ខេត្តឧត្តរមានជ័យ ៖ បើយោងទៅតាមការឡើងរបស់លោកស្ថាបនិកវ៉ាន កាម៉ុលជាអ្នករៀបចំប្រព័ន្ធទូទាត់វិក្តយបត្រ តាមបច្ចេកវិទ្យាពត៌មានរបស់ក្រុមហ៊ុន(វិភូភពពុធយូធីលីធី ឯ.ក)បានបញ្ជាក់ប្រាប់អ្នកយកពត៌មានឲ្យដឹងរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ការទូទាត់វិក្កយបត្រនៅនឹងបញ្ជរទូទាត់ប្រាក់ ការទិញទំនិញដោយសាច់ប្រាក់ ជាបញ្ហាប្រឈមក្នុងបរិបទវិបត្តិសង្គម កូវីត-១៩ ក៏ដូចជាក្នុងពេលរស់នៅជាមួយកូវីត-១៩ តាមបែបគន្លងថ្មី។
ឆ្លើយតបទៅនឹងការប្រឈមខាងលើនេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ លោក វ៉ាន កាម៉ុល ស្ថាបនិករបស់ក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក បានផ្តល់ភាពងាយស្រួលដល់អតិថិជនទូទៅក្នុងការបង់ប្រាក់ថ្លៃសំរាមប្រចាំខែ តាមរយៈធនាគារអេស៊ីលីដា ធនាគារអេអ៊ឹមខេ ធនាគារកាណាឌីយ៉ា ធនាគារស្ថាបនា អ៊ីម៉ាន់នី លីហួរ និងវ៉ីង បន្ទាប់ពីទទួលសារជាអក្សរ (SMS) លើទូរស័ព្ទដៃរបស់ខ្លួន បានយ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវាទូទាត់ទៀតផង។
គួរបញ្ជាក់ដែរថា ការទូទាត់ថ្លៃសំរាមតាមរយៈធនាគារទាំងចំនួន៧ខាងលើ អតិថិជនរបស់ក្រុមហ៊ុនដែលកំពុងរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រើប្រាស់បែបបទទូទាត់នេះអស់រយៈពេលមួយឆ្នាំកន្លងមកហើយ គឺតាំងពីខែមីនា ឆ្នាំ២០២១ម្លេះ រីឯការទទួលវិក្កយបត្រតាមរយៈ SMS លើទូរស័ព្ទដៃ ជំនួសឱ្យការទទួលសន្លឹកវិក្កយបត្រ គឺជាការវិវត្តថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យប្រើប្រាស់ចាប់ពីដើមខែមេសា ឆ្នាំ២០២២ នេះតទៅ។
ជាមួយគ្នានេះដែរលោកស្ថានិកក្រុមហ៊ុនដដែលបានជម្រាបបន្ថែមថា ផលិតផលថ្មីនេះ ក៏ជាសកម្មភាពមេត្រីភាពបរិស្ថាន ព្រោះវាជាការចូលរួមកាត់បន្ថយការប្រើប្រាស់ក្រដាស់ផ្សេង” ក្នុងការព្រីនសន្លឹកវិក្កយបត្រ ការមិនប្រើប្រាស់ទឹកថ្នាំព្រីនវិក្កយបត្រ និងមិនបន្សល់សន្លឹកវិក្កយបត្រនៅតាមផ្ទះអតិថិជនទៀតផង។
ដើម្បីប្រើប្រាស់ក្របខណ្ឌទូទាត់ថ្លៃសំរាមប្រចាំខែ ជូនក្រុមហ៊ុនបាន បងប្អូនអតិថិជន គ្រាន់តែបើកគណនីតម្កល់ប្រាក់នៅធនាគារ និងតំឡើងកម្មវិធីធនាគារក្នុងទូរស័ព្ទដៃរបស់ខ្លួនប៉ុណ្ណោះ។ ក្រោយពីទទួល SMS ពីក្រុមហ៊ុន នៅលើ ទូរស័ព្ទដៃ អតិថិជនគ្រាន់តែប្រើលេខសម្គាល់អតិថិជន (Customer ID) ដើម្បីបំពេញក្នុងពេលបង់ប្រាក់ ក្នុង App របស់ធនាគារដែលខ្លួនមាន ជាការស្រេច។
ជាងនេះទៅទៀត ក្រុមហ៊ុន នឹងបន្ថែមផលិតផលថ្មីមួយទៀត នៅដើមខែឧសភា ឆ្នាំ២០២២ខាងមុខ ដែលអតិថិជននឹងអាចទំនាក់ទំនងជាមួយក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ដោយផ្ទាល់តាមរយៈ App ឈ្មោះ Utility Cambodia ដើម្បីដាក់ពាក្យសុំប្រើប្រាស់សេវាសម្អាត ដឹកជញ្ជូនសំរាម ពីផ្ទះរបស់អតិថិជន ការរាយការណ៍ពីការកកស្ទះសំរាម ការសុំផ្អាករឺព្យួរការប្រើប្រាស់ និងការឈប់ប្រើប្រាស់ជាដើម។ល។
លោក វ៉ាន កាម៉ុលស្ថាបនិកក្រុមហ៊ុន ដែលមានអាជីវកម្មសម្អាតអនាម័យបរិស្ថាន សង្ឃឹមថាសមិទ្ធិកម្មខាងលើនេះ មិនត្រឹមតែជួយសម្រួលដល់ការទូទាត់វិក្កយបត្រសំរាមប្រចាំខែ និងផ្តល់មធ្យោបាយទំនាក់ទំនងគ្នាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន រវាងអតិថិជន ជាមួយក្រុមហ៊ុនប៉ុណ្ណោះទេ គឺថែមទាំងចូលរួមកាត់បន្ថយការរីករាលដាលកូវីត-១៩ និងបានចូលរួមដល់សកម្មភាពមេត្រីភាពបរិស្ថានពីទិដ្ឋភាពអាជីវកម្មរបស់ក្រុមហ៊ុនរបស់លោកទៀតផង។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន បានកាត់បន្ថយការប្រើប្រាស់ក្រដាស់ ចំនួន៤ដុំ កាត់បន្ថយការប្រើទឹកថ្នាំព្រីនធ័រចំនួន២ប្រអប់ ហើយនឹងមិនបន្សល់សន្លឹកវិក្កយបត្រនៅតាមលំនៅដ្ឋានអតិថិជនចំនួនជិតពីរពាន់ផ្ទះ ដែលចុងក្រោយគឺជាការរួមចំណែក មិនបំពុលដី បំពុលទឹក បើវិក្កយបត្រទាំងនោះបានក្លាយជាសំរាម នឹងមិនបំពុលខ្យល់ បើសន្លឹកវិក្កយបត្រនោះត្រូវបានយកទៅដុតចោលនោះ។ ម៉្យាងវិញទៀតផែនការខ្យល់ស្អាតកម្ពុជា មានចែងក្នុងសរាចរលេខ១ ស្តីពី “វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ” និងអនុក្រឹត្យ ស្តីពី “ការបំពុលខ្យល់ និងការរំខានដោយសម្លេង” របស់ក្រសួងបរិស្ថាន ក្រុមហ៊ុនបានផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងនេះដល់បងប្អូនអតិថិជនដែលកំពុងរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ជៀសវាងការដុតសំរាម ពិសេសប្លាស្ទិកដែលផ្តល់ផលប៉ះពាល់ដល់សុខភាពកូនចៅយើង និងអ្នកជិតខាង ហើយឈានទៅបំពុលខ្យល់ដកដង្ហើមរបស់ប្រជាេះលរដ្ធរស់នៅក្នុងបរិយាកាស ដែលជាបញ្ហារួមជាសកលលោក។
សូមជម្រាបថាសមិទ្ធិកម្ម និងផលិតផលខាងលើ ដែលសម្រេចបានថ្ងៃនេះ គឺពិតជាដោយសារ កិច្ចសហការ និងការជួយជ្រោមជ្រែងក្នុងអាជីវកម្មពីអង្គភាព ស្ថាប័នរដ្ឋ រួមមានមន្ទីរបរិស្ថាន រដ្ឋបាលក្រុងសំរោង និងរដ្ឋបាលខេត្តឧត្តរមានជ័យ អង្គការក្រៅរដ្ឋាភិបាលរួមមាន Tech for Green Cambodia (T4GC/I4DI) អង្គការពន្លឺកុមារ និងធនាគារចំនួន១១ (រួមទាំងធនាគារប្រៃសណីយ៍កម្ពុជា ធនាគាហត្ថា ធនាគារវឌ្ឍនៈ និងធនាគារអេប៊ីអេ) ដែលបាននឹងកំពុងចូលរួមក្នុងសកម្មភាពសម្អាតអនាម័យបរិស្ថានយ៉ាងសកម្ម ជូនរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេស កិច្ចសហការពីបងប្អូនអតិថិជនដែលកំពុងរស់នៅក្នុងភូមិសាស្រ្តក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ ដែលតែងតែខិតខំ ផ្តល់នូវការសហការរួមគ្នាដោះស្រាយនូវរាល់កិច្ចការសម្អាតអនាម័យបរិស្ថាន ដែលជាកង្វល់រួមរបស់យើងទាំងអស់គ្នា។ បញ្ជាក់ អតិថិជនអាចសួរព័ត៌មានបន្ថែម ពីលោកស្ថាបនិកក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ ០១១/០៦៦ ៦៦៦ ០១៦ និងអ៊ីម៉ែលtovankamol@gmail.com ។