ខេត្តឧត្តរមានជ័យ ៖ យុវជនឈាមរាវម្នាក់ តែងបង្ករឿងអុកឡុកក្រុមគ្រួសារជាប្រចាំ និងតែងវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ និងគំរាមសម្លាប់ឪពុកម្តាយចោលជាញឹកញាប់ រហូតដល់ឪពុកម្តាយទ្រាំលែងបាន ក៏សម្រេចចិត្តិបឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុសកំណាចរូបនេះ យកទៅ ចាត់ការតាមច្បាប់។
ករណីអំពីហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ិន ប្រាដេត ហៅអ៊ីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។
យោងតាមរបាយការណ៍របស់នគរបាលក្រុងសំរោង បានឱ្យដឹងថា ជនត្រូវចោទឈ្មោះអ៊ិន ប្រាដេត ហៅអ៊ីត ធ្លាប់បានប្រើអំពើហិង្សា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងបានគំរាមសម្លាប់មនុស្សក្នុងគ្រួសារជាញឹកញាប់ រហូតដល់ចុងក្រោយ ឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ យកមកសាកសួរ និងបានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចចេញដីកាឃុំខ្លួនយុវជនខាងលើ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមសម្លាប់៕