Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធញៀនល្បែង ប្តីហាមមិនស្តាប់ វ៉ៃសន្លប់ស្តូក

ប្រពន្ធញៀនល្បែង ប្តីហាមមិនស្តាប់ វ៉ៃសន្លប់ស្តូក

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ហេតុតែមួម៉ៅក្តៅចិត្ត រឿងប្រពន្ធញៀនល្បែងស៊ីសងបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិក្នុងផ្ទះខ្ទេចអស់គ្មានសល់ ទោះជាខំលួងលោមផង ព្រមានផង បំណងអូសទាញឱ្យប្រពន្ធផ្តាច់ខ្លួន ចេញពីល្បែងស៊ីសង តែប្រពន្ធមិនព្រមស្តាប់ ទើបបុរសជាប្តីទប់កំហឹង លែងជាប់ ស្ទុះទៅវាយដំប្រពន្ធ រហូតដល់សន្លប់បាត់មាត់ឈឹង។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីខឹងប្រពន្ធញៀនល្បែង ហាមមិនស្តាប់ វាយសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។

ជនបង្កហេតុជាប្តីដែលវាយប្រពន្ធសន្លប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំ ចាន់ធី អាយុ៣៣ឆ្នាំ មុខុរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអ៊ុំ គន្ធា អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមគ្រួសារខាងលើ រស់នៅកន្លងមក ហាក់មិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ឧស្សាហ៍ឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ ដោយសារតែស្ត្រីជាប្រពន្ធគឺជាមនុស្សចូលចិត្តលេងល្បែងស៊ីសង (ញៀនល្បែង) ហើយកន្លងមក បុរសជាប្តីធ្លាប់បាន អប់រំណែនាំផង លួងលោមផង ព្រមានផង ព្យាយាមអូសទាញឱ្យប្រពន្ធដកខ្លួនចេញពីល្បែងស៊ីសង តែមិនបានទទួលលទ្ធផលទាល់តែសោះ ពោលគឺឱ្យតែភ្លេចខ្លួនប្រពន្ធចេញទៅលេងល្បែងបាត់ និងចេះតែបំផ្លាញអស់លុយកាក់ទ្រព្យសម្បត្តិក្នុងផ្ទះ រហូតធ្វើឱ្យបុរសជាប្តីទ្រាំមិនបាន ក៏ផ្ទុះជាអំពើហិង្សាឡើងតែម្តង។

ប្រភពពដដែល បន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធទើបនឹងត្រឡប់មកពីលេងល្បែងវិញ ទើបបុរសជាប្តីបានស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែប្រពន្ធតមាត់ ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រំពេចនោះ ជនបង្កហេតុជាប្តី ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅវាយប្រពន្ធយ៉ាងចាស់ដៃ ដោយប្រើកណ្តាប់ដៃ រហូតដល់ស្ត្រីជា ប្រពន្ធសន្លប់ស្តូក និងត្រូវបានសាច់ញាតិ អ្នកជិតខាង ជួយដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីព្យាបាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនបុរសជាប្តី នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធបណ្តាលឱ្យសន្លប់ពិតមែន មូលហេតុដោយសារតែខឹងប្រពន្ធពេក ដោយសារហាមច្រើនលើក ច្រើនសា មិនឱ្យប្រពន្ធទៅលេងល្បែង (លេងបៀ) តែប្រពន្ធមិនស្តាប់ទេ។ ដូច្នេះហើយ ទើបគាត់ខឹងពេក ទប់កំហឹងមិនជាប់ ក៏ប្រើកណ្តាប់ដៃផង រន្ទះជើងផង រហូតដល់ប្រពន្ធសន្លប់ស្តូកតែម្តង។

ជនសង្ស័យជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES