Thursday, November 28, 2024
Homeព័ត៌មានជាតិបុរសពិការដៃ គេលបវ៉ៃរយះក្បាល

បុរសពិការដៃ គេលបវ៉ៃរយះក្បាល

ខេត្តកោះកុង ៖ បុរសពិការម្នាក់ បានរងរបួសក្បាលយ៉ាងដំណំ មានឈាមហូរស្រោចពេញខ្លួន លុះប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ លុះពេលសមត្ថកិច្ចសួរនាំរកហេតុផល និងសួររកមុខអ្នកវាយ បែរជាបុរសខាងលើឆ្លើយទាំងសភាពវង្វេង បាត់ការចងចាំថា មិនដឹងថា ក្បាលគាត់ហូរឈាមដោយសារអ្វី ឬអ្នកណាវាយនោះទេ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចអូរចំរូង ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

បុរសរងគ្រោះខាងលើ មានឈ្នោះចាន់ ថង អាយុ២៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រំ ស្រុកថ្មបាំង។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋឈ្មោះណែម ម៉ូវ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រំ ថាបានប្រទះឃើញបុរសម្នាក់ឈ្នោះចាន់ ថង រងរបួសបែកក្បាលហូរឈាមជោកខ្លួន នៅចំណុចអូរចំរូង ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រំ ស្រុកថ្មបាំង។

ប្រភពដដែល បន្តថា ក្រោយពីបានទទួលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រំ បានចុះទៅដល់ចំណុចខាងលើ ក៏ប្រទះឃើញជនរងគ្រោះពិតជាកំពុងរងរបួសក្បាលយ៉ាងដំណំមែន ដោយមានឈាមហូរស្រោចពេញខ្លួន។ ភ្លាមនោះ សមត្ថកិច្ចក៏ប្រញាប់ដឹក បញ្ជូនជនរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពឫស្សីជ្រំ ដើម្បីសង្គ្រោះជាមុនសិន។

ក្រោយពីបញ្ជូនជនរងគ្រោះដល់មណ្ឌលសុខភាព សមត្ថកិច្ចបានព្យាយាមសាកសួរជនរងគ្រោះ អំពីមូលហេតុ និងជនបង្កហេតុ តែបែរជា ជនរងគ្រោះហាក់មានសភាពវង្វេងវង្វាន់ បាត់ការចងចាំ ដោយឆ្លើយប្រាប់ថា គាត់ពុំដឹងថាក្បាលហូរឈាមដោយសារអ្នកណាអ្នកបង្កនោះទេ។

ករណីនេះកម្លាំងនគរបាលរដ្ឋបាលឫស្សីជ្រំ កំពុងស្រាវជ្រាវរកជនបង្កហេតុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES