ្យមានករណីនេះកើតឡើងលើកក្រោយ។
ដោយឡែក យោងតាមកិច្ចសន្យារបស់សាមីខ្លួនម្ចាស់ម៉ូតូដែលទទួលរងការផាកពិន័យ បានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះលី វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ខ្ញុំជាអ្នកបើកម៉ូតូម៉ាក PCX ស្លាកលេខ ភ្នំពេញ 1HQ-4568 បញ្ច្រាសទិស នៅលើកោះពេជ្រ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧និង៤០នាទីយប់ ខ្ញុំបាទសូមទទួលកំហុសជំនួសសង្សារខ្ញុំ ដែលគាត់បានយល់ច្រឡំថា ប៉ូលិសផាកពិន័យ ១០ម៉ឺនរៀល ហើយទារថែម ៥០០០រៀល បន្ថែមទៀត តែការពិត ៥០០០រៀលនោះ ខ្ញុំបានផ្ញើម៉ូតូឌុប ឱ្យគាត់បង់ជំនួស តែសង្សារខ្ញុំគាត់យល់ច្រឡំថា ប៉ូលិសទារថែម លើការសរសេរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលទាំងអស់។
ខ្ញុំសូមធ្វើការសុំទោសជាសាធារណៈចំពោះប៉ូលិសខណ្ឌចម្ការមនទាំងអស់ និងបងប្អូនសាធារណជនទាំងអស់ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដែលយើងខ្ញុំទាំង២នាក់ មានការយល់ច្រឡំ និងខឹងទៅលើសមត្ថកិច្ចប៉ូលិស ហើយបានបង្ហោះព័ត៌មានមិនពិត នៅលើបណ្តាញសង្គម ដែលមានអាខោន Kaca Lucky។
បើថ្ងៃក្រោយខ្ញុំបាទមានកំហុសដូចនេះទៀត ខ្ញុំបាទសូមទទួលទោសជាធរមាន…»៕